សមុទ្រចិនខាងត្បូង៖ កម្ពុជានៅចន្លោះរវាងមហាយក្ស និងមហាមិត្ត
- ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី២៣ មេសា ២០១៦
- កែប្រែចុងក្រោយ: May 01, 2016
- ប្រធានបទ: សមុទ្រចិនខាងត្បូង
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ចាប់ដៃអោបជើងចិន កម្ពុជានឹងទទួលបានមកវិញ នូវផលប្រយោជន៍សេដ្ឋកិច្ច និងផលប្រយោជនដ៍សំខាន់មួយទៀត គឺការគាំទ្រផ្នែកនយោបាយ។ សម្រាប់ប្រទេសចិនវិញ ត្រូវការឲ្យកម្ពុជាក្នុងថានៈជារដ្ឋឯករាជ្យផង ជាសមាជិករបស់អាស៊ាន (ASEAN = សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍) ផង ធ្វើការបង្ហាញជំហរយ៉ាងមាំទាំមួយ នៅក្នុងសំណុំរឿងជម្លោះដែនសមុទ្រចិនខាងត្បូង ដែលផ្ដល់ទំងន់ទៅឲ្យចិន។ ប៉ុន្តែបើធ្វើបែបនេះ នោះកម្ពុជាប្រាកដជាមានបញ្ហា ជាមួយវៀតណាម ដែលជាមហាមិត្តរួម«លេណដ្ឋាន» ធ្លាប់ប្រយុទ្ធស្មារប្រកៀកស្មារ ប្រឆាំងអាណនិគមនិយម និងចក្រពត្តិនិយមចាស់ថ្មី ជាពិសេសប្រទេសវៀតណាម ដែលបានជួយគណបក្សប្រជាជនកម្ពុជា ឲ្យបានឡើងកាន់អំណាច រហូតមកដល់សព្វថ្ងៃ។
ដូច្នេះ តើកម្ពុជាត្រូវជ្រើសរើសយកផ្លូវណា នៅក្នុងសំនុំរឿងជម្លោះដែនសមុទ្រចិនខាងត្បូង ដែលបន្តអូសបន្លាយ ជាច្រើនទសវត្សន៍ រវាងប្រទេសចិន និងប្រទេសវៀតណាម (រួមនឹងប្រទេសក្នុងតំបន់ជាច្រើនទៀត) នោះ? វាជាការប្រទាំងប្រទើសថ្មីមួយទៀត ដែលកម្ពុជាខ្លួនឯង ម្ដងមុនបានញញឹមស្វាគមន៍ជាមួយចិន និងក្រោយមក បែរជាបានបដិសេធ ថាខ្លួនមិនបានព្រមព្រៀងអ្វី ជាមួយចិននោះទេ ទាក់ទងនឹងសំនុំរឿងដ៏ក្ដៅគគុកនេះ។
នៅក្នុងសេចក្ដីថ្លែងមួយ ទៅកាន់អ្នកសារព័ត៌មាន កាលពីថ្ងៃសៅរ៍ ទី២៣ ខែមេសា នារដ្ឋធានីវៀងចន្ទ ប្រទេសឡាវ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) បានអះអាងថា ប្រទេសចំនួនបួន មានចិន ប្រ៊ុយណេ កម្ពុជា និងឡាវ បានសម្រេចរួមគ្នា ថាជម្លោះដែនទឹកនៅក្នុងសមុទ្រចិនខាងត្បូង មិនមែនជាបញ្ហារវាងប្រទេសចិន និងអាស៊ាននោះទេ។ សេចក្ដីថ្លែងរបស់លោករដ្ឋមន្ត្រី ដែលត្រូវបានដកស្រង់ ដោយទីភ្នាក់ងារព័ត៌មាន «Xinhua» របស់ចិននោះ បានបញ្ជាក់បន្ថែម ដែលទំនងដូចជាការគម្រាមមួយថា បញ្ហាទាំងនេះ មិនត្រូវឲ្យប៉ះពាល់ដល់ការវិវត្តន៍ទៅមុខ នៃចំណងមេត្រីភាព រវាងប្រទេសចិន និងអាស៊ាន ដែលមានសមាជិក ១០ប្រទេសឡើយ។
