ស្វែងយល់៖ «បទល្មើស» ក្នុងក្រមព្រហ្មទណ្ឌកម្ពុជាឆ្នាំ២០០៩
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: April 06, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តើបទល្មើស នៅក្នុងក្រមព្រហ្មទណ្ឌកម្ពុជាឆ្នាំ២០០៩ មានអ្វីខ្លះ មានលក្ខណៈបែបណា និងមានទំងន់ទោសដូចម្ដេចខ្លះ? សូមចូលរួមស្វែងយក ពីបទល្មើសទាំងនេះ ជាមួយនឹងការបកស្រាយខាងក្រោមនេះ។
រូបថតនៃក្របសៀវភៅ «ក្រមព្រហ្មទណ្ឌ»នៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០០៩។
ច្បាប់ព្រហ្មទណ្ឌ - ក្រមព្រហ្មទណ្ឌកម្ពុជា ត្រូវបានអនុម័តដោយរដ្ឋសភាកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០០៩ និង បានដាក់ឲ្យអនុវត្ត នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១០ សម្រាប់រាជធានីភ្នំពេញ និងនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១០ សម្រាប់បណ្តាខេត្ត-ក្រុងនានា។ ហើយក្រមនេះ មានវិសាលភាពក្នុងការអនុវត្តរបស់ខ្លួន ពីរយ៉ាង៖ ទីមួយ វិសាលភាពតាមពេល មានន័យថា ក្រមព្រហ្មទណ្ឌអាចអនុវត្តបាន តែចំពោះបទល្មើសណា ក្រោយពីក្រមនេះចូលជាធរមានប៉ុណ្ណោះ (មាត្រា៣ នៃក្រមព្រហ្មទណ្ឌ)។ ទីពីរ វិសាលភាពតាមដែនដី មានន័យថា បទល្មើសទាំងឡាយណា ដែលប្រព្រឹត្តិនៅលើដែនដីនៃព្រះរាជាណាចក្រកម្ពុជា រួមបញ្ចូលទាំងលំហរអាកាស និងដែនសមុទ្រផងដែរ (មាត្រា១២ នៃក្រមព្រហ្មទណ្ឌ)។
ក្រមព្រហ្មទណ្ឌឆ្នាំ២០០៩នេះ បានផ្តល់នូវនិយមន័យពីបទល្មើសព្រហ្មទណ្ឌថា ជាអំពើទាំងឡាយណា ដែលបានធ្វើឲ្យខូចសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ឬអំពើប្រឆាំងនឹងមនុស្ស អំពើដែលប៉ះពាល់នៃបូរណភាពនៃបុគ្គល ប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ សេរីភាព ឬ សិទ្ធិរបស់មនុស្ស អំពើបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ លួច ឆក់ ប្លន់ជាដើម។
បទល្មើសជាបីប្រភេទ
ក្រមព្រហ្មទណ្ឌឆ្នាំ២០០៩ មាត្រា៤៣ បានបញ្ជាក់ថា ការអនុវត្តទោសមានពីរយ៉ាង គឺទោស«ដាក់ពន្ធនាគារ» និងទោស«ពិន័យជាប្រាក់»។ ទោះយ៉ាងណាក៏ដោយ ទោសទាំងពីរនេះ អាចអនុវត្តព្រមគ្នាចំពោះតែបទល្មើស«មជ្ឈឹម»ប៉ុណ្ណោះ។ បទល្មើសក្រៅពីនេះ អនុវត្តទោសតែមួយ ក្នុងចំណោមទោសទាំងពីរ ទៅតាម«បទល្មើស»ដែលបានប្រព្រឹត្តិ។ ឧទាហរណ៍ជាក់ស្តែង បទល្មើសមួយចំនួន ដូចជា«បទឧក្រិដ្ឋ» មានតែទោសដាក់ពន្ធនាគារប៉ុណ្ណោះ គ្មានទោសពិន័យជាប្រាក់ទេ។ តែបទល្មើសមួយចំនួនទៀតដែលជា «បទលហុ» មានតែទោសពិន័យជាប្រាក់ ឯទោសដាក់ពន្ធនាគារគ្មានទេ។ ចំពោះបទល្មើស«បទមជ្ឈិម»វិញ ត្រូវមានទាំងពីរ ទោសដាក់ពន្ធនាគារ និងទោសពិន័យជាប្រាក់។ ទាំងនេះ តាមន័យក្រមព្រហ្មទណ្ឌ ហៅថា«មូលទោស»។
បទឧក្រិដ្ឋ - ជាទោសដាក់ពន្ធនាគារមានរយៈពេលលើសពី៥ឆ្នាំ និងក្រោមឬស្មើនឹង៣០ឆ្នាំ និងទោសដាក់ពន្ធនាគារអស់មួយជីវិត ទោសពន្ធនាគារ អាចត្រូវវបន្ថែមជាទោសពិន័យជាប្រាក់ផងដែរ (មាត្រា៤៦ ក្រមព្រហ្មទណ្ឌ)។ ឧទាហរណ៍៖ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍, ឧក្រិដ្ឋកម្មសង្រ្គាម, ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ, បទឃាតកម្ម, បទរំលោភសេពសន្ថវៈ, បទលួចដោយមានអំពើហិង្សា (ឬប្លន់) ។ល។
