ឥណ្ឌា៖ កុមារីម្នាក់ត្រូវបានដុតទាំងរស់ បន្ទាប់ពីរងការប៉ុនប៉ងរំលោភ
កុមារីមួយរូបអាយុ១១ឆ្នាំ ដែលត្រូវបានដុតទាំងរស់ដោយក្រុមជនល្មើស បានស្លាប់នៅថ្ងៃអាទិត្យកន្លងមកនេះ ដោយសារតែ របួសរបស់នាងមានភាពធ្ងន់ធ្ងរពេក។ ជាហេតុការណ៍ដ៏រន្ធត់ថ្មីមួយទៀត ដែលបានកើតនៅប្រទេសឥណ្ឌា ប្រទេសដែល បច្ចុប្បន្ននេះល្បីឈ្មោះ ខាងការរំលោភសេពសន្ធវៈទៅលើស្ត្រី។
ចលនាមហាជន ដុតទៀនឧទ្ទិសទៅជនរងគ្រោះ នឹងការរំលោភសេពសន្ធវៈ។ (រូបថត AP Photo/Dar Yasin)
ដំណឹងគួរឲ្យរន្ធត់បានធ្លាក់មកដដែលៗទៀត ស្ដីពីការរំលោភសេពសន្ធវៈលើស្ត្រី។ កុមារីម្នាក់អាយុ១១ឆ្នាំ បានស្លាប់បាត់បង់ជីវិត ដោយរងនូវការដុតទាំងរស់ ជាមួយនឹងប្រេងសាំង (ចាក់យន្ដហោះ) ដែលក្រុមជនល្មើសបានចាក់ស្រោចទៅលើខ្លួននាងតូច បន្ទាប់ពីក្រុមនេះបានប៉ុនប៉ងរំលោភនាងនោះមក។ មរណភាពនេះ បានកើតឡើងតាំងពីថ្ងៃអាទិត្យទីឲខែសីហា ឆ្នាំ២០១៣ នៅក្នុងមន្ទីរពទ្យមួយ នៅបឹងហ្គាល់ ផ្នែកខាងជើងនៃប្រទេស។
នាយកមន្ទីរពេទ្យបាននិយាយថា «អ្នកជម្ងឺបានរងនូវការឆេះកម្លោចយ៉ាងខ្លាំង ដែលជាហេតុធ្វើឲ្យនាងមិនអាចទ្រាំទ្របានតទៅទៀត»។ លោកបានឲ្យដឹងទៀតថា កុមារីរងគ្រោះ មានរាងកាយ៧០% ត្រូវបានដុតឆេះ។
នាងចង់រាយការណ៍ប្រាប់ឪពុកម្ដាយនាង
សារព័ត៌មាន ថែម របស់ឥណ្ឌា (Times of India) បានលំអិតពីហេតុការណ៍នេះថា ការបំពារបំពានបានកើតឡើង នៅថ្ងៃពុធសប្ដាហ៍មុន នៅក្នុងទីក្រុងសាលគីយ៉ា (Salkia)។ ក្រោយពីរងនូវការប៉ុនប៉ងចាប់រំលោភ ពីបុរសពីរនាក់នោះមក កុមារីកំសត់ទំនងជាបាននិយាយទៅកាន់ជនល្មើស ថានាងបានស្គាល់ពួកនេះ និងបានគម្រាមថានាងនឹងរាយការណ៍ប្រាប់ឪពុកម្ដាយរបស់នាង។ ជាពាក្យសម្ដី ដែលបានជម្រុញក្រុមចាប់រំលោភ ឲ្យឈានទៅប្រើប្រាស់នូវអំពើព្រៃផ្សៃ៖ ចាក់សាំងស្រោចដុតនាងទាំងរស់។
សារព័ត៌មានដដែលបន្ថែមថា ជនសង្ស័យម្នាក់អាយុ១៨ឆ្នាំ ត្រូវបានចាប់ខ្លួននៅថ្ងៃអាទិត្យ ពីបទរំលោភ និងឃាតកម្ម ក្នុងករណីនេះ។
ប៉ុន្តែហេតុការណ៍ដ៏អាស្រូវនេះ បានបន្តផ្ទុះថែមទៀត នូវអំពើហិង្សាទៅលើស្ត្រី នៅក្នុងប្រទេសមួយដែលមានឈ្មោះមិនសូវល្អស្រាប់ ទាក់ទងនឹងករណីចាប់រំលោភ។ គេនៅចាំបាន ការរំលោភជាក្រុមដ៏សាហាវមួយ បានកើតទៅលើយុវតី ជានិស្សិតមួយរូប នៅលើរថយន្ដក្រុង កាលពីខែធ្នូកន្លងទៅ។ ជាសកម្មភាពដ៏ជួរជាតិ ដែលនាំទៅដល់ការអនុម័ត្រច្បាប់ កាលពីថ្ងៃទី២ ខែមេសាមុន ដើម្បីបន្ថែមទោសជាអតិបរិមា ទៅលើជនល្មើស៕
--------------------------------------------------
ដោយ ឈូករ័ត្ន - ប៉ារីស ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