អ្នកវិភាគ៖ ថ្នាក់ដឹកនាំកំពូល នៃបក្សទាំងពីរ គួរជួបគ្នា
អ្នកវិភាគនយោបាយឯករាជ្យកម្ពុជា បានលើកឡើងថា ក្នុងកាលៈទេសៈ បច្ចុប្បន្ននេះ វាជាពេលវេលាចាំបាច់ហើយដែលត្រូវ ថ្នាក់ដឹកនាំកំពូលនៃគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ គម្បីជួបគ្នាដោយផ្ទាល់ ដើម្បីសម្រេចលើចំណុចគន្លឹះ នៃភាពជាប់គាំងផ្នែកនយោបាយ។
លោក សម រង្ស៊ី (ខាងឆ្វេង) និងលោក ហ៊ុន សែន ចាប់ដៃគ្នានៅមន្ទីរដ្ឋសភាជាតិ ថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)
នយោបាយកម្ពុជា - អ្នកស្រាវជ្រាវបញ្ហាសង្គម និងជាអ្នកវិភាគនយោបាយឯករាជ្យកម្ពុជា លោក កែម ឡី នៅថ្ងៃទី២៦ មីនា នេះបានពន្យល់ថា មុននឹងដោះស្រាយបញ្ហានយោបាយ គេត្រូវរកឲ្យឃើញដល់ឬសគល់ដែលនាំឲ្យមានវិបត្តិនយោបាយ នោះគឺបញ្ហាស្ថាប័នបោះឆ្នោត ដែលមិនមានភាពឯករាជ្យ និងមិនមានការជឿទុកចិត្តពីគណបក្សនយោបាយ ដូច្នេះចាំបាច់ត្រូវ ធ្វើកំណែទម្រង់ស្ថាប័នបោះឆ្នោតឲ្យមានភាពឯករាជ្យ។
អ្នកវិភាគឯករាជ្យរូបនេះ បន្តថា មេដឹកនាំកំពូលរបស់គណបក្សសង្រ្គោះជាតិ និងគណបក្សប្រជាជនកម្ពុជា គួរជួបគ្នាដោយផ្ទាល់ ដើម្បីឈានទៅសម្រេចចំណុចគន្លឹះ ក្នុងដំណើរការកំណែទម្រង់ស្ថាប័នបោះឆ្នោត។ លោក កែម ឡី បញ្ជាក់ថា៖ «ជាប់គាំងនយោបាយ ហើយទៅចរចាបច្ចេកទេសមុន(...)។ គោជល់គ្នា ហើយបែរជាទៅដេញក្របី ប្រហែលជាមិនអាចទៅរួចទេ។»
យោងតាមស្មារតីដែលបានឯកភាពគ្នាកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣ គណប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ បានប្រកៀកស្មាគ្នា ចរចាលើការកំណែទម្រង់ស្ថាប័នបោះឆ្នោត ជាបន្តបន្ទាប់។ តែការចរចាលើការកំណែទម្រង់ស្ថាប័នបោះឆ្នោត បានដើរដល់ភាពទាល់ច្រក ត្រឹមថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៤។ ភាពទាល់ច្រកនេះ ដោយសារគណបក្សប្រជាជនកម្ពុជា មិនឯកភាពដាក់ស្ថាប័នបោះឆ្នោតចូលទៅក្នុងរដ្ឋធម្មនុញ្ញ តាមការស្នើសុំរបស់គណបក្សសង្រ្គោះជាតិ។
លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានថ្លែងក្នុងសន្និសីទ ការសែត ថ្ងៃទី២៦ មីនា នៅទីស្នាក់ការកណ្តាលគណបក្ស ថា គណបក្សសង្រ្គោះជាតិ មិនបានដាក់កំហិតឲ្យគណបក្សប្រជាជនកម្ពុជា ត្រូវតែទទួលយកលក្ខខណ្ឌរបស់គណបក្សសង្រ្គោះជាតិនោះទេ។ ប្រមុខគណបក្សជំទាស់ រូបនេះ បញ្ជាក់ថា៖ «យើងគ្រាន់តែស្នើរូបមន្ត រូបមន្តមានច្រើន ហើយមិនដាច់ខាតទេ (...)។ បើគណបក្សប្រជាជនកម្ពុជា មានរូបមន្តថ្មី ដែលធានាឯករាជ្យស្ថាប័នបោះឆ្នោត យើងនឹងពិនិត្យ ពិភាក្សាជាមួយគ្នា។»
ជាមួយគ្នានេះ អនុប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ក៏បានលើកឡើងថា បើគណបក្សប្រជាជនកម្ពុជា មានឆន្ទៈពិតប្រាកដក្នុងការកែទម្រង់ស្ថាប័នបោះឆ្នោត គម្បីដាក់ស្ថាប័នបោះឆ្នោតទៅជាស្ថាប័នធម្មនុញ្ញ។ លោក កឹម សុខា បញ្ជាក់ថា៖ «បើថ្នាក់ក្រុមការងារបច្ចេកទេសគាត់ មិនហ៊ានសម្រេច ឲ្យថ្នាក់កំពូលគាត់សម្រេចមក។ ចាំសួរទៅលើ ចាំសួរទៅលើ ឥឡូវបើចាំសួរទៅលើ ជួបលើក៏បាន៕»
-------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៦ មីនា ២០១៤