នាង ខ្ញុង ប្រតិកម្មចំពោះការចុះផ្សាយថា នាងចង់បានប្ដីអ្នកមាន
- ដោយ: ក. ស្រីនាង អត្ថបទ និងយកការណ៍៖ ក. ស្រីនាង ([email protected]) - ភ្នំពេញថ្ងៃទី១១ កញ្ញា ២០១៥
- កែប្រែចុងក្រោយ: September 21, 2015
- ប្រធានបទ: តារា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការចុះផ្សាយពីរឿងរ៉ាវផ្ទាល់ខ្លួន របស់តារាកំប្លែង អ្នកនាង ខ្ញុង ពីសំណាក់សារព័ត៌មានក្នុងស្រុកមួយចំនួន បានធ្វើឲ្យអ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង ចេញមុខមកធ្វើប្រតិកម្មខ្លាំងៗ។ មិនត្រឹមតែការចុះផ្សាយរបស់សារព័ត៌មានទេ តែអ្នកនាង ខ្ញុង ក៏បានសម្ដែងការមិនសប្បាយចិត្ត ទៅលើការបេញ្ចេញយោបល់ ឬការបន្ទរ របស់អ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួន ដែលមានលក្ខណៈជេរប្រទេច និងការរិះគន់ មិនប្រកបដោយការស្ថាបនានោះ។
តើការក្ដៅក្រហាយរបស់នាង ស្រេង សុកាន់ដា មានដល់កម្រិតណា ទើបតារាកំប្លែងដ៏មានប្រជាប្រិយរូបនេះ ទ្រាំមិនបាន រហូតចេញជាវីដេអូប្រតិកម្ម នៅលើបណ្ដាញសង្គម តបមកខាងសារព័ត៌មាន និងក្រុមអ្នកលេងហ្វេសប៊ុកវិញ?
តាមពិតទៅ ការចុះផ្សាយនោះ ជាការដកស្រង់សម្ដីរបស់អ្នកនាង ខ្ញុង ខ្លួនឯង ដែលបានផ្ដល់កិច្ចសម្ភាស ទៅសារព័ត៌មានក្នុងស្រុកនោះ។ តារាមេម៉ាយកូនមួយរូបនេះ បានថ្លែងនៅក្នុងកិច្ចសម្ភាសនោះថា៖ «ធ្លាប់មានប្តីម្ដងហើយ ហើយក៏មិនរើសអើងថា ចាស់ក្មេងទេ ប៉ុន្តែក៏មិនទទួលយកដែរ បើបុរសនោះមានទ្រព្យតិចជាងខ្ញុំ ព្រោះខ្ញុំមិនចង់យកប្តី មកចិញ្ចឹមនោះទេ»។
ការថ្លែងរបស់នាង ខ្ញុង មិនពិបាកឲ្យអ្នកផងយល់នោះទេ បើគេយោងទៅលើចំណូល ពីសិល្បៈរបស់នាង ដែលបានធ្វើឲ្យនាង មានជីវភាពធូរធា មានផ្ទះធំទ្រនំខ្ពស់នៅ មានរថយន្ដសេរីទំនើបជិះ... ។ល។ បើអញ្ចឹង តើបុរសដែលមានទ្រព្យច្រើនជាងនាង គួរតែជានរណាទៅ? អាចថា ជាមហាសេដ្ឋីផងក៏មិនដឹង។ នេះបើតាមការចុះផ្សាយ របស់សារព័ត៌មានទាំងនោះ។
តែផ្ទុយទៅវិញ ការលើកឡើងរបស់សារព័ត៌មានទាំងនោះ ត្រូវបាននាង ខ្ញុង ចាត់ទុកថា ជាការពន្លើសដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ នៅក្នុងវីដេអូថតដោយខ្លួននាង បង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការ របស់តារាកំប្លែង នាង ខ្ញុង បានថ្លែងថា បើខាងសារព័ត៍មាន ទទួលបានព័ត៌មានពីនាងប៉ុណ្ណា សូមចុះតែប៉ុណ្ណឹងបានហើយ សូមកុំពន្លើស ឬប្រឌិតរឿង របស់តារាបន្ថែម ដើម្បីតែផលប្រយោជន៍របស់ខ្លួន ដោយបំផ្លាញដល់កិត្តិយស របស់អ្នកដ៏ទៃ។
បន្ថែមពីលើករណីរបស់សារព័ត៌មាន តារាកំប្លែងរូបនេះ ក៏បានសំនូមពរ ដល់អ្នកលេងហ្វេសប៊ុកទាំងអស់ សូមកុំប្រើពាក្យជេប្រទេច ឬពាក្យ អសុរស មកលើអ្នកដ៏ទៃ ទាំងមិនទាន់ដឹងថា រឿងនោះពិត ឬមិនពិតផង។ នាងបន្តទៀតថា សូមគិត ពិចារណា ឲ្យបានច្បាស់លាស់ មុននឹងធ្វើការរិះគន់ ឬជេរប្រមាថ ចំពោះអ្នកណាម្នាក់៕
» សូមទស្សនាប្រតិកម្មរបស់អ្នកនាង ខ្ញុង នៅក្នុងវីដេអូរបស់នាង ដូចខាងក្រោម៖
-----------------