ឥណ្ឌូនេស៊ី៖ យន្ដហោះចុះចតទៅបុក«សត្វគោ» បង្កគ្រោះថ្នាក់ (VDO)
អ្នកទទួលខុសត្រូវមួយរូបបានថ្លែងឲ្យដឹងថា យន្ដហោះមួយគ្រឿង របស់ក្រុមហ៊ុន ឡាយអន អ៊ែរ (Lion Air) របស់ប្រទេសឥណ្ឌូនេស៊ី បានហោះទៅបុក«គោ»មួយក្បាល ដែលឈរនៅលើផ្លូវឈប់សំចតរបស់យន្ដហោះ នៅព្រលានយន្ដហោះមួយផ្នែកខាងលិចនៃប្រទេស។
យន្ដហោះឡាយអនអ៊ែរ ដែលចុះចតទៅបុកសត្វគោ។ (រូបថត Antara/Adiwinata Solihin)
អ្នកដំណើរ១១៧នាក់ ដែលនៅលើយន្ដហោះប្រភេទ ប៊ូអ៊ីញ ៧៣៧-៨០០ នេះ មិនមាននរណាម្នាក់រងរបួសនោះទេ បើទោះជាគ្រោះថ្នាក់បង្កការខូចខាតយន្ដហោះខ្លះៗក៏ដោយ ។ ជើងហោះហើរប្រមាណជា ១០០ផ្សេងទៀត ត្រូវបានលប់ចោល ធ្វើឲ្យអ្នកដំណើរច្រើនរយនាក់ផ្សេងទៀត ជាប់គាំងធ្វើដំណើរទៅណាមិនរួច សម្រាប់បុណ្យឈប់សម្រាកសាសនាមួយ។
គ្រោះថ្នាក់បានកើតឡើងនៅយប់ថ្ងៃអង្គារ នៅពេលដែលយន្ដហោះព្យាយាមចុះចត នៅព្រលានយន្ដហោះ ចាឡាលូដាំង (Jalaluddin) ក្នុងខេត្តហ្គូរ៉ុងតាឡូ (Gorontalo)។ នេះជាការបញ្ជាក់ថារបស់អ្នកនាំពាក្យក្រសួងដឹកជញ្ជូន លោក បំបង អេវ៉ង់ (Bambang Ervan)។ លោក បានលំអិតថាថា អ្នកដំណើរមាន១១០នាក់ រួមនឹងបុគ្គលិកបម្រើការលើយន្ដហោះ ៧នាក់ទៀត។
លោក អេវ៉ង់ បានគូសបញ្ជាក់ដែរថា គោចំនួនបីក្បាល បានដើរឆ្លងកាត់ផ្លូវយន្ដហោះចុះចត ហើយយន្ដហោះបានប៉ះយ៉ាងហោចណាស់ គោមួយក្បាលពីចំណោមនោះ បន្ទាប់មកបានវេចង្កូតបាត់លំនឹង មុននឹងឈប់នៅស្ងៀម។
ការស៊ើបអង្កេតមួយ ត្រូវបានបើកធ្វើឡើងដើម្បីស្វែងរកការពិតពីហេតុការណ៍នេះ។
តំណាងម្នាក់របស់ព្រលានយន្ដហោះ បានអះអាងពីការលប់ចោលជើងហោះហើរជាច្រើន ប៉ុន្តែនិយាយថា ការចុះចតបានបើកដំណើរការឡើងវិញនៅថ្ងៃពុធនេះ។
សូមរំឮកថា កាលពីខែមេសាកន្លងមក យន្ដហោះមួយគ្រឿងទៀតរបស់ក្រុមហ៊ុន ដដែល ហើយបានធ្លាក់ទៅក្នុងសមុទ្រ ក្រោយពីបានខកខានក្នុងការចុះចតនៅព្រលានយន្ដហោះ នៃទីក្រុងបាលី។ គ្រោះថ្នាក់នោះ មិនបានធ្វើឲ្យអ្នកដំណើរ១០៨នាក់រងគ្រោះអ្វីឡើយ។ ក្រុមហ៊ុនអាកាសចរណ៍ ឡាយអន អ៊ែរ របស់ឥណ្ឌូនេស៊ី ត្រូវបានចារក្នុងបញ្ជីក្រហមរបស់បស្ចឹមលោក ដែលហាមមិនឲ្យហោះចូលទៅកាន់លំហរមេឃនៃប្រទេសទាំងនោះ៕
រូបថត និងវីដេអូមួយចំនួន៖
------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