ទ្រង់ រណឫទ្ធិ៖ សម្តេចតាផ្តាំកុំឲ្យយកបញ្ហាព្រំដែន ធ្វើនយោបាយ
- ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី កញ្ញា ២០១៥
- កែប្រែចុងក្រោយ: September 21, 2015
- ប្រធានបទ: ព្រំដែន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រធានគណបក្សរាជានិយម ហ៊្វុនស៊ិនប៉ិច ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ទ្រង់បានមានបន្ទូល ពាក់ព័ន្ធនឹងបញ្ហាព្រំដែនឬផែនទីថា គណបក្សនយោបាយ ពុំគួរយកករណីនេះ មកធ្វើជាការកេងចំណេញនយោបាយឡើយ។
ការលើកឡើង របស់ព្រះអង្គម្ចាស់ខាងលើនេះ ហាក់បានបាញ់ត្រង់ ឆ្ពោះទៅគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង ដែលបានយកបញ្ហាព្រំដែន មកធ្វើការជជែកវែកញ៉ែក យ៉ាងផុលផុស នៅក្នុងរយៈពេលចុងក្រោយនេះ។ ព្រះអង្គម្ចាស់ រណឫទ្ធិ ថែមទាំងបានបង្ហាញនូវការគាំទ្រ ចំពោះការផ្ទៀងផ្ទាត់ផែនទី ដោយរដ្ឋាភិបាលថា ផែនទីទាំអស់ មានលក្ខណៈដូចគ្នា ទាំងស្រុងនោះផងទៀត។
ថ្លែងក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន ក្រោយបញ្ចប់ការបួងសួង នារមណីយដ្ឋានវត្តភ្នំ កាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០១៥ (បួងសួងជូនដល់ អ្នកម្នាង អ៊ុក ផល្លា ដែលទើបតែត្រឡប់ មកពីព្យាបាលខ្លួន នៅប្រទេសថៃ) ប្រធានគណបក្ស ហ្វុនស៊ីនប៉ិច បានមានបន្ទូលថា បញ្ហាព្រំដែន ឬផែនទីនោះ លោកមិនគាំទ្រទង្វើរបស់មន្រ្តី នៃគណបក្សសង្គ្រោះជាតិឡើយ។ ផ្ទុយមកវិញលោកលើកឡើងថា លោកគាំទ្រ ដល់ការសម្រេចចិត្ត របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចំពោះបញ្ហាព្រំដែននេះ។
ព្រះអង្គមានបន្ទូលដូច្នេះថា៖ «ខ្ញុំអត់គាំទ្រសង្គ្រោះជាតិទេ ខ្ញុំគាំទ្រសម្តេចនាយក (រដ្ឋមន្រ្តី)។ ព្រោះគាត់បានប្រកាសហើយ គាត់ថា គាត់បានទៅថតហើយ ហើយខ្ញុំជួបចៃដន្យ។ (...) ខ្ញុំជួបឯកឧត្តម វ៉ា គឹមហុង ខ្ញុំសួរៗ តើឪពុកខ្ញុំនេះ (នរោត្តម សីហនុ) ព្រោះសម្តេចនាយក មានប្រសាសន៍ ថាសម្តេចតា លោកថាលោកបានប្រគល់ផែនទី តើលោកបានប្រគល់ផែនទីហ្នឹងមែន ឬមិនមែន?។ (...) ឯកឧត្តម វ៉ា គឹមហុង ខ្សឹបថា សម្តេចតាប្រគល់មែន ប៉ុន្តែទៅសុំគេ គេមិនឲ្យទេ ព្រោះគេថា អានេះជាសម្ងាត់។»
ព្រះអង្គបានទទួលស្គាល់ ក្រោយការផ្ទៀងផ្ទាត់ផែនទីថា ផែនទីដែលអាចយកជាការបាន ជាផែនទីមកពី UN ចំនួន១៨ផ្ទាំង ពិសេសផែនទីមកពីបារាំង ទាំង២៥ផ្ទាំង នោះជាមួយនឹងផែនទី របស់រដ្ឋាភិបាលគឺដូចគ្នា។ ប្រធានគណបក្សហ្វុនស៊ីនប៉ិច បានលើកឡើងទៀតថា បញ្ហាជាតិ (បញ្ហាព្រំដែន) ជាបញ្ហារបស់ប្រជាពលរដ្ឋកម្ពុជាទាំងអស់គ្នា។ ព្រះអង្គម្ចាស់ រណឫទ្ធិ បានថ្លែងថា៖ «ដើម្បីដោះស្រាយបញ្ហាជាតិ វាជារឿងរបស់ខ្មែរទាំងអស់គ្នា»៕