ប្រចៀវ«ជញ្ជាក់ឈាម»សម្លាប់កុមារ១២នាក់ នៅប៉េរូ
- ដោយ: ឈូករ័ត្ន អត្ថបទ និងយកការណ៍៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី១២ កុម្ភៈ ២០១៦
- កែប្រែចុងក្រោយ: February 13, 2016
- ប្រធានបទ: សុខភាព
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការប្រកាសអាសន្ន ផ្នែកសុខាភិបាលមួយ ត្រូវបានធ្វើឡើង នៅក្នុងតំបន់ «Loreto» ចំងាយប្រមាណជា១១០០គីឡូម៉ែត្រ ពីរដ្ឋធានី លីម៉ា (Lima) នៃប្រទេសប៉េរូ ក្បែនឹងព្រំដែន ជាមួយប្រទេស អេក្វាទ័រ ដែលស្ថិតក្នុងទ្វីបអាមេរិកខាងត្បូង។ សេចក្ដីប្រកាសអាសន្ននោះ នឹងអនុញ្ញាតឲ្យអាជ្ញាធរដាក់ពង្រាយ នូវការជួយសង្គ្រោះជាបន្ទាន់ រាប់តាំងបុគ្គលិក និងសម្ភារៈ ដើម្បីទប់ស្កាត់នូវការចម្លងមេរោគដ៏ប្រល័យមួយ ដែលពាំនាំមកឲ្យមនុស្ស ដោយហ្វូងសត្វប្រចៀវ «ជញ្ជក់ឈាម»។ នេះបើតាមការប្រកាស របស់រដ្ឋមន្ត្រីសុខាភិបាលរបស់ប្រទេសប៉េរូ លោក អានីបាល់ វ៉េឡាស្កេស៍ (Anibal Velasquez) នៅតាមកញ្ចាក់ទូរទស្សន៍។
ស្រង់សំដីដោយទីភ្នាក់ងារព័ត៌មានបារាំង (AFP) ប្រធានការិយាល័យសុខភាព ប្រចាំតំបន់ខាងលើ លោក ហែម៉ាន់ ស៊ីលវ៉ា (Hermann Silva) បានថ្លែងឲ្យដឹងថា៖ «ដោយយោងទៅលើអាការៈរោគ និងរបាយការណ៍ វេជ្ជសាស្ត្រ បានឲ្យដឹងថា កុមារទាំងពីរនាក់ ដែលរស់នៅក្នុងសហគមន៍ចំនួនពីរ បានស្លាប់ដោយសារមេរោគម្យ៉ាង ដែលចូលទៅបង្កភាពវង្វេង ឬឆ្កួតលីលា នៅក្នុងខួរក្បាល»។ លោកនិយបាយថា ជនរងគ្រោះទាំងនោះ ត្រូវបានខាំដោយសត្វប្រជៀវ«ជញ្ជក់ឈាម» (ប្រចៀវប្រភេទនេះ ជញ្ជក់ឈាម មនុស្ស-សត្វ ដើម្បីចិញ្ចឹមជីវិត - Editor's Note) ដែលរស់នៅយ៉ាងច្រើន នៅក្នុងតំបន់នោះ។
អំពើអាបធ្មប់...
បើតាមមន្ត្រីសុខាភិបាល បានឲ្យដឹងថា កុមារទាំងនោះ ដែលមានអាយុរវាង ពី៨ ទៅ១៥ឆ្នាំ បានស្លាប់ជាបន្តបន្ទាប់ រាប់តាំងពីខែកញ្ញា ឆ្នាំទៅម៉ិញ រហូតមកទល់នឹងខែកុម្ភៈ ឆ្នាំនេះ។ កុមារដែលស្លាប់ក្រោយគេ គឺនៅថ្ងៃពុធ ទី១០ ខែកុម្ភៈ កន្លងមក។ នៅវេលានេះ កុមារម្នាក់អាយុ៩ឆ្នាំ និងស្ត្រីម្នាក់ទៀត អាយុ២២ឆ្នាំ កំពុងស្ថិតក្នុងការព្យាបាលនៅឡើយ និងអាចព្យាបាលបាន។
បន្ទាប់ពីធ្វើដំណើរ ទៅកាន់តំបន់ដែលរងគ្រោះនោះរួច លោក ហែម៉ាន់ ស៊ីលវ៉ា បានរៀបរាប់បន្តថា៖ «យើងបានជួបជាមួយ នឹងប្រជាសហគមន៍ "Apus" នៅក្នុងតំបន់ ហើយអ្នកស្រុកគិតថា កុមារទាំងនេះស្លាប់ ដោយសារអំពើអាបធ្មប់។ អញ្ចឹងហើយ ទើបពួកគេបានរាយការណ៍ ប្រាប់យើងពីអាការៈនៃជំងឺនេះ ជាបន្ទាន់។»
ក្រសួងសុខាភិបាល របស់ប្រទេសប៉េរូ បានបញ្ជូនបុគ្គលិកផ្នែកសុខភាពជាច្រើននាក់ និងថ្នាំវ៉ាក់សាំង ចំនួន២០ ០០០ ដូស (Dose) ដើម្បីទៅធ្វើការការពារអ្នកស្រុក ដែលរស់នៅក្នុងតំបន់ដាច់ស្រយ៉ាល ពីជំងឺដ៏ប្រល័យ។ ក្រុមអ្នកជួយសង្គ្រោះ និងសម្ភារៈថ្នាំសង្កូវទាំងនោះ ត្រូវបានបញ្ជូនទៅកាន់ទីនោះ តាមរយៈផ្លូវទឹក និងតាមឧទ្ធម្ភាគចក្រ។
ជំងឺ«ឆ្កួតវង្វេងវង្វាន់» (ខ្មែរយើងស្គាល់ថា ជាជំងឺ"ឆ្កែឆ្កួត) បានសម្លាប់មនុស្ស ប្រមាណជា ៥៥០០០នាក់ នៅក្នុងពិភពលោក។ នៅក្នុងចំណោមជនរងគ្រោះ ទាំងនោះ ភាគច្រើនត្រូវបានចម្លង មកអ្នកជំងឺ តាមយៈឆ្កែខាំ។ នេះបើតាមរបាយការណ៍មួយ របស់វិទ្យាស្ថានប៉ាស្ទ័រ នៃប្រទេសបារាំង៕
» វីដេអូដែលទាក់ទង ដើម្បីស្វែងយល់ពីសត្វប្រចៀវ «ជញ្ជក់ឈាម»៖