វៀតណាម៖ ឃាត់ខ្លួនបាតុករ នៅមុខស្ថានទូតចិននៅហាណូយ
កងកម្លាំងនគរបាល របស់ប្រទេសកុម្មុយនីស វៀតណាម បានបំបែកជួរអ្នកធ្វើបាតុកម្ម ប្រឆាំងចិន នៅក្នុងទីក្រុងពីរនៃប្រទេសនេះ ដោយបានឃាត់ខ្លួនបាតុករទាំងនោះ ចំនួនជាង២០នាក់។ បាតុកម្មដែលមានរូបរាងឡើង នៅក្នុងប្រទេសវៀតណាម ក្រោយពេល ដែលភាពតានតឹង បានកើតមានឡើងវិញ ជុំវិញជម្លោះដែនសមុទ្រចិនខាងត្បូង ដែលទីក្រុងប៉េកាំង បានប្រកាសអធិបតេយ្យភាព។
ក្បួនដង្ហែរបស់ក្រុមអ្នកតវ៉ាវៀតណាម ប្រមាណជា២០០នាក់ តាមដងផ្លូវរបស់ទីក្រុងហាណូយ។
រូបថត beijingshots.com។
ភាពខឹងសម្បារប្រឆាំងប្រទេសចិនបែបនេះ ជាសំនុំរឿងរសើបយ៉ាងខ្លាំងមួយ សម្រាប់ក្រុមមេដឹកនាំនៃប្រទេសវៀតណាម ព្រោះពួក បាតុករអាចនឹងបំបែរទិសដៅរបស់ពួកគេ ដែលកំពុងធ្វើប្រឆាំងទីក្រុងប៉េកាំង អោយមកប្រឆាំងទល់នឹង របបកុម្មុយនីសវៀតណាមវិញ។
នគរបាលបានអនុញ្ញាតិអោយមនុស្សអ្នកតវ៉ា ប្រមាណជា ២០០នាក់ ដើរជាក្បួននៅតាមដងផ្លូវ ចាប់ផ្ដើមពីរោងល្ខោនរបស់ទីក្រុងហាណូយ តែបានបញ្ជានៅទីបំផុត អោយបំបែកជួរបាតុកម្មនេះ នៅ៣០នាទីក្រោយមក។ ខណៈដែលអ្នកតវ៉ាជាច្រើននៅតែបន្ត អាជ្ញាធរបានរុញពួកគេ និងបោះចូលក្នុងរថយន្ដក្រុងដ៏ធំមួយ ហើយបានបើកចាកចេញពីទីកន្លែងនោះភ្លាម។
ប្រទេសវៀតណាម និងចិន ជាប្រទេសប្រកាន់ប្រព័ន្ធនយោបាយកុម្មុយនីសពីរ ដែលមិនដែលបើកទូលាយខាងសិទ្ធរបស់ពលរដ្ឋ ក្នុងការចុះដើរធ្វើបាតុកម្មនោះទេ។ ប្រទេសទាំងពីរ មានទំនាស់នឹងគ្នាតាំងពីយូយាណាស់មកហើយ ស្ដីពីសិទ្ធគ្រប់គ្រង ដែនទឹកសមុទ្រចិនខាងត្បូង។ បញ្ហានេះ បានកើតមាន រហូតទាក់ទាញអោយអាមេរិក លូកដៃចូលមកធ្វើដឹងលឺ ក្នុងក្របខ័ណ្ឌនៃសន្តិសុខតំបន់អាស៊ីប៉ែកអាគ្នេយ៍។
ទីក្រុងហាណូយ បានអះអាងថា នាវាចម្បាំងជាច្រើនរបស់ប្រទេសចិន បានកម្ទេចនាវាមួយ ក្នុងចំណោមនាវាជាច្រើនរបស់ខ្លួន ដែលកំពុងធ្វើការ ក្នុងផ្នែកឧត្តុនិយម និងវាស់វែងផែនទី។
តែប្រទេសចិនបានតម្រូវអោយមាន ការសុំទិដ្ឋការនៅក្នុងលិខិតឆ្លងដែន ដោយលើកពីផែនទីដែនទឹកសមុទ្រខាងត្បូង ថាស្ថិតក្នុងអធិបតេយ្យរបស់ខ្លួន។ ជាការលើកឡើង ដែលបានបញ្ឆេះកំហឹង របស់ប្រទេសវៀតណាមអោយផ្ទុះឡើង៕
-------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