អ៊ូ វីរៈ ថ្លែងពីយុទ្ធសាស្ត្រយក«បដិវត្តន៍ពណ៌» មកធ្វើជាខ្មោចលង
- ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី០៥ កញ្ញា ២០១៦
- កែប្រែចុងក្រោយ: September 05, 2016
- ប្រធានបទ: វិភាគ-នយោបាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មិនមានបដិវត្តន៍ពណ៌ទេ! វាទៅមិនរួចទេ! ទាំងនេះជាការលើកឡើង របស់លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត ដែលជាមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវគោលនយោបាយ ក្នុងប្រទេសកម្ពុជា តបទៅនឹងការលើកឡើង តាំងពីច្រើនខែមកហើយ ពីសំណាក់មន្ត្រីរដ្ឋាភិបាល និងថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធ ជុំវិញការធ្វើ«បដិវត្តន៍ពណ៌» ដោយកម្លាំងប្រជាជន ដើម្បីផ្ដួលលោក ហ៊ុន សែន ពីអំណាចជានាយករដ្ឋមន្ត្រី បីទសវត្សរ៍ជាង នៅកម្ពុជា។
ការថ្លែងពីការទប់ស្កាប់ «បដិវត្តន៍ពណ៌» ត្រូវបានលើកឡើងផ្ទួនៗ កាលពីពេលកន្លងមក ដោយមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់មួយចំនួន និងនៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដោយមេទ័ពកំពូលៗ របស់ជាតិ។ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ លោក ប៉ុល សារឿន ថែមទាំងប្រកាសជាចំហរទៀតថា កងទ័ពជាតិត្រូវបានបញ្ជា ឲ្យការពារលោក ហ៊ុន សែន និងគ្រួសារ ឲ្យមានសុវត្ថិភាព ១០០% នោះផង។
នៅក្នុងពិធីរំឭកខួប នៃការបង្កើតក្រុមកងអង្គរក្ស កាលពីថ្ងៃអាទិត្យម្សិលម៉ិញ លោក ប៉ុល សារឿន បានដាក់បទបញ្ជា ឲ្យកងទ័ពជាពិសេសកងអង្គរក្ស ចំនួនពីរយ៉ាងដូច្នេះថា៖ «ទីមួយ ដាច់ខាតស្មោះត្រង់ ការពារសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត (ប៊ុន រ៉ានី) ព្រមទាំងក្រុមគ្រួសារ ឲ្យបានមួយរយភាគរយ។ ទីពីរ ដាច់ខាតមិនឲ្យមានបដិវត្តន៍ពណ៌ នៅកម្ពុជាឡើយ។»។
យក«បដិវត្តន៍ពណ៌»ធ្វើជាខ្មោចលង
អ្នកតាមដានស្ថានការណ៍នយោបាយ របស់ប្រទេសកម្ពុជា បានសម្ដែងចំងល់របស់ពួកគេ ជុំវិញការលើកឡើង មិនដាច់សូរ ពី«បដិវត្តន៍ពណ៌» និងជាពិសេសពីការប្រកាស លូកដៃលូកជើង ក្នុងរយៈពេលចុងក្រោយ ពីសំណាក់កងទ័ព ខណៈប្រទេសកម្ពុជា ជារដ្ឋស៊ីវិល ដែលច្បាប់ទាំងឡាយរបស់ប្រទេសនេះ កំពុងត្រូវបានអនុវត្តន៍ជាធរមាននៅឡើយនោះ។
ចំងល់នេះ ត្រូវបានលោក អ៊ូ វីរៈ បកស្រាយ តាមរយៈកិច្ចសម្ភាសមួយ ជាមួយវិទ្យុសម្លេងសហរដ្ឋអាមេរិក (VOA) ថាមានតែគន្លឹះពីរប៉ុណ្ណោះ ដែលសំខាន់ជាងគេ។ ទីមួួយ គឺបណ្ដាលមកពីការព្រួយបារម្ភ «ជ្រុលហួសហេតុ» របស់មន្ត្រីទាំងអស់នោះ។ ខណៈឯចម្លើយទីពីរ ត្រូវបានលោកពន្យល់ថា៖ «ខ្ញុំមើលទៅជាយុទ្ធសាស្រ្ត ប្រហែលជាយុទ្ធសាស្រ្តដណ្ដើមអំណាចគ្នាទេ ឬមួយក៏យុទ្ធសាស្រ្ត ទាញយកផលប្រយោជន៍រៀងៗខ្លួន។ ពេលណាយកបដិវត្តន៍ពណ៌ ធ្វើជាខ្មោចលងគ្នាទៅ គេថាដើម្បីបង្ការ ឲ្យអំណាចមកខ្ញុំអីបន្តិចមក ឲ្យឥទ្ធិពលមកខាងខ្ញុំអីវិញមក។ ជាយុទ្ធសាស្រ្តដណ្ដើមតួនាទីគ្នា នៅក្នុងជួររដ្ឋាភិបាល។»។
អ្វីទៅជាបដិវត្តន៍ពណ៌?
