ក្រុុមហ៊ុនទទួលដីសម្បទាននៅមណ្ឌលគីរី ឃើញតែរកស៊ីកាប់ឈើលក់?
- ដោយ: លោក គិន ដោយ គិន ង៉ុយ (ទំនាក់ទំនង [email protected]) - ភ្នំពេញ ថ្ងៃទី២៧ មីនា ២០១៤
- កែប្រែចុងក្រោយ: March 27, 2014
- ប្រធានបទ: ដីធ្លី
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ដីធ្លី - លោក ម៉ៅ ធឿង អាយុ ៦២ ឆ្នាំជាជនជាតិភ្នង ដែលបានរស់នៅក្នុងតំបន់មានជម្លោះនោះ តាំងពីកំណើតមក បានថ្លែងឲ្យដឹង ថា ក្រុមហ៊ុនបានចាប់ផ្តើមមានវត្តមាននៅក្នុងឆ្នាំ ២០១២ ហើយចាប់ពីពេលនោះមក ក្រុមហ៊ុនបានហាមឃាត់ពលរដ្ឋ ពុំឲ្យចូលធ្វើចំការ និងរកអនុផលព្រៃឈើនៅក្នុងតំបន់របស់ពួកគាត់បានទេ។ លោកបានថ្លែងថា៖ «ដីនោះជាដីរបស់ពួកយើង ដែលរដ្ឋាភិបាលបានឲ្យមកយើងតាំងពីឆ្នាំ ១៩៩៩ ស្រាប់តែក្រុមហ៊ុនគេមករំលោភ យករបស់យើង មិនអោយយើងធ្វើអ្វីទាំងអស់ នៅលើដីរបស់យើង»។
លោកបានឲ្យដឹងទៀតថា ក្រុមហ៊ុននេះគេថាមកដាំដើមកៅស៊ូប៉ុន្តែឃើញដាំចំនួនតិចតួចប៉ុណ្ណោះ ប៉ុន្តែអ្វីដែលគេធ្វើនោះ គឺកាប់ព្រៃរបស់សហគមន៍ និងមានម៉ាស៊ីនអាឈើ កាប់ឈើគរជាគំនរដើម្បីលក់។ លោកបានរៀបរាប់ទៀតថា៖ «ក្រុមហ៊ុននេះ ខ្ញុំគិតថាគេមិនធ្វើអ្វីនោះទេ គឺគេមកកាប់តែឈើអស់ហើយ គេនឹងទុកដីនោះចោល»។
លោកបានពន្យល់ថា ពលរដ្ឋនៅក្នុងតំបន់នេះមានចំនួន ១៣៧ គ្រួសារ ដែលមានដី ២៥០ ហិកតាគឺប៉ះពាល់ចំនួន ១៥០ ហិកតា ដូច្នេះលោកសុំឲ្យអាជ្ញាធរឃ្វៀលដីនោះចេញទុកឲ្យពលរដ្ឋ ហើយអនុញ្ញតិឲ្យពលរដ្ឋ អាចចេញចូលរកស៊ីបានដូចមុនពីព្រោះជនជាតិមិនចេះរកស៊ីអីក្រៅពីដឹងជ័រនោះទេ។ លោកបានថ្លែងឲ្យដឹងថា៖ «ប្រជាជនធ្វើអីមិនបានទេ ប៉ុន្តែក្រុមហ៊ុនកាប់ឈើជាគំនរ អត់មានអាជ្ញាធរណាធ្វើដឹង»។
លោក សាន ជិន ជំទប់ទី១ ឃុំសុខសាន និងជាជនរងគ្រោះដែរនោះ បានថ្លែងឲ្យដឹងថា ពលរដ្ឋទាំងអស់ពុំមានចង់បានអ្វី ក្រៅពីទាមទារយកដីវិញ និងឲ្យក្រុមហ៊ុនកំណត់ព្រំដីឲ្យបានច្បាស់ និងនៅឲ្យឆ្ងាយពីដីរបស់ពលរដ្ឋចំងាយ ១០០ម៉ែត្រទៅ ២០០ម៉ែត្រ។ លោកបានបកស្រាយថា៖ «មុនក្រុមហ៊ុនមកដល់ ខាងបរិស្ថានមិនឲ្យប្រជាពលរដ្ឋធ្វើអ្វីលើដីនោះទេ ហើយយើងស្មានតែគេទុកធ្វើអី គេបែរជាទុកឲ្យក្រុមហ៊ុនទៅវិញ។ គេធ្វើបាបប្រជាពលរដ្ឋខ្លួនឯង ដើម្បីផ្គាប់ចិត្តក្រុមហ៊ុន ទោះបី ជាក្រុមហ៊ុនកាប់ឈើយ៉ាងម៉េចក៏គ្មានអាជ្ញាធរណាធ្វើដឹងលឺនោះដែរ។»
លោក មិល សឿង អភិបាលស្រុកកោះញ៉ែក បានថ្លែងឲ្យដឹងថា ពុំមានពលរដ្ឋរឺក៏អាជ្ញាធរភូមិ ឃុំណារាយការណ៍អំពីបញ្ហានោះមកលោកនោះទេ ដូច្នេះពលរដ្ឋត្រូវតែរាយការមកអាជ្ញាធរ។ លោកបានថ្លែងឲ្យដឹងទៀតថា៖ «ពុំមានអ្នកណាហាមឃាត់គាត់មិនឲ្យធ្វើស្រែចំការនោះនោះទេ»។
លិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី ៣ ខែមករា ឆ្នាំ ២០១២ ដែលចុះហត្ថលេខាដោយលោក ម្សាស់ លាស់ ជូនទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានឲ្យដឹងថា រាជរដ្ឋាភិបាលបានយល់ព្រមតាមសំណើរ របស់ក្រសួងបរិស្ថានដោយអនុញ្ញាតិឲ្យក្រុមហ៊ុន ម៉ាស្ទ័រ ខេសាន់ ខូអិលធីឌី ធ្វើការវិនិយោគអភិវឌ្ឍន៍លើវិស័យដំណាំកសិឧស្សាហកម្ម ដំណាំកៅស៊ូ និងសម្រាប់គ្រប់គ្រងអភិរក្សសត្វព្រៃ និងអភិវឌ្ឍន៍ការប្រមាញ់សត្វព្រៃ កំសាន្តប្រកបដោយនិរន្តភាព បម្រើផលប្រយោជន៍សេដ្ឋកិច្ច សង្គមកិច្ច សហគមន៍មូលដ្ឋាន និងការអភិវឌ្ឍន៍តំបន់ទេសចរណ៍ អេកូឡូស៊ីបែបអន្តរជាតិ លើផ្ទៃដីសរុបចំនួន ៦៨៩២ ហិកតា រយៈពេល៧០ ឆ្នាំ ក្នុតតំបន់ដែនជម្រកសត្វព្រៃភ្នំពេ្រច។
មិនអាចធ្វើការទំនាក់ទំនងក្រុមហ៊ុន ក្រុមហ៊ុន ម៉ាស្ទ័រ ខេសាន់ ខូអិលធីឌី ដើម្បីធ្វើការអត្ថាធិប្បាយបានទេ។
លោកយី សុខ សាន្ត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់ សមាគមការពារសិទ្ធិមនុស្សអាដហុក ដែលបានចុះទៅអង្កេតផ្ទាល់ជាមួយគណកម្មាធិការប្រព្រឹតិ្តកម្មបានថ្លែងឲ្យដឹងថា ការផ្តល់ដីសម្បទានទៅឲ្យក្រុមហ៊ុននេះដូចជាមានអាថកំបាំង ពីព្រោះក្រុមហ៊ុនទទួលបានតែលិខិតអនុញ្ញាតិពីទីស្តីការគណៈរដ្ឋមន្ត្រីប៉ុណ្ណោះ ក៏ចាប់ផ្តើមទៅបោះបង្គោលនៅ ក្នុងតំបន់នោះ តាមពិលិខិតគ្រាន់តែអនុញ្ញតិពុំមែនជាអនុក្រិតនោះទេ។ លោកបានថ្លែងឲ្យដឹងថា៖ «អាជ្ញាធរគិតគូរក្រុមហ៊ុនជាងប្រជាជន ដោយយកដីស្របច្បាប់របស់ពលរដ្ឋ ទៅប្រគល់ឲ្យក្រុមហ៊ុនដែលធ្វើឲ្យពួកគាត់ប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ហើយក្រុមនេះមិនទាន់ឃើញធ្វើអ្វីនោះទេក្រៅអំពីកាប់ដើមឈើ»។
បើយោងទៅតាមរបាយការណ៍ បូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំឆ្នាំ ២០១២-២០១៣ និងទិសដៅឆ្នាំ២០១៣-២០១៤ បង្ហាញឲ្យដឹងថា មកទល់ពេលនេះរដ្ឋាភិបាលកម្ពុជា បានផ្តល់គោលការណ៍វិនិយោគ ជូនក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចនិងបានចុះកិច្ចសន្យាជាមួយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សរុបចំនួន ១២១ ក្រុមហ៊ុន លើផ្ទៃដីកិច្ចសន្យាសរុបចំនួន ១.២៣០.៣៦៤ ហិកតា ស្ថិតនៅក្នុងខេត្តចំនួន១៧ ដែលនៅក្នុងនោះក្រុមហ៊ុនមកពីបរទេសសរុបចំនួន ៨២ ក្រុមហ៊ុន លើផ្ទៃដីសរុបចំនួន ៦២០.៩៨៧ ហិកតា។ តែតួលេខទាំងនេះ មានចំនួនតិចជាងអ្វី ដែលខាងអង្គការក្រៅរដ្ឋាភិបាលរកឃើញ៕
រូបភាពលំនៅដ្ឋានរបស់ជនជាតិដើម នៅខេត្តមណ្ឌលគីរី៖