ប្រតិកម្ម​នឹង​ព័ត៌មាន «ថោង សារ៉ាត់ ជា​កូន​ប្រសារ កឹម សុខា»

កូនស្រីលោក កឹម សុខា ត្រូវបានសារព័ត៌មានមួយចុះផ្សាយថា មានពាក់ព័ន្ធបញ្ហាស្នេហា ប្តីប្រពន្ធ ជាមួយលោក ថោង សារ៉ាត់។ បើតាមមន្ត្រីគណបក្សប្រឆាំង បានច្រាន់ចោលការផ្សាយព័ត៌មាននេះ ថាមិនពិត និង​មាន​បំណង់​បង្កាច់​បង្ខូច​គណបក្ស​សង្គ្រោះ​ជាតិ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញ ថ្ងៃទី១៤ មករា ២០១៤
  • កែប្រែចុងក្រោយ: January 14, 2015
  • ប្រធានបទ: ឧក្រិដ្ឋកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មើលទៅ សំនុំ​រឿង​លោ​ក ថោង សារ៉ាត់ ដែល​ដូច​ជា​ស្ងាត់​ទៅ​មួយ​រយៈ​នេះ នៅ​មាន​ភាគ​បន្ត​ច្រើន​ទៀត។ ជា​ពិសេស នៅ​ពេល​ដែល​បញ្ហា​ដ៏​រំជើប​រំជួល​នេះ ត្រូវ​បាន​គេ​ភ្ជាប់​ចូល​មក​ក្នុង​បញ្ហា​នយោបាយ។ នៅ​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០១៤ សារព័ត៌មាន​ភ្នំពេញ​ថ្មី បាន​ចេញ​ផ្សាយ​អត្ថបទ​មួយ ដែល​មាន​ចំណង​ជើង​ថា «ទម្លាយ​ពត៌មាន​លោក ថោង សារ៉ាត់ ជា​កូនប្រសា​រលោក កឹម សុខា» ដោយ​លើក​យក​ប្រភព​មិន​ចេញ​អត្តសញ្ញាណ មក​សំអាង​ថា លោក​ឧកញ៉ា​ ថោង សារ៉ាត់ ​គឺ​ជា​​កូនប្រសា​រ​របស់​លោក ​កឹម ​សុខា ​អនុ​ប្រធាន​ទី​១​រដ្ឋសភា និង​ជា​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។

ព័ត៌មាននេះ ត្រូវ​បាន​ទំព័រ​ហ្វេសប៊ុក​មួយ​ចំនួន ដែល​ស្និត​នឹង​គណបក្ស​ប្រជាជន​កម្ពុជា និង​រដ្ឋាភិបាល​លោក ហ៊ុន សែន យក​មក​ចុះ​ផ្សាយ​ជា​បន្ត​បន្ទាប់ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៥​នេះ បង្ក​ឲ្យ​មាន​អ្នក​ចែក​រំលែក និង​ផ្ដល់​ជា​យោបល់​យ៉ាង​ច្រើន​ផុលផុស។ គេហទំព័រ​សារព័ត៌មាន​ភ្នំពេញ​ថ្មី បាន​ដក​ស្រង់​សម្ដី​មន្ត្រី​ជាន់​ខ្ពស់ ដោយ​មិន​បញ្ជាក់​អត្តសញ្ញាណ​​មួយ​រូប មក​​អះ​អាង​ថា ​ពត៌មាន​លោក ថោង សារ៉ាត់ ជា​កូន​ប្រសារ​លោក កឹម សុខា ​ត្រូវ​គេ​​បិទ​បាំង​​ដោយ​សារ​តែ​​លោក ថោង សារ៉ាត់ មាន​​ប្រពន្ធ​​ច្រើន​ពេក ហើយ​​មិន​ដឹង​ថា​​កូន​ស្រី​លោក​ កឹម សុខា ជា​​ប្រពន្ធ​​ទី​ប៉ុន្មាន​នោះឡើយ។ ទន្ទឹម​នឹង​នោះ​ប្រសិនបើ​ពត៌មាន​ខាងលើនេះ ​ត្រូវបាន​គេ​ទម្លាយ​ជា​ផ្លូវការ​នោះ វា​អាច​និង​នាំ​ឲ្យ​ពិបាក​ក្នុងការ​ស៊ើបអង្កេត​ការចាប់ខ្លួន ក្រោមលេស​ហេតុផល​នយោបាយ​។​

​សារព័ត៌មានដដែល បានស្រង់សម្ដីមន្ត្រីជាន់ខ្ពស់លាក់មុខ​រូបនោះ​ និងសម្ដីរបស់បុគ្គលិក​ក្រុមហ៊ុន​ 999  លាក់​មុខដូចគ្នាម្នាក់ទៀត មក​សរសេរបន្តថា លោក ថោង សារ៉ាត់ មាន​ទំនាក់ទំនង​ជិតស្និត ជាមួយលោក កឹម សុខា និងគណបក្ស​សង្គ្រោះ​ជាតិ ដូចជាបាន​ចំណាយ​ទុន​រាប់សិប​ម៉ឺន​ដុល្លារ ដើម្បី​ជួយ​ដល់​គណបក្ស​ប្រឆាំង និង​ណែនាំ​ឲ្យបុគ្គលិក​ និង​អង្គរ័ក្ស​ទាំងអស់​ បោះឆ្នោត​ឲ្យ​គណបក្ស​នេះ។