ការអះអាងរបស់លោក វ៉ាង យី បានធ្វើឡើង បន្ទាប់ពីលោកបានធ្វើទស្សនកិច្ចមួយជុំ នៅក្នុងប្រទេសប្រ៊ុយណេ កម្ពុជា និងនៅចុងក្រោយគេ នៅក្នុងប្រទេសឡាវ កាលពីក្នុងអំឡុងសប្ដាហ៍ទី៣ នៃខេមេសា ឆ្នាំ២០១៦។
បើតាមលោក វ៉ាង យី ប្រទេសទាំងបួនបានសម្រេចរួមគ្នាថា សិទ្ធិរបស់រដ្ឋអធិបតេយ្យដែលពាក់ព័ន្ធ នៅក្នុងជម្លោះដែនសមុទ្រចិនខាងត្បូង គួរត្រូវបានគោរព ក្នុងការជ្រើសរើសមធ្យោបាយរៀងៗខ្លួន ដើម្បីដោះស្រាយជម្លោះទឹកដី ដោយយោងតាមច្បាប់អន្តរជាតិ និងតាមសេចក្ដីប្រកាស នៃក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង (Declaration on the Conduct of Paries in the South China Sea ហៅកាត់ថា DOC) ដែលចិនបានចុះហត្ថលេខា ជាមួយបណ្ដាប្រទេសអាស៊ាន កាលពីឆ្នាំ២០០២។ ប៉ុន្តែប្រទេសទាំងបួននេះ បានជំទាស់ទាំងស្រុង នូវរាល់ការប៉ុនប៉ងជាឯកតោភាគីទាំងឡាយណា ដែលចង់ដាក់របៀបវារៈនៃបញ្ហាជម្លោះនេះ ទៅឲ្យប្រទេសដទៃទៀតធ្វើការប្រតិបត្តិតាម។
ការថ្លែងរបស់រដ្ឋមន្ត្រីការបរទេសចិន មិនបានធ្វើឲ្យប្រទេសដែលស្ថិតក្នុងជម្លោះ សប្បាយចិត្តនោះឡើយ ជាពិសេសប្រទេសវៀតណាម ដែលមានរបងព្រំដែន នៅជាប់នឹងប្រទេសកម្ពុជា និងឡាវ។ ទាក់ទងនឹងករណីដ៏រសើបនេះ លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីកម្ពុជា បានថ្លែងបដិសេធ នៅចំពោះទីភ្នាក់ងារព័ត៌មានវៀតណាម «VNA» ថាកម្ពុជាមិនបានយល់ព្រម ធ្វើកិច្ចព្រមព្រៀងអ្វីថ្មី ជាមួយប្រទេសចិន នៅក្នុងសំនុំរឿងជម្លោះដែនសមុទ្រចិនខាងត្បូងនោះឡើយ។
ផ្ដល់កិច្ចសម្ភាស ទៅឲ្យអ្នកយកព័ត៌មានវៀតណាម ក្នុងថ្ងៃទី២៧ ខែមេសាកន្លងមក លោក ផៃ ស៊ីផាន បានបន្តបដិសេធទៀតថា មិនមានសេចក្ដីសម្រេចរួម ឬកិច្ចព្រមព្រៀង ឬការជជែកពិភាក្សាណាមួយ ទៅលើបញ្ហាជម្លោះដែនសមុទ្រ នៅក្នុងដំណើរទស្សនកិច្ចជាផ្លូវការ របស់រដ្ឋមន្ត្រីការបរទេសចិន នៅកម្ពុជានោះទេ។ អ្នកនាំពាក្យគណៈរដ្