«Thai Airways» ហាម​មនុស្ស​ធាត់​ជិះក្នុង​បន្ទប់​​ថ្នាក់​លេខ១

ដើម្បីអាចហោះហើរ និងអង្គុយ នៅក្នុងផ្នែកថ្នាក់លេខមួយ ជាមួយនឹងក្រុមហ៊ុនអាកាសចរណ័ «Thai Airways» គេចាំបាច់ត្រូវបានទំហំចង្កេះ តូចជាង១៤២សង់ទីម៉ែត្រ។ ព្រោះនៅនឹងកៅអី សម្រាប់អ្នកជំនួយៗ ឬមន្ត្រីជាន់ខ្ពស់ នៅក្នុងថ្នាក់ «Bussiness Class» មិនបានបំពាក់ខ្សែក្រវ៉ាត់ ដែលវែងទូលាយ​ជាងនេះទេ។
«Thai Airways» ហាម​មនុស្ស​ធាត់​ជិះក្នុង​បន្ទប់​​ថ្នាក់​លេខ១
រូបជំនួសបង្ហាញពីបុរសធាត់ចុកខ្លាញ់មួយរូប អង្គុយនៅក្នុងយន្ដហោះ ក្នុងបន្ទប់របស់អ្នកដំណើរធម្មតា។ (រូបថតឯកសារ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស​ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨
  • កែប្រែចុងក្រោយ: April 04, 2018
  • ប្រធានបទ: ពីនេះពីនោះ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការប្រកាសរបស់ក្រុមហ៊ុនអាកាសចរណ៍ ហាក់មានបំណងផ្ដល់ការធានា ទៅដល់អ្នកមានប្រាក់ទាំងឡាយ ដែលចង់ចំណាយ ដើម្បីបានអង្គុយ នៅក្នុងផ្នែកថ្នាក់លេខមួយ ឬ «Bussiness Class»  របស់យន្ដហោះថ្មី ធុន «Boeing 787-9» ដែលហៅម្យ៉ាងទៀតថា «Dreamliners»។ ផ្ទុយទៅវិញ សេចក្ដីប្រកាសព័ត៌មាននោះ បែរជាទទួលបានមកវិញ នូវប្រតិកម្មយ៉ាងខ្លាំងក្លា។

កាលពីពីរសប្ដាហ៍មុន លោក «Pratthana Pattanasirim» អ្នកទទួលខុសត្រូវផ្នែកសុវត្ថិភាព នៃក្រុមហ៊ុនអាកាសចរណ៍ «Thai Airways» បានប្រកាសថា រាល់កៅអីអង្គុយ នៅក្នុងបន្ទប់ថ្នាក់លេខមួយ នៃយន្ដហោះប្រភេទខាងលើ ចំនួនពីរ ដែលក្រុមហ៊ុនទើបនឹងទិញ ត្រូបានបំពាក់ដោយខ្សែក្រវ៉ាត់ថ្មី ដោយឆ្នៃមកជាមួយ នូវពោងខ្យល់ ដាក់ក្នុងខ្សែក្រវ៉ាត់ នោះផង។

តែដើម្បីអាចទទួលអារម្មណ៍«រំភើប» ជាមួយខ្សែក្រវ៉ាត់ថ្មីមួយនេះ ក្រុមហ៊ុន «Thai Airways» ចាំបាច់ត្រូវធ្វើការ«លះបង់»។ ព្រោះខ្សែក្រវ៉ាត់ថ្មីនេះ មិនអាចពន្លូត ឬទាញវា ឲ្យបានវែងជាងប្រវែង ដែលគេបានឆ្នៃម៉ូដ មកនោះទេ។ ដូច្នេះ មនុស្សទាំងឡាយ ដែលមានចង្កេះធំជាង ១៤២សង់ទីម៉ែត្រ មិនអាចអង្គុយនៅលើ​កៅអី​ ថ្នាក់ទីមួយ នោះបានឡើយ។ នេះបើតាមការផ្សាយ របស់កាសែត «Bangkok Post»។

កាសែតបានបញ្ជាក់ទៀតថា ការលះបង់របស់ក្រុមហ៊ុន មិនមែនមានតែមនុស្សធាត់ ចុកខ្លាញ់ប៉ុណ្ណោះទេ តែការហាមឃាត់ខាងលើ ក៏ត្រូវអនុវត្តន៍ ទៅលើអ្នកដំណើរទាំងឡាយណា ដែលមានកូនតូច​មកជាមួយ (ដាក់កូនឲ្យអង្គុយលើភ្លៅ) នោះដែរ។

បន្ទាប់ពីដំណឹងនេះ ចេញផ្សាយជាផ្លូវការ កាសែតថៃមួយទៀត ឈ្មោះ «The Nation» បានចេញអត្ថបទមួយ ដាក់ចំណងជើងបែបចំអក ឲ្យថា៖ «មនុស្សធាត់ចុះខ្លាញ់ ត្រូវបានហាមឃាត់ នៅលើយន្ដហោះ "Dreamliner"»។

ការហាមឃាត់មនុស្សចុកខ្លាញ់ មិនឲ្យធ្វើដំណើរ ក្នុងសភាពធម្មតា ដូចគេឯងនោះ មិនមែនទើបកើតមាន សម្រាប់ក្រុមហ៊ុន «Thai Airways» មួយទេ។ កាលពីខែវិច្ឆិកាមុន ក្រុមហ៊ុនអាកាសចរណ៍ «Finnair» របស់ប្រទេសហ្វាំងឡង់ បានប្រកាសពីគម្រោង ថ្លឹងទម្ងន់អ្នកដំណើរ ដើម្បីកាត់បន្ថយការចំណាយ នៅក្នុងការបង្ហោះយន្ដហោះឡើង។

នៅពេលដែលដឹង ពីទម្ងន់ពិតប្រាកដ របស់អ្នកដំណើរ ក៏ដូចជាឥវ៉ាន់ របស់អ្នកដំណើរ វានឹងបង្កភាពងាយស្រួល ក្នុងការប៉ាន់ប្រមាណ ពីចំណុះប្រេងឥន្ទនៈ ដែលត្រូវចាក់ចូលយន្ដហោះ នៅមុនយន្ដហោះចេញដំណើរ។

រីឯ​ក្រុមហ៊ុន​អាកាសចរណ៍​មុនគេ ដែលកំណត់យកលុយ ពីអ្នកដំណើរ ដោយអាស្រ័យតាមទំងន់នោះ គឺក្រុមហ៊ុន «Samoa Air» របស់ប្រទេស «Samoa» ដែលជាប្រជុំកោះមួយ ស្ថិតនៅភាគខាងត្បូង នៃមហាសមុទ្រប៉ាស៊ីភិក។ សំបុត្រយន្ដហោះ ដែលអ្នកដំណើរទិញ ដើម្បីជិះយន្ដហោះ​ឆ្លងកោះ ក្នុងប្រទេស ត្រូវគណនា តាមទំងន់របស់​អ្នកដំណើររូបនោះ រវាងពី ០,៩៣ដុល្លារ ទៅ១,០៦ដុល្លារ ក្នុងមួយគីឡូក្រាម៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...