ហេង លក្ខិណា ត្រូវ​បាន​ចោទ​ប្រកាន់ ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​​ឧក្រិដ្ឋ

ស្ត្រីអ្នកប្រើប្រាស់បណ្ដាញសង្គម ដែលដាក់ ហេង លក្ខិណា (Heng Leakhena) ត្រូវបានព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានី ភ្នំពេញ ចោទប្រកាន់ពីបទ «ញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍» ទាក់ទងនឹងការថ្លែងរបស់ស្ត្រីរូបនេះ នៅក្នុងវីដេអូផ្សាយផ្ទាល់ លើ​គណនេយ្យ​ហ្វេសប៊ុក​របស់​នាង លើកឡើងថា ក្រុមគ្រួសារត្រកូល ហ៊ុន ជាអ្នកសម្លាប់ ឬនៅពីក្រោយឃាតកម្ម លោក កែម ឡី អ្នកធ្វើអត្ថាធិប្បាយនយោបាយ ដ៏ល្បីឈ្មោះ។
ហេង លក្ខិណា ត្រូវ​បាន​ចោទ​ប្រកាន់ ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​​ឧក្រិដ្ឋ
រូបកណ្ដាល៖ ស្ត្រីអ្នកលេងហ្វេសប៊ុក ដាក់ឈ្មោះ ហេង លក្ខិណា (Heng Leakhena) នៅពេលនាំខ្លួនចេញពីក្រសួងមហាផ្ទៃ។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១៣ កក្កដា ២០១៧
  • កែប្រែចុងក្រោយ: July 13, 2017
  • ប្រធានបទ: ឧក្រិដ្ឋកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧នេះ លោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានចោទប្រកាន់ស្ត្រី អ្នកប្រើប្រាស់បណ្ដាញសង្គមម្នាក់ ពីបទ«ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ជុំវិញការលើកឡើង របស់ស្ត្រីវ័យក្មេងរូបនេះ នៅក្នុងវីដេអូផ្សាយផ្ទាល់ លើគណនេយ្យហ្វេសប៊ុករបស់នាងថា ក្រុមគ្រួសារត្រកូល ហ៊ុន ជាអ្នកសម្លាប់ ឬនៅពីក្រោយឃាតកម្ម លោក កែម ឡី អ្នកធ្វើអត្ថាធិប្បាយនយោបាយ ដ៏ល្បីឈ្មោះ។ នេះ បើតាមប្រភពមួយ ពីសាលាដំបូងរាជធានី ដែលបានអះអាងឲ្យដឹង នៅមុននេះបន្តិច។

លោក កែម ឡី ត្រូវបានឃាតករ​បាញ់សម្លាប់ យ៉ាងសាហាវព្រៃផ្សៃ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំទៅម៉ិញ នៅខណៈលោកកំពុងទទួលទានកាហ្វេ នៅក្នុងហាងលក់ទំនិញ ស្តាម៉ាត នៃស្ថានីយ​ចាក់ប្រេងឥន្ទនៈ កាល់តិច ស្ថិតនៅស្ដុបបូកគោ។ នៅក្រោយ​ឃាតកម្មនោះ និងរហូតមកដល់ថ្ងៃនេះ ជនសង្ស័យ​តែម្នាក់គត់ ឈ្មោះ អឿង អាង ដាក់រហស្សនាម «ជួប សម្លាប់» ត្រូវបានឃាត់ខ្លួន និងផ្តន្ទាទោស។

ប្រភពពីសាលាដំបូងដដែលនោះ បានអះអាងថា ករណីរបស់ស្ត្រីខាងលើ ត្រូវបានបញ្ជូនជាបន្ត ទៅឲ្យចៅក្រមស៊ើបសួរ ដើម្បីចាត់ការតាមនីតិវិធី។ ប្រភពនោះ បានបញ្ជាក់ទៀតថា ការចោទប្រកាន់ ពីសំណាក់ព្រះរាជអាជ្ញារង បានធ្វើឡើង ដោយយោងតាមមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា។

