តុលាការ​ដាក់​គុក អ៊ុក ពេជ្រសំណាង ៧+២=៩ឆ្នាំពី​បទ​ចោទ​អ្វី?

សម្រាប់តុលាការកម្ពុជា សំនួរខាងលើ មានចម្លើយរួចជាស្រេចហើយ។ ក្រៅពីបទល្មើស ធ្វើ​«កុបកម្ម»​នៅ​ក្បែរ​ស្ពាន​នាគ ដែល​ត្រូវ​ជាប់ទោស៧ឆ្នាំ លោក អ៊ុក ពេជ្រសំណាង ត្រូវបានតុលាការ​សម្រេច ផ្ដន្ទាទោសមួយទៀត ពី​បទ​បង្ក​ហិង្សា​ដោយ​ចេតនា និង​ប្រឆាំង​មន្ត្រី​រាជការ​សាធារណៈ ដោយត្រូវជាប់ទោស ២ឆ្នាំ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី១១ កញ្ញា ២០១៥
  • កែប្រែចុងក្រោយ: September 21, 2015
  • ប្រធានបទ: យុត្តិធម៌
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក អ៊ុក ពេជ្រសំណាង ដែលគេស្គាល់ថា ជាសកម្មជនរបស់គណបក្សសង្គ្រោះជាតិនោះ ត្រូវបាន​តុលាការ​សាលាដំបូង រាជធានីភ្នំពេញ សម្រេចបន្ថែមទោស កាលពីថ្ងៃទី១០ ខែកញ្ញាកន្លងមក ឲ្យជាប់ពន្ធនាគារ ២ឆ្នាំ បន្ថែមទៀត ពី«បទបង្កហិង្សាដោយចេតនា និងប្រឆាំងអ្នករាជការសាធារណៈ»  ពាក់ព័ន្ធសំណុំរឿង លោក​បើកម៉ូតូកង់បី ដឹកប្រជាពលរដ្ឋតវ៉ា មកពីខេត្តព្រះវិហារ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៤ ម្តុំនាគបាញ់ទឹក ជិត​ផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

ការសម្រេចផ្ដន្ទាទោសនេះ បានធ្វើឡើង បន្ទាប់ពីលោក អ៊ុក ពេជ្រសំណាង អាយុ៥១ឆ្នាំរូប​នេះ​ ត្រូវបាន​សាលា​ដំបូងរាជធានីភ្នំពេញ សម្រេចកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥កន្លងទៅ ឲ្យជាប់ពន្ធនាគារ​ចំនួន​៧ឆ្នាំ ពី«បទចូលរួម ចលនាកុប្បកម្មនាំឲ្យមានហិង្សា»ពាក់ព័ន្ធនឹងសំណុំរឿង ការផ្ទុះអំពើហិង្សា ក្បែរ​ស្ពាន​នាគ ជិតទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។ សរុបមក លោក អ៊ុក ពេជ្រសំណាង ត្រូវមានទោស ជាប់ក្នុងពន្ធនាគារ ចំនួន៩ឆ្នាំ និងពិន័យជាប្រាក់១៤លានរៀល ក្នុងសំណុំរឿងពីរ ដាច់​ដោយ​ឡែកពីគ្នា។

មេធាវីការពារក្តីរបស់លោក អ៊ុក ពេជ្រសំណាង គឺ លោក ជួង ជូងី បានចាត់ទុកការសម្រេច និងការ​ប្រកាស​សាលក្រមនេះ ជារឿង«អយុត្តិធម៌»។ លោកថា កូនក្តីលោកពុំបានធ្វើ«ខុស» ដូចការចោទប្រកាន់​នោះ​ឡើយ។ លោក ជូង ជូងី បានថ្លែងឡើងថា៖ «អ៊ុក ពេជ្រសំណាង គាត់ស្រែកថា អយុត្តិធម៌សម្រាប់គាត់ ព្រោះ​ការដាក់ទោសគាត់ ទាំងឥតមានកំហុស។ អញ្ចឹង ខ្ញុំនឹងពិភាក្សាជាមួយគាត់ ក្នុងការប្តឹងឧទ្ទរណ៍​ពី​ករណី​ហ្នឹង។»។

