ជិះម៉ូតូមកវាយសម្លាប់ ទាំងមិនដឹងមូលហេតុ នៅមុខពេទ្យរ៉ូស្ស៊ី
- ដោយ: ក. ស្រីនាង អត្ថបទ៖ ក. ស្រីនាង ([email protected]) - យកការណ៍ ៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ១១ កញ្ញា ២០១៥
- កែប្រែចុងក្រោយ: September 21, 2015
- ប្រធានបទ: ឃាតកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ឃាតកម្មនេះបានកើតឡើង នៅវេលាម៉ោង ២៣ និង ១០នាទី យប់ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវ ២៧១ ទល់មុខមន្ទីពេទ្យរូស្ស៊ី ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ បណ្តាលឲ្យយុវជនដែលជាជនរងគ្រោះស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។
ជនរងគ្រោះមានឈ្មោះ ហ៊ឹង បូរិន ភេទប្រុស អាយុ ២៣ ឆ្នាំមុខរបរជាបុគ្គលិកនៅផ្សារឡាក់គី (Lucky) នៅពេលមានរឿង បានជិះម៉ូតូសង ១២៥ ពណ៍ខ្មៅមានស្លាកលេខ 1B 5677 ភ្នំពេញ ធ្វើដំណើរពី កើតទៅលិច។ ប៉ុន្តែម៉ូតូរបស់ជនរងគ្រោះ មិនបានបាត់ទៅណាទេ ដែលធ្វើឲ្យគេយល់ថា នេះមិនមែនជាករណីប្លន់ យកទ្រព្យសម្បត្តិនោះឡើយ។
តាមប្រភពព័ត៍មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុននឹងកើតហេតុ គេឃើញបុរសដែលជាជនរងគ្រោះ ជិះម៉ូតូតែម្នាក់ឯង ស្រាប់តែពេលជិះមកដល់កន្លែងកើតហេតុ ស្រាប់តែមានជនសង្ស័យពីរនាក់ ជិះម៉ូតូម៉ាក Duke មិនស្គាល់ស្លាកលេខ មកពីក្រោយបានគប់ដុំថ្ម ទៅលើជនរងគ្រោះឲ្យដួល រួចបាននាំគ្នាចុះមកវាយជនរងគ្រោះ រហូតស្លាប់នៅនឹងកន្លែងតែម្តង។
បន្ទាប់ពេលកើតហេតុ ជនសង្ស័យបាននាំគ្នាជិះម៉ូតូ គេចខ្លួនបាត់ដោយសុវត្ថិភាព ដោយបន្សល់ទុក នូវសាកសព និងម៉ូតូរបស់ជនរងគ្រោះ នៅកន្លែងខាងលើ។
ក្រោយពីកើតហេតុ ក្រុមសមត្ថកិច្ចបានចុះ មកដល់កន្លែងកើតហេតុ ដើម្បីពិនិត្យមើល ហើយបានប្រគល់សាកសពទៅសាច់ញាតិរបស់ជនរងគ្រោះ យកទៅធ្វើបុណ្យនៅវត្តសំបួរមាស។ ប៉ុន្តែនៅក្នុងករណីឃាតកម្មនេះ សមត្ថកិច្ចនៅមិនទាន់ធ្វើការសន្និដ្ឋាន ថាមកពីមូលហេតុអ្វីនៅឡើយ៕