ស្រ្តី ដែលត្រូវបានគេស្គាល់ នៅលើបណ្ដាញសង្គម ហ្វេសបុក ( Facebook) ដាក់ឈ្មោះ ហេង លក្ខិណា (Heng Leakhena) ត្រូវបានឃាត់ខ្លួននៅចំណុច ចំណត​រថយន្តក្រុង ជិតផ្សារនាគមាស កាលពីព្រឹកម្សិលមិញ ខណៈរូបនាង ត្រៀមឡើងជិះរថយន្ត ទៅកាន់លំនៅដ្ឋានវិញ ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ នេះ បើតាមការអះអាង របស់លោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី ប្រធាននាយកដ្ឋាន ប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃក្រសួងមហាផ្ទៃ។

ស្ត្រី «ហេង លក្ខិណា» បានបង្ហោះវីដេអូផ្សាយផ្ទាល់ខ្លីមួយ នៅលើគណនេយ្យរបស់នាង កាលពីថ្ងៃទី៩ ខែកក្កដា ចេញពីពិធីបុណ្យគម្រប់ខួបមួយឆ្នាំ នៃមរណភាពរបស់លោក កែម ឡី ក្នុងភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅក្នុងវីដេអូនោះ ស្ត្រីអ្នកប្រើប្រាស់បណ្ដាញសង្គមរូបនេះ បានថ្លែងចោទលោក ហ៊ុន សែន និងក្រុមគ្រួសារថា ជាអ្នកសម្លាប់ (ឬស្ថិតនៅពីក្រោយឃាតកម្ម បាញ់សម្លាប់) លោក កែម ឡី។

បើទោះជាវីដេអូដ៏អាស្រូវ ត្រូវបានលប់ចេញទៅវិញ​ ក្នុងពេលក្រោយមក​ក៏ដោយ តែវីដេអូនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមផ្សេងទៀត ទាញចម្លង​ទុក និងបន្ទាប់មក យកមកបង្ហោះឡើងវិញ បណ្ដាលឲ្យមានការចែករំលែក យ៉ាងគគ្រឹកគគ្រេង។

បន្ទាប់ពីត្រូវបានឃាត់ខ្លួន និងសាកសួរអស់ជាច្រើនម៉ោង នៅក្នុងនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃក្រសួងមហាផ្ទៃរួច ក្រុមអាជ្ញាធរបានបញ្ជូន «ហេង លក្ខិណា» ទៅកាន់សាលាដំបូងរាជធានី នៅវេលាល្ងាចឡើង ថ្ងៃដដែល (ថ្ងៃទី១២ ខែកក្កដា) តែត្រូវមន្ត្រីតុលាការ ប្រាប់ឲ្យបញ្ជូននាង ត្រឡប់ទៅក្រសួងមហាផ្ទៃវិញ។ រហូតមកដល់ព្រឹកនេះ ទើប «ហេង លក្ខិណា» ត្រូវបាននាំខ្លួន មកកាន់សាលាដំបូងជាថ្មី។

ប្រសិនជាតុលាការ រកឃើញថា មានទោសមែននោះ «ហេង លក្ខិណា» អាចនឹងត្រូវប្រឈម នឹងការផ្តន្ទាទោស ដាក់ពន្ធនាគារ ពី៦ខែ ដល់ ២៤ខែ និងពិន័យជាប្រាក់ ពី១លានរៀល ដល់៤លានរៀល។

ស្ត្រីអ្នកលេងហ្វេសប៊ុករូបនេះ ជាជនទីបួនហើយ បន្ទាប់ពីលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក គីម សុខ អ្នកធ្វើអត្ថាធិប្បាយនយោបាយ និងអ្នកស្រី ឡាក់ ថានី សមាជិកព្រឹទ្ធសភា មកពីគណបក្ស សម រង្ស៊ី ដែលត្រូវបានចោទប្រកាន់ ក្នុងសំនុំរឿង​ប្រហាក់ប្រហែលគ្នា ពីសំណាក់ប្រព័ន្ធយុត្តិធម៌ នៅក្នុងប្រទេសកម្ពុជា។ ប្រព័ន្ធយុត្តិធម៌ ដែលរងការរិះគន់ថា មិនឯករាជ្យ និងរងសំពាធនយោបាយ ពីមន្ត្រីមានអំណាច៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...