សម្រាប់ភរិយាលោក អ៊ុក ពេជ្រសំណាង បានលើកឡើង នៅខាងមុខសាលាដំបូងរាជធានីថា អ្នកស្រី​មិន​អាច​ទទួលយក ការសម្រេចរបស់តុលាការ នាពេលនេះបានឡើយ ព្រោះជាការសម្រេច ដែលមានភាពអយុត្តិធម៌​យ៉ាងខ្លាំង លើប្តីអ្នកស្រី។ ក្នុងអាយុ ៤៨ឆ្នាំ អ្នកស្រី ទិត្យ ណារិន ភរិយាសកម្មជនគណបក្សប្រឆាំង បាន​បង្ហាញ​ពីភាពលំបាករបស់ខ្លួន ក្រោយប្តីជាប់ពន្ឌនាគារ និងបន្ទាប់ពីកូនប្រុស ត្រូវបានស្លាប់ ព្រោះពួកគេ​ជា​អ្នករកចំណូលជួយគ្រួសារ។ អ្នកស្រីបានថ្លែងថា៖ «ខ្ញុំត្រូវការចិញ្ចឹមចៅកំព្រាទៀត។ ខ្ញុំហ្នឹងវេទនា ហើយ​កូន​ដែលត្រូវស្លាប់ហ្នឹង អ្នករកចំណូល ហើយឪពុកក៏អ្នករកចំណូល។ ដល់ពេលឥឡូវហ្នឹង ត្រូវស្លាប់ (កូនប្រុស​ច្បងឈ្មោះ ហេង មេសា អាយុ៣៥ឆ្នាំ ) ហើយប្តីត្រូវជាប់គុកទៀត ខ្ញុំហ្នឹងលំបាកមែនទែន។»

» ការរៀបរាប់ទាំងស្រុង របស់អ្នកស្រី ទិត្យ ណារិន៖

ការសម្រេចខាងលើរបស់តុលាការ ដែលចោទប្រកាន់ ទៅលើលោក អ៊ុក ពេជ្រ សំណាង ត្រូវបានមន្រ្តី​សិទ្ធិ​មនុស្សមួយចំនួនចាត់ទុកថា ជាការសម្រេច ដោយ«គ្មាន»ភស្តុតាងគ្រប់គ្រាន់។ មន្ត្រីសង្គមស៊ីវិលទាំងនោះ នៅតែអះអាងថា ការសម្រេចនេះ អាចជាការគម្រាម ឬដាក់សម្ពាធ ទៅលើអ្នកគាំទ្រគណបក្សប្រឆាំង មួយ​ចំនួនផ្សេងទៀត។ អនុប្រធានផ្នែកសិទ្ធិមនុស្ស និងជំនួយផ្នែកច្បាប់ នៃសមាគមអាដហុក លោក ណៃ វ៉ង់ដា បានបង្ហាញនូវការព្រួយបារម្ភ ក្នុងនាមជាអង្គការសង្គមស៊ីវិល ជុំវិញការដាក់ទោសបន្ថែមទៀត រហូតដល់៩ឆ្នាំ ទៅលើលោក អ៊ុក ពេជ្រសំណាង ដែលជាសកម្មជនគណបក្សសង្គ្រោះជាតិ។ លោកថា ការដាក់ទោសនេះ ជារឿងមួយអយុត្តិធម៌បំផុត។

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ មិនអាចទាក់ទងមន្ត្រីទទួលខុសត្រូវ របស់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីសុំ​ការធ្វើអត្ថាធិប្បាយបានទេ។

សូមបញ្ជាក់ថា សាលក្រម ដែលប្រកាសដោយចៅក្រម អ៊ឹម វណ្ណៈ បានតម្រូវឲ្យលោក អ៊ុក ពេជ្រសំណាង ដែល​​កំពុមិនងជាប់ពន្ធនាគារនោះ បង់ប្រាក់ពិន័យ ចូលរដ្ឋចំនួន៤លានរៀល និងសងសំណងជំងឺចិត្ត​ដល់​ជន​រង​គ្រោះ ដែលជាសន្តិសុខសាលាខណ្ឌដូនពេញប្រាំនាក់ ចំនួនទឹកប្រាក់សរុប ១០លានរៀលថែមទៀត៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...