សម រង្ស៊ី៖ ផ្សាយតម្លៃផែនទីខ្មែរទិញពីបារាំង ជាព័ត៌មានធម្មតា
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញ ថ្ងៃទី១៩ កក្កដា ២០១៥
- កែប្រែចុងក្រោយ: July 19, 2015
- ប្រធានបទ: ព្រំដែន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«ខ្ញុំចង់ផ្តល់ព័ត៌មាន ជូនប្រជាពលរដ្ឋ ថាអ្វីដែលយើងកំពុងតែត្រូវការ កំពុងតែចង់បាន នៅស្រុកគេ ចំហរជាសាធារណៈ អត់មានពាក់ព័ន្ធអីសោះ» នេះជាការថ្លែងឡើង របស់ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី នៅក្នុងពិធីជួបជាមួយ តំណាងកម្មករ-កម្មការិនី នៅក្នុងទីស្នាក់ការ សហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី១៩ ខែកក្កដានេះ ។
ការលើកឡើង របស់មដឹកនាំគណបក្សប្រឆាំង ជាការឆ្លើយតប ទៅនឹងការចោទប្រកាន់ របស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស របស់ទីស្តីការគណៈរដ្ឋមន្ត្រី រួមទាំងរដ្ឋមន្ត្រីការបរទេស លោក ហោ ណាំហុង ផង ដែលថាការបង្ហោះ នៅលើទំព័រហ្វេសប៊ុកផ្លូវការ របស់លោក សម រង្ស៊ី ពីតម្លៃច្បាប់ចម្លងផែនទី ដែលគណបក្សសង្គ្រោះជាតិ បានស្នើទិញពីវិទ្យាស្ថានជាតិ នៃព័ត៌មានភូមិសាស្ត្រ បារាំង ក្នុងតម្លៃ ១៦៨ដុល្លារនោះ ជាចេតនាមាក់ងាយលើផែនទីប្រទេសកម្ពុជា។
តែការចោទប្រកាន់នេះ ត្រូវបានលោក សម រង្ស៊ី បដិសេធ ដោយហៅ ការបង្ហោះរបស់លោកនោះ គឺជាព័ត៌មានសុទ្ធសាធ និងបានឆ្លុះបញ្ចាំង ពីតម្លាភាពនៅប្រទេសបារាំង ដែលគេមានសិទ្ធិសេរីភាព ពេញលេញ សម្រាប់ពលរដ្ឋរបស់គេ ដែលមានបំណងចង់ដឹង ពីឯកសារភូមិសាស្ត្រ ឬផែនទីតំបន់អ្វីមួយ។ ប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងថា៖ «នេះតម្លាភាព ហើយការទិញនេះ គឺខ្ញុំចង់ជម្រាបព័ត៌មាន និងប្រជាពលរដ្ឋខ្មែរថា នៅស្រុកគេនៅបណ្ណាល័យ ហើយបណ្ណាល័យមានតែមួយទេ បណ្ណាល័យពិសេស ដែលគេតម្កល់ទុកផែនទី យើងអាចទៅរកឃើញ ហើយយើងអាចទិញបាន ហើយនេះជានីតិវិធី នៅស្រុកប្រកាន់យកលទ្ធិប្រជាធិបតេយ្យ គឺអ្នកណាមានសិទ្ធិ ចង់ទៅមើលឯកសារ ហើយបើចង់ឲ្យគេថតចម្លង គេអាចថតចម្លងចេញទៀត គឺអ្នកចង់ទៅយក ទៅថតក៏បាន»។
សូមបញ្ជាក់ថា ទំព័រហ្វេសប៊ុក របស់លោក សម រង្ស៊ី បានបង្ហោះ កាលពីថ្ងៃទី១៦ ខែកក្កដា កន្លងទៅនេះ ថាផែនទីបារាំង មុនឆ្នាំ១៩៥៣ ខ្នាត ១/១០០.០០០ បង្ហាញពីព្រំដែនកម្ពុជា-វៀតណាម ទាំង២៦ ផ្ទាំង ដែលទាំងអស់គ្នាចង់បាន នាពេលនេះ មានដាក់លក់នៅប្រទេសបារាំង ក្នុងតម្លៃ ១៥៣,៩១ អ៊ឺរ៉ូ ស្មើនឹង១៦៨ ដុល្លារអាមេរិក ហើយគណបក្សសង្គ្រោះជាតិ បានទិញផែនទីទាំង២៦ ផ្ទាំង (វិក្កយបត្រភ្ជាប់មកជាមួយនេះ) យកមកបង្ហាញប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេស ។
ប្រធានក្រុមតំណាងរាស្ត្រ សម្លេងភាគតិច លោក សម រង្ស៊ី បានបញ្ជាក់ទៀតថា ច្បាប់ដើមនៃផែនទីនេះ មានតែមួយច្បាប់គត់ ដែលតម្កល់ទុក នៅប្រទេសបារាំង។ អ្វីដែលគេដាក់លក់នោះ គឺជាច្បាប់ចម្លងតាមប្រព័ន្ធអេឡិចត្រូនិក ដែលដាក់បញ្ចូលក្នុង DVD ដោយហេតុថា មកដល់សម័យទំនើបនេះ គេឈប់ផ្តល់ច្បាប់ចម្លង ឲ្យនៅលើក្រដាសទៀតហើយ ជាពិសេស នៅពេលដែលច្បាប់ចម្លងក្នុង DVD ទេ ត្រូវបានធានាជាផ្លូវការថា ដូចច្បាប់ដើមបេះបិទ ទោះជាចម្លងមួយលានដង ក៏រក្សាលក្ខណៈដើម ពេញលេញដដែល។
ការបង្ហោះផ្សាយ របស់លោក សម រង្ស៊ី មិនបានបង្កការសប្បាយចិត្ត ទៅឲ្យរដ្ឋាភិបាល របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកំពុងមានបញ្ហាចម្រូងចម្រាស ក្នុងបញ្ហាបោះបង្គោលព្រំដែន ជាមួយប្រទេសវៀតណាមនោះទេ។ សេចក្តីថ្លែងការណ៍ ចំនួនពីរទំព័រ របស់អ្នកនាំពាក្យ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស របស់ទីស្តីការគណៈរដ្ឋមន្រ្តី កាលពីរសៀល ថ្ងៃទី១៧ ខែកក្កដានេះ បានចាត់ទុកការលើកឡើង របស់លោក សម រង្ស៊ី នៅក្នុងបណ្ដាញសង្គម ថាមានចេតនាអាក្រក់ ក្នុងការបន្ទាបបន្ថោក បន្តុះបង្អាប់ ដល់រដ្ឋាភិបាលកម្ពុជា ក្នុងការប្រើប្រាស់ផែនទីខ្នាត ១/១០០.០០០ ជាមួយប្រទេសជិកខាង។
សេចក្ដីថ្លែងការណ៍នោះ បានសរសេរទៀតថា៖ «តើតម្លៃអធិបតេយ្យជាតិកម្ពុជា ក្នុងទស្សនៈរបស់ឯកឧត្តម សម រង្ស៊ី និងគណបក្សសង្គ្រោះជាតិ មានត្រឹមតែ១៦៨ដុល្លារ អាមេរិកមែនឬ?»៕