មកផ្ទះវិញ ឃើញចោរគាស់ផ្ទះ ស្រែកផ្អើលចាប់បានទាំងយប់
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ១១ មិថុនា ២០១៥
- កែប្រែចុងក្រោយ: June 11, 2015
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«មកពីរត់ម៉ូតូកង់បី មិនទាន់ផ្លាស់ខោទឹកនោម ឲ្យកូនហើយផង ស្រាប់តែ ចោរលួចគាស់ផ្ទះ ខំស្រែកឲ្យអ្នកជិតខាងជួយ សំណាងហើយ ដែលអ្នកជិតខាងចាប់បាន ប្រគល់ឲ្យប៉ូលិសភ្លាមៗ កុំអីមិនដឹងថា ទៅគាស់ ផ្ទះអ្នកណាខ្លះទៀតនោះទេ» នេះជាការឧទានឡើង របស់ម្ចាស់ផ្ទះរងគ្រោះ ដោយការលួចគាស់ផ្ទះ បន្ទាប់ពីខ្លួនទើបនឹងត្រឡប់ មកពីប្រកបរបររត់កង់បីរួចមក។
បុរស ដែលត្រូវបានចោរដៃឆើតម្នាក់ លួចគាស់ផ្ទះនោះ ស្នាក់នៅជាមួយប្រពន្ធ និងកូន ក្នុងផ្ទះលេខ៥៧S ផ្លូវ ២៦១ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញបច្ចុប្បន្ន ជាអ្នករត់រឺម៉កកង់បី។ ដោយមិនបានប្រាប់ឈ្មោះ បុរសអ្នករត់កង់បីរូបនេះ បានរៀបរាប់ថា ខ្លូនបានត្រឡប់ ពីប្រកបរបរទទួលទាន់ នៅវេលាម៉ោង ប្រមាណជា១២ជាង។ ពេលនោះ លោកបានចតម៉ូតូ និងរថកង់បី ដាក់ក្នុងផ្ទះហើយ រួចក៏បានចាក់សោស្រួលបួល ដូចសព្វមួយដងដែរ។
នៅពេលដែលលោក បានចូលទៅជួយដូរខោទឹកនោម ឲ្យកូនជាមួយប្រពន្ធ ស្រាប់តែលឺសម្លេង ចេញពីខាងក្រៅ (ក្រេះ ក្រោស ៗ) បង្កឲ្យមានចង្វល់ឡើង ទើបលោកបានចេញទៅមើល ស្រាប់តែឃើញសកម្មភាព របស់ចោរម្នាក់ កំពុងគាស់ទ្វារផ្ទះលោក ពីខាងក្រៅ។
ចោរម្នាក់នេះ ដែលត្រូវបានគេស្គាល់អត្តសញ្ញាណនោះ មានឈ្មោះ ឱ សម្ផស្ស អាយុ២៤ ឆ្នាំរស់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលសព្វថ្ងៃ គ្មានមុខរបរពិតប្រាកដនោះ នៅពេលដឹងខ្លួនថាម្ចាស់ផ្ទះឃើញ បានព្យាយាមរត់គេច តែអកុសល ត្រូវបានអ្នកនៅទីនោះជាច្រើន ឡោមព័ទ្ធចាប់ខ្លួនបាន រួចប្រគល់ឲ្យនគរបាលនៅវេលាម៉ោង១ និង៣០នាទីយប់ថ្ងៃទី១១ ខែមិថុនាឆ្នាំ២០១៥ នៅចំណុចកើតហេតុ តាមបណ្តោយផ្លូវ២៦១ ក្នុងសង្កាត់ទឹកល្អក់បី ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ក្រុមនគរបាលបានរកឃើញ វត្ថុតាងមួយចំនួន ដែលនៅសេសសល់ ជាប់នឹងខ្លូនជនសង្ស័យ បន្ទាប់ពីការត់គេចខ្លូន។ ក្នុងនោះ មានដែកកេះសម្រាប់ដុត កូនសោរមួយសម្រាប់ចាក់ ដែកស្រួចតូចមួយទៀត ដែលធ្វើឲ្យគេយល់ថា នោះជាឧបករណ៍ សម្រាប់គាស់ទ្វារផ្ទះ។ បច្ចុប្បន្ន ជនដៃដល់គាស់ទ្វារខាងលើ ត្រូវបានបញ្ជូនខ្លួន ទៅឃុំជាបណ្តោះអាសន្ន នៅក្នុងប៉ុស្តិ៍រដ្ឋាបាលទឹកល្អក់ទីបី និងធ្វើសុំនុំរឿងទៅថ្នាក់លើ នៅពេលព្រឹកឡើង ដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់៕