គូររូប និង​តែង​ជា​សត្វ ដើម្បី​បង្ហាញ​«សារ»​ការពារ​សត្វ​ព្រៃ និង​ព្រៃឈើ

«មនុស្សពឹងផ្អែកទៅលើសត្វព្រៃ និងព្រៃឈើហ្នឹងឯង ប្រសិនបើគ្មានវា យើងក៏ពិបាករស់នៅដែរ» នេះជាការលើក​ឡើងរបស់ក្រុមយុវជន ដែលបានមកចូលរួមទិវាបរិស្ថានអន្តរជាតិ។ ដោយក្រុមយុវជនទាំងនោះ មានស្លៀកពាក់​ជា​តំណាងសត្វព្រៃ និងគូរូបដើម និងស្លឹកឈើនៅលើមុខ និងខ្លួន។
Loading...
  • ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៥ មិថុនា ២០១៤
  • កែប្រែចុងក្រោយ: June 05, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«មនុស្សពឹងផ្អែកទៅលើសត្វព្រៃ និងព្រៃឈើហ្នឹងឯង ប្រសិនបើគ្មានវា យើងក៏ពិបាករស់នៅដែរ» នេះជាការលើក​ឡើងរបស់ក្រុមយុវជន ដែលបានមកចូលរួមទិវាបរិស្ថានអន្តរជាតិ។ ដោយក្រុមយុវជនទាំងនោះ មានស្លៀកពាក់​ជា​តំណាងសត្វព្រៃ និងគូរូបដើម និងស្លឹកឈើនៅលើមុខ និងខ្លួន។


យុវជនរូបនេះ គូរមុខតែងខ្លួនហើយវា ធ្វើខ្លួនឲ្យដូចសត្វព្រៃ។ (រូបថត MONOROOM.info/ C.Nita)

បរិស្ថាន - មុនក្បួនដង្ហែរត្រៀមចេញដំណើរ ទៅក្រសួងបរិស្ថាន ដែលជាទីតាំងសំខាន់ នៃក្រុមអ្នកការពារ​ធនធាន​ធម្មជាតិហែរយកញតិទៅដាក់ ក្រុមអ្នកចូលដែលមានពាក់អាវយឺតពណ៌បៃតង ដោយមានអ្នកខ្លះគូរូបស្លឹកឈើ នៅ​លើមុខលើដៃ ដើម្បីបង្ហាញសារដែលពួកគេ បាននឹងកំពុងថែរក្សាបរិស្ថាន និងប្រាប់ដល់រដ្ឋាភិបាលថា គួរតែចាត់​វិធានការឱ្យតឹងរ៉ឹង ទៅលើជនដែលកាប់បំផ្លាញព្រៃឈើ។

កំពុងគូរូបតំណាងឱ្យស្លឹកនៅលើមុខ និងដៃបណ្តើរ យុវជន សំ នៀង ជានិស្សិតឆ្នាំទី៣នៃសាកលវិទ្យល័យ ភូមិន្ទ​ភ្នំពេញបានប្រាប់ ដល់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូបណ្តើរថា ការដែលលោកគូររូបស្លឹកឈើនេះនៅលើដៃ និងមុខ​ដើម្បីតំណាងឱ្យដើមឈើនិងព្រៃឈើទាំងមូល។ រូបតំណាងនេះក៏ជាសារមួយ ដែលបង្ហាញថា ពួកយើងទាំងអស់​គ្នាត្រូវតែចូលរួមការពារព្រៃឈើ និងបរិស្ថានទាំងគ្នា ព្រោះថាបរិស្ថាន និងព្រៃឈើមានសារៈសំខាន់ណាស់ សម្រាប់​ជីវិតមនុស្ស និងសត្វ។ «បើបរិស្ថានកខ្វក់ សុខភាពយើងក៏ទ្រុឌទ្រោមតាមហ្នឹងដែរ»។

យុវជនមួយរូបទៀត ដែលតែងខ្លួន ធ្វើជាសត្វ ជ្រូកព្រៃបានរៀបរាប់ថា កាលពីកន្លងមកតាមដែលឪពុកម្តាយ​បាន​តំណាលប្រាប់ គឺកាលពីមុនសត្វមានមិនចេះខ្វះនោះទេ និងមានសត្វជាច្រើនប្រភេទ។ តែពេលបច្ចប្បន្ននេះ​សត្វ​ព្រៃ​មានតិចតួចបំផុត បើមាន មានតែនៅភ្នំតាម៉ៅ ដែលជាកន្លែងអភិរក្សសត្វព្រៃតែប៉ុណ្ណោះ។ យុវជនរូបនេះរៀបរាប់​បន្ត​ថា៖ «តែបើនៅក្នុងព្រៃវិញ ត្រូវបានគេកាប់បំផ្លាញព្រៃឈើអស់ហើយ អត់មានជំរកស្នាក់នៅសត្វ ក៏វាវិនាស​ហិន​ហោច​ទៅតាមហ្នឹងដែរ»។