និយមន័យស្រួលយល់ គឺជាការទម្លាក់របប ឬមេដឹកនាំណាមួយ ចេញពីអំណាច ដោយកម្លាំងពលរដ្ឋ។ ប៉ុន្តែបដិវត្តន៍«កម្លាំងមហាជន»ទាំងនោះ មានសណ្ឋានខុសៗគ្នា។ បដិវត្តន៍ទម្លាក់ក្រុមមេដឹកនាំផ្ដាច់ការ នៅក្នុងបណ្ដាប្រទេសអារ៉ាប់ ដែលមន្ត្រីរដ្ឋាភិបាលកម្ពុជា តែងយកមកនិយាយប្រៀបធៀបនោះ ត្រូវបានគេដាក់ឈ្មោះថា «បដិវត្តន៍ផ្កាម្លឹះ ឬបដិវត្តន៍នៃរដូវផ្ការីកអារ៉ាប់ (Arab Spring)» និងមិនមែនជា «បដិវត្តន៍ពណ៌ (Colour revolution)» ដែលបានកើតឡើង នៅបណ្ដាប្រទេសអ៊ឺរ៉ុបខាងកើត នៅក្រោយការដួលរលំទៅ នៃប្លុកកុម្មុយនីសនោះទេ។
ប៉ុន្តែបដិវត្តន៍ណាក៏ដោយ (ទោះមានការលូកដៃ ពីបរទេសក៏ដោយ) ក៏សុទ្ធតែជាការងើបឈរឡើង ពីសំណាក់ប្រជាពលរដ្ឋនៅក្នុងប្រទេសនោះ ដើម្បីផ្ដួលរំលំមេដឹកនាំផ្ដាច់ការ កាន់អំណាចដុះស្លែ បក្ខពួក គ្រួសារនិយម ពុករលួយ... ដែលយកប្រទេសជាតិ ទឹកដី និងប្រជាជនទាំងមូល មកធ្វើជាទ្រព្យផ្ទាល់ខ្លួន ឬជារបស់គ្នីគ្នាបក្ខពួករបស់ខ្លួន។ (សូមចូលទៅអាន ពីដំណើរការនៃបដិវត្តន៍ទាំងពីរ ជាភាសាអង់គ្លេស នៅក្នុងខ្សែភ្ជាប់ទាំងពីរ ដែលដាក់ជូន នៅក្នុងកថាខណ្ឌមុន)
តែការងើបឈរឡើង ដូចក្រុមប្រទេសទាំងនោះ មិនមែនជាជំហាន ដែលប្រជាជនកម្ពុជា ត្រូវដើរនោះឡើយ។ នេះបើតាមលើកឡើង របស់លោក អ៊ូ វីរៈ ដដែល។ ប្រធានវេទិកាអនាគតរូបនេះ បានបន្តទៀតថា៖ «គឺអត់មានទេ បាទ។ ប្រជាពលរដ្ឋយើង នៅមិនទាន់ហ៊ាន មិនទាន់មានសុវត្ថិភាព នៅមានការបាក់ស្បាត គ្មានសមត្ថភាព ដោយសារសេដ្ឋកិច្ច។ ប្រជាពលរដ្ឋភាគច្រើននៅជនបទទេ មិនមែនជាប្រទេសមួយ ដែលប្រជាពលរដ្ឋភាគច្រើននៅក្រុង នៅប្រជុំជនទេ។»៕