យន្ដហោះបាត់ខ្លួន៖ «ទទួលរលកសញ្ញាពីប្រអប់ខ្មៅ» ក្នុងសមុទ្រឥណ្ឌា
សារព័ត៌មានផ្លូវការរបស់ចិន បានរាយការណ៍ថា ក្រុមអ្នកស៊ើបអង្កេត ស្វែងរកយន្ដហោះប៊ូអីង ៧៧៧ បាត់ខ្លួន បានរកឃើញរលកសញ្ញាមួយ នៅក្នុងមហាសមុទ្រឥណ្ឌា នៅថ្ងៃសៅរ៍ទី៥ ខែមេសានេះ។ សារព័ត៌មានចិនថ្មី បានសរសេរបន្តទៀតថា នៅក្នុងពេលនេះ គេនៅមិនទាន់ជឿជាក់នៅឡើយថា រលកសញ្ញាដែលរកឃើញ អាចមានការជាប់ទាក់ទង ជាមួយនឹងយន្ដហោះនៃជើងហោះហើរ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីអ៊ែរឡាញ បាត់ខ្លួនតាំងពីមួយខែមុន។
សាច់ញាតិរបស់ជនរងគ្រោះ នៅជិតរូបយន្ដហោះរបស់ក្រុមហ៊ុនម៉ាឡេស៊ីអែឡាញ។ (រូបថត straitstimes.com)
បាត់យន្ដហោះ - បេសកកម្មស្វែងរកយន្ដហោះបាត់ខ្លួន ជាមួយនឹងអ្នកដំណើរ២៣៩នាក់នៅលើនោះ បានចូលមកដល់ដំណាក់កាលថ្មីមួយទៀត។ ឧបករណ៍ជំនាញខាងរុករករលកសញ្ញា របស់ប្រអប់ខ្មៅនៅក្នុងយន្ដហោះ ដែលត្រូវបានបំពាក់នៅលើនាវារុករករបស់ចិន បានទទួលរលកសញ្ញាមួយ នៅក្នុងលំហខាងត្បូង នៃមហាសមុទ្រឥណ្ឌា។ នេះបើតាមការផ្សាយឲ្យដឹង របស់សារព័ត៌មានផ្លូវការរបស់ប្រទេសចិន មានឈ្មោះថា ចិនថ្មី នៅថ្ងៃសៅរ៍។
រលកសញ្ញាមានកម្លាំង 37,5 kHz ក្នុងមួយវិនាទី ដែលដូចគ្នាទៅនឹងរលកសញ្ញាដែលផ្ដល់ដោយ ឧបករណ៍ថតសម្លេងរបស់យន្ដហោះខាងលើ។ ឧបករណ៍ស្វែងរកប្រអប់ខ្មៅ ត្រូវបានបំពាក់នៅជាមួយនឹងនាវារបស់ចិន ឈ្មោះ Haixun 01 បានទទួលរលកសញ្ញានេះ នៅប្រមាណជា២០ឌឺក្រេ នៃខ្សែបន្ទាត់ទទឹងខាងត្បូង និង១០ឌឺក្រេ នៃខ្សែបន្ទាត់បណ្ដោយខាងកើតរបស់ផែនដី។
ក្ដីសង្ឃឹមចុងក្រោយ ដើម្បីដឹងពីអាថ៌កំបាំង?
បើតាមសារព័ត៌មានចិនដដែលបានឲ្យដឹងទៀតថា គេកំពុងកំណត់ពីរលកសញ្ញានេះ ថាជារលកសញ្ញានៃយន្ដហោះបាត់ខ្លួនឬយ៉ាងណា។ អាជ្ញាធររបស់ប្រទេសម៉ាឡេស៊ី បានរំពឹងថា បើតាមទិន្នន័យផ្ដល់ដោយប្រព័ន្ធផ្កាយរណប យន្ដហោះប៊ូអីង ត្រូវបានធ្លាក់នៅក្នុងមហាសមុទ្រឥណ្ឌាខាងត្បូង ក្នុងតំបន់ភាគខាងលិចនៃកោះអូស្ត្រាលី ទីកន្លែងដែលយទ្ធនាការរុករក បានកំពុងបន្តធ្វើយ៉ាងស្វាហាប់។
អាជ្ញាធរនៅតែមិនអាចពន្យល់បាននៅឡើយ រហូតមកទល់នឹងពេលនេះ ពីវិធីសាស្ត្រ និងពីមូលហេតុ ដែលបណ្ដាលឲ្យយន្ដហោះ បានបាត់ខ្លួនយ៉ាងអាថ៌កំបាំង យ៉ាងដូច្នេះ។ រូបភាពជាច្រើនពីវត្ថុអណ្ដែតលើផ្ទៃសមុទ្រ ត្រូវបានប្រព័ន្ធផ្កាយរណបថតឆ្លុះឃើញ តែវត្ថុដែលស្រង់យកបានមក មិនមែនជាបំណែករបស់យន្ដហោះប៊ូអីងនោះទេ។
សូមបញ្ជាក់ថា ប្រអប់ខ្មៅរបស់យន្ដហោះ ដែលគេនៅមិនទាន់បានរកឃើញនេះ មានអាយុកាលត្រឹមតែ៣០ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីវាបានធ្លាក់ចូលទៅក្នុងទឹក។ ដូច្នេះក្ដីសង្ឃឹមនៃស្វែងរកពន្លឺពីការបាត់ខ្លួនរបស់យន្ដហោះ មកទល់ថ្ងៃនេះ អាចនឹងកាន់តែស្ដើងទៅៗ៕
-----------------------------------------------
ដោយ កេសរកូល (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី៥ មេសា ២០១៤