សម រង្ស៊ី ថា ជា ស៊ីម ផ្ដាំ​ឲ្យ​ខ្មែរ ត្រូវ​រួម​គ្នា​កសាង​ជាតិ

ក្រោយមរណៈភាព របស់លោក ជា ស៊ីម អតីតប្រធានគណបក្សប្រជាជនកម្ពុជា លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បានថ្លែងរំលឹកឡើងវិញ ពីពាក្យសម្ដីទាំងឡាយ ដែលអ្នកនយោបាយទាំងពីរ ធ្លាប់ឆ្លើយឆ្លងរកគ្នា។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី១១ មិថុនា ២០១៥
  • កែប្រែចុងក្រោយ: June 11, 2015
  • ប្រធានបទ: ជីវិត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«លោកចង់ឲ្យមានការរួបរួមជាតិ ជាធ្លុងមួយ ចង់ឲ្យមានការផ្សះផ្សារជាតិ មិនឲ្យខ្មែរឈ្លោះគ្នា។ លោកចង់​ប្រមូល​កម្លាំងខ្មែរដូចគ្នា ដើម្បីការពារប្រទេសជាតិយើង ឲ្យបានគង់វង្ស។ ខ្មែរមានសុខសន្តិភាព និងភាព​ថ្គំថ្កើង។» នេះ ជាការដងស្រង់សំដីលោក ជា ស៊ីម ដោយលោក សម រង្ស៊ី ក្នុងជំនួបរវាងលោកទាំងពីរ ក្នុង​ពេល​កន្លងមក ។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន ក្នុងការគោរពវិញ្ញាណក្ខន្ន លោក ជា ស៊ី នាព្រឹកថ្ងៃទី១១ ខែមិថុនា ប្រធាន​គណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានថ្លែងឡើងថា ក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ មក លោកតែង​គាំទ្រ នូវគោលជំហរ និងដឹងគុណ ចំពោះលោក ជា ស៊ីម ជានិច្ច។ លោកបានបកស្រាយថា លោក ជា ស៊ីម ជាថ្នាក់​ដឹកនាំកំពូលម្នាក់ នៃគណបក្សប្រជាជនកម្ពុជា ដែលតែងតែលើកតម្កើង ការផ្សះផ្សាជាតិ បង្រួបបង្រួម​ជាតិ​យ៉ាង​ស្មោះត្រង់។ លោកចង់ឲ្យខ្មែរទាំងអស់ ចេះស្រឡាញ់គ្នា ដើម្បីការពារផលប្រយោជន៍ជាតិតែមួយ។

ប្រធានគណបក្សប្រឆាំង ដ៏ធំជាងគេនៅកម្ពុជា បានលើកឡើងបន្តថា អ្វីដែល លោក ជា ស៊ីម បានលើកឡើង កន្លងមកនោះ វាជាឧត្តមគតិដែលគេចង់បាន។ លោក សម រង្ស៊ី បានថ្លែងឲ្យដឹងទៀតថា៖ «យើងមិនភ្លេច​បណ្តាំ របស់សម្តេចទេ។ យើងខិតខំបង្រួមបង្រួម ខ្មែរទាំងអស់ អ្នកស្នេហាជាតិទាំងអស់ ដើម្បីការពារទឹកដី​ឲ្យបាន​គង់វង្ស។ និងរៀបចំប្រទេសជាតិ ឲ្យបានល្អប្រសើរ ឲ្យប្រទេសយើង ក្លាយជាប្រទេសដ៏រុងរឿង។»

លោក សម រង្ស៊ី បានជួបជាមួយលោក ជា ស៊ីម កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៤ បន្ទាប់ពី«វប្បធម៌សន្ទនា» ត្រូវ​បានប្រកាសធ្វើឡើង រវាងគណបក្សនយោបាយធំៗទាំងពីរ នៅកម្ពុជា។ ជំនួបនោះ ជាជំនួប«ដំបូងងបំផុត» បើ​រាប់​ពីក្រោយការបោះឆ្នោត ឆ្នាំ២០០៨ អាណត្តិទី៤ តែវាបានក្លាយជាជំនួប «ចុងក្រោយបំផុត»ដែរ បន្ទាប់ពី​មរណៈភាព របស់លោក ជា ស៊ីម។

ប្រធានក្រុមតំណាងរាស្ត្រភាគតិច បានកោតសសើរ ពីវីរភាពរបស់លោក ជា ស៊ីម ដែលបានដង្ហែរតាម​ព្រះរាជ​តម្រិះ នៃអង្គព្រះបរមរតនកោដ្ឋ ព្រះបាទ នរោត្តម សីហនុ និងជាគម្រូល្អម្នាក់ សម្រាប់ប្រជាពលរដ្ឋទូទៅ។ លោក សម រង្ស៊ី បានថ្លែងឲ្យដឹងថា៖ «សម្តេច ជា ស៊ីម លោកបានចាត់ទុកដូចជា ជាបងប្អូនបង្កើត របស់​សម្តេច​ព្រះ​នរោត្តម សីហនុ។ ហើយយើងជាកូនចៅ សម្តេចព្រះនរោត្តម សីហនុ។ វីរៈបុរសទាំងពីរនាក់ តែងតែ​ផ្តល់​គំរូ​ល្អ​ឲ្យយើង យើងត្រូវតែធ្វើតាមគំរូនេះ។»

លោក ជា ស៊ីម បានចាប់កំណើត នៅភូមិពពែល ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង កាលពីថ្ងៃទី៤ ខែ​វិច្ឆិកា ឆ្នាំ១៩៣២។ លោកបានលាចាកលោកទៅវិញ នៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពីថ្ងៃទី៨ ខែមុថុនា ឆ្នាំ២០១៥ ដោយរោគាពាធ ក្នុងជន្មាយុ ៨២ឆ្នាំ។

សពលោក ជា ស៊ីម នឹងត្រូវធ្វើការបូជា នៅមុខវត្តបទុមវតី ដោយមានអង្គព្រះមហាក្សត្រ នរោត្តម សីហមុនី ប្រទានភ្លើង ក្នុងថ្ងៃទី១៩ ខែមិថុនាខាងមុខនេះ។ មេរុបូជាសព លោក ជា ស៊ីម ត្រូវបានសាងសង់ឡើង ក្នុង​កំពស់​២១ម៉ែត្រ ដែលមាន៣ថ្នាក់។ មេរុនេះ មានទំហំ២៤ម៉ែត្របួនជ្រុង ដែលមានក្បូរក្បាច់ រចនាលម្អ ស្រប​តាម​រចនាបទខ្មែរបុរាណ ជាមួយនឹងការបំពាក់ ដោយភ្លើងចម្រុះពណ៌៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...