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូមិនអាចសុំការបញ្ជាក់ពីកញ្ញា កឹម មនោវិទ្យា កូនស្រីច្បងរបស់លោក កឹម សុខា បាននៅឡើយទេ ក្នុងថ្ងៃទី១៤ ខែមករានេះ។ ឯអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលោក យ៉ែម ប៉ុញ្ញារិទ្ធ ក៏​មិនអាចទំនាក់ទំនងបានដែរ ដោយគ្មានអ្នកទទួលទូរស័ព្ទ។ តែបើតាមការបញ្ជាក់របស់លោក រស់ សួរ មន្រ្តី​ជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ បានប្រានចោលនូវការលើកឡើងខាងលើ។ លោកបានចាត់ទុកថា ការលើកឡើងនេះ ជាការបង្កាច់បង្ខូច ការលាបពណ៌ មកលើមន្រ្តីរបស់គណបក្សសង្គ្រោះជាតិ បន្ទាប់ពី​គណបក្ស​មួយនេះ មានប្រជាប្រិយ និងមានការគាំទ្រច្រើនពីប្រជាពលរដ្ឋ ពិសេសអ្នករងគ្រោះ ដោយការបាត់​បង់​ដីធ្លី ផ្ទះសំបែង និងស្រែចំការក្រោយការចូលរដ្ឋសភា។

មន្រ្តីគណបក្សប្រឆាំងរូបនេះបានបន្តថា យ៉ាងណាក៏ដោយ វាជារឿងមួយដែលកំពុងទាញភ្ជាប់ទៅរក​បញ្ហា​នយោបាយ ពី​សំណាក់មន្រ្តីខិលខូច ដែលមិនគាំទ្រនឹងការគាស់កកាយនូវអំពើពុករលួយ និងការនាំកម្ពុជា​ទៅរកនីតិរដ្ឋពិត តាមយន្តការរដ្ឋសភារបស់គណបក្សសង្គ្រោះជាតិនោះ។ លោក រស់ សួរ បាននិយាយ​ទៀត​ថា ស្របពេលដែលអាជ្ញាធរមិនទាន់បានបង្ហាញនូវសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ ក្នុងការស្វែងរក​ឃាតករ​«ពិត» ដែលសម្លាប់លោក អ៊ឹង ម៉េងជឺ និងទន្ទឹមការបំបែក«គ្រិះ» នៃមន្រ្តីមួយចំនួនដែលបានកំពុងចាក់ឬស​យ៉ាងជ្រៅ ក្នុងស្ថាប័ន គ.ជ.ប ឲ្យរលើងបន្តិចម្តងៗ ក៏កើតមានបញ្ហាមួយទៅបញ្ហាមួយជាបន្តបន្ទាប់។

មន្ត្រីជាន់ខ្ពស់រូបនេះ បានបន្តថា ការញុះញង់នេះ ក៏កើតឡើងពីការមិនពេញចិត្តចំពោះសកម្មភាព នៃការ​កោះ​ហៅរដ្ឋមន្រ្តីនៃស្ថាប័នរដ្ឋនានា ដែលមកពីគណបក្សប្រជាជនកម្ពុជា មកធ្វើការសួរឆ្លើយចំពោះមុខសភា នូវ​អំណាច និងការអនុវត្តដែល«គ្មាន»ប្រសិទ្ធិភាព របស់គណបក្សប្រជាជនកម្ពុជាមួយចំនួន នាពេលកន្លងមក​ជាដើម។

ទាក់ទងនឹងកូនស្រីរបស់លោក កឹម សុខា ត្រូវបានលោក រស់ សួរ ចាត់ទុកថា នេះជាការបរិហារកេរ្តិ៍មួយ ដែល​ទំព័រហ្វេសប៊ុកមួយចំនួន បានភ្ជាប់រូបកញ្ញា កឹម មនោវិទ្យា មកជាមួយផង ក្នុងការផ្សព្វផ្សាយព័ត៌មាន​មិន​ពិត​នេះ។ លោក រស់ សួរ បានបញ្ជាក់ថា៖ «កញ្ញាមានសិទ្ធិគ្រប់គ្រាន់ក្នុងការប្តឹង ពីបុគ្គលដែលបានប្រឌិតនូវ​រឿង​នេះឡើង តាមនីតិវិធីតុលាការគ្រប់ពេល ចាប់ពីពេលនេះតទៅ»។

សូមរំលឹកថា មកទល់នឹងពេលនេះសមត្ថកិច្ចកម្ពុជានៅមិនទាន់បង្ហាញពីជំហរ ក្នុងការស្វែងរកចាប់ខ្លួនលោក ថោង សារ៉ាត់ ដែលសង្ស័យថាជាមេក្លោងនៅពីក្រោយ ការបាញ់សម្លាប់លោក អ៊ឹង ម៉េងជឺនៅឡើយ ខណៈ​ដែល​អង្គរ័ក្សរបស់លោក (ថោង សារ៉ាត់) ឪពុកម្តាយ និងមនុស្សមួយចំនួនបាននឹងកំពុងឃុំខ្លួន ក្នុងពន្ធនាគារ​ព្រៃសរ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...