បទមជ្ឈឹម - បទមជ្ឈឹម ជាទោសដាក់ពន្ធនាគារ ដែលកម្រិតអតិបរមានៃទោស មានរយៈពេលលើសពី៦ថ្ងៃ និងក្រោម ឬស្មើនឹង៥ឆ្នាំ (មាត្រា៤៧ នៃក្រមព្រហ្មទណ្ឌ)។ ឧទាហរណ៍៖ បទមនុស្សឃាតដោយអចេតនា, លួច, បង្ករបួសស្នាម (ហិង្សាដោយចេតនា), បទឆបោក, រំលោភលើសេចក្តីទុកចិត្ត ។ល។
បទលហុ - កម្រិតអតិបរមានៃទោសដាក់ពន្ធនាគារ មានរយៈពេលក្រោម ឬស្មើនឹង៦ថ្ងៃ។ ទោសដាក់ពន្ធនាគារ អាចត្រូវបន្ថែមជាទោសពិន័យជាប្រាក់ផងដែរ។ បទល្មើសនេះភាគច្រើន ត្រូវផ្តន្ទាទោសត្រឹមតែពិន័យ ជាប្រាក់ប៉ុណ្ណោះ (មាត្រា៤៨ នៃក្រមព្រហ្មទណ្ឌ)។ ឧទាហរណ៍៖ ការបើកបរដោយមិនគោរពច្បាប់ចរាចរណ៍, ការជេរប្រមាថមន្រ្តីរាជការសាធារណៈ, ការបរិហាកេរ្តិ៍ ឬជេរប្រមាថជាសាធារណៈ, ការបង្ហាញនូវភាពស្រវឹងនៅទីសាធារណៈ ។ល។
ក្នុងចំណោមបទល្មើសទាំងបីខាងលើ ដែលស្ថិតក្នុងមូលទោសនេះ យោងតាមមាត្រា៥៣ នៃក្រមព្រហ្មទណ្ឌដដែល ចៅក្រមអាចប្រកាសដាក់ទោសបន្ថែមបាន ពីលើ«មូលទោស (ទោសពន្ធនាគារនិងទោសពិន័យ)»។ ក្នុងករណីដាក់ទោសបន្ថែមនេះ ចៅក្រមអាចអនុវត្តទៅបាន លុះត្រាតែទោសនោះ ត្រូវបានចែងច្បាស់លាស់ក្នុងច្បាប់ ចំពោះបទល្មើស ដែលត្រូវ«ចោទប្រកាន់»។ តាមមាត្រ៥៣នេះ ទោសបន្ថែមអាចមានច្រើនប្រភេទដែលរួមមាន៖ ការដកសិទ្ធិពលរដ្ឋ, ការរឹបអូសឧបករណ៍ដែលប្រើប្រាស់ ឬរឹបអូសទ្រព្យសម្បត្តិដែលបានមកពីការប្រព្រឹត្តបទល្មើស, ការហាមឃាត់មិនឲ្យចាកចេញ ឬមិនឲ្យចូលមកក្នុងប្រទេសកម្ពុជា(បើជនល្មើសជាជនបរទេស), ការផ្សាយសេចក្តីសម្រេចទោសនៅតាមបណ្តាញសារព័ត៌មានជាដើម។
អ្វីជាដើមហេតុនៃរឿងព្រហ្មទណ្ឌ? ករណីវិវាទនីមួយៗក្នុងសង្គម ច្រើនកើតឡើងដោយសារទំនាស់។ ហេតុអ្វីបានជាមានទំនាស់? តើទំនាស់ប៉ះពាល់ដល់សិទ្ធិ និងច្បាប់យ៉ាងដូចម្តេច? ប្រសិនបើទំនាស់ទាក់ទងនឹងការរំលោភសិទ្ធិ«ស្របច្បាប់»បុគ្គល ឬទំនាស់កើតឡើងរវាងភាគីពីរមិនសុខចិត្តនឹងគ្នា ដែលរួមមានប្រជាពលរដ្ឋនិងប្រជាពលរដ្ឋ រវាងប្រជាពលរដ្ឋនិងអាជ្ញាធរ ឬរវាងអាជ្ញាធរនិងអាជ្ញាធរ រហូតបង្កឲ្យមានជារឿងព្រហ្មទណ្ឌ។ ដូច្នេះក្នុងរឿងព្រហ្មទណ្ឌ ត្រូវមានបណ្តឹងពីរ បណ្តឹងព្រហ្មទណ្ឌ និងបណ្តឹងរដ្ឋប្បវេណីក្តី។
តើត្រូវដោះស្រាយទំនាស់ ក្នុងរឿងព្រហ្មទណ្ឌទាំងនោះដោយវិធីណា? «ទំនាស់» ត្រូវបានដោះស្រាយតាមផ្លូវច្បាប់ ដែលមានស្ថាប័នតុលាការ ជាអ្នកអនុវត្តដោយតម្លាភាព អព្យាក្រិត្យ និងមិនលំអៀង។ ក្នុងស្ថាប័នតុលាការត្រូវមានមន្រ្តីតុលាការជាអ្នកធ្វើការស៊ើបសួរ និងអង្កេតរកភស្តុតាង។ មន្រ្តីតុលាការរួមមានចៅក្រម និងព្រះរាជអាជ្ញា ដែលជាអ្នកមានសិទ្ធិសម្រេចចោទប្រកាន់ ឬមិនចោទប្រកាន់ចំពោះមុខតុលាការ ដោយឈរលើការវិនិច្ឆ័យផ្អែកលើអង្គហេតុ និងអង្គច្បាប់ ប្រកបដោយឯករាជ្យ អព្យាក្រិត្យ និងសុច្ចរិតភាព។
ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នឹងលើកយកករណីទាក់ទិននឹងការចាប់ខ្លួន ក្នុងបទល្មើសជាក់ស្តែង និងមិនជាក់ស្តែងមកពន្យល់នាពេលក្រោយ ដោយសំអាងទាំងស្រុងតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០០៩នេះ៕
--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី០៥ មេសា ២០១៤