អ្វីដែលធ្វើឱ្យ យ៉ាន់ ធី តែងខ្លួនជាសត្វជ្រូកព្រៃ ដោយសារតែលោកមិនដែលបានឃើញ សត្វជ្រូកព្រៃដោយ​ផ្ទាល់​ភ្នែកនោះ ឃើញតែនៅក្នុងទូរទស្សន៍ និងលឺតាមចាស់ៗនិយាយតែប៉ុណ្ណោះ។ ម្យ៉ាងវិញ ក៏ជួយឱ្យក្មេងជំនាន់ក្រោយ ដែលមិនទាន់បានស្គាល់សត្វជ្រូកព្រៃនេះ ឱ្យគាត់បានឃើញថា សត្វជ្រូកព្រៃគឺមានរូបរាងបែបហ្នឹង។ យុវជន​ដែល​មកសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជារូបនេះ បន្ថែមថា លោកសូមស្នើឱ្យរដ្ឋាភិបាល សូមជួយ​ទប់​ស្កាត់ការកាប់បំផ្លាញព្រៃឈើ បើព្រៃឈើនៅ សត្វព្រៃក៏មិនវិនាសទៀតដែរ។

កញ្ញ គង់ ស្រីលីន ជានិស្សិតស្ម័គ្រចិត្តនៃអង្គកាកម្មវិធីអភិវឌ្ឍធនធានយុវជន បានឱ្យដឹងដែរថា ការតែងខ្លួនជារូប​សត្វព្រៃតាមប្រភេទផ្សេងៗ និងមានគូរូបតំណាងឱ្យដើម គឺដើម្បីជាការផ្ញើសារទៅ​កាន់រដ្ឋាភិបាលឱ្យកាត់​បន្ថយ​ការ​កាប់ផ្លាញព្រៃ និងសំលាប់សត្វព្រៃ។

«បើសិនជាយើងបាត់បង់ព្រៃឈើ ដូចយើងបានឃើញហើយ កាលបី១៥ឆ្នាំមុនមិនសូវឃើញ​មានបញ្ហាក្តៅខ្លាំង​ដូច​សព្វថ្ងៃនេះទេ តែបើយើងក្រលេកមើលមកសព្វថ្ងៃនេះវិញ មានការក្តៅខ្លាំង ហើយអាកាសធាតុ​មានការ​ប្រែប្រូល​រហូត។ ហើយបើយើងនៅតែបន្តកាប់ព្រៃ មិនដាំបន្តទៀត ខ្ញុំគិតបរិស្ថានយើងនឹងហិនហោចអស់ ការប្រែប្រូល​អាកាសធាតុ​នឹងកាន់តែខ្លាំងទៅៗ ហើយនឹងមានគ្រោះមហន្តរាយកាន់តែខ្លាំង ដែលយើងមិនអាចទប់ស្កាត់បាន»។ នេះជាការបញ្ជាក់បន្ថែម របស់និស្សិតស្រីខាងលើ។

សូមបញ្ជាក់ថា នៅថ្ងៃទី០៥ ខែមិថុនា ដែលជាថ្ងៃទិវាបរិស្ថានពិភពលោក សកម្មជនការពារបរិស្ថាន និងអ្នកការពារ​ធនធានធម្មជាតិជាង៣០០នាក់ បានប្រមូលផ្តុំគ្នា នៅមុខក្រសួងទំនាក់ទំនងរដ្ឋសភា និងព្រឹទ្ធសភាដើម្បីដង្ហែក្បួន ទៅតាមក្រសួងពាក់ព័ន្ធនានាដូចជាក្រសួងបរិស្ថាន ដើម្បីដាក់ញត្តិស្នើសុំអោយរដ្ឋមន្ត្រីនៃក្រសួងទាំងនោះ ពិនិត្យ​ឡើង វិញរាល់កិច្ចសន្យានៃគម្រោងអភិវឌ្ឍន៍ ដែលនាំដល់ការកាប់បំផ្លាញព្រៃឈើ ។ ជាពិសេសកម្មជនជនទាំងនោះ មានការព្រួយបារម្ភជាខ្លាំងចំបោះការបាត់បង់ធនធានធម្មជាតិនានា ជាពិសេសព្រៃឈើដែលធ្វើឱ្យប៉ះពាល់បរិស្ថាន។

នៅព្រឹកនេះដែរ ខាងកងសន្តិសុខ បានមកធ្វើការរារាំងមិនឱ្យក្បួនដង្ហែរទៅក្រសួងបរិស្ថាន ដោយមានតំណាង​មន្រ្តី​ពីក្រសួងបរិស្ថាន និងក្រសួងកសិកម្មមកទទួលញតិដោយផ្ទាល់នៅទីនោះ៕

រូបភាពមួយចំនួនទៀត ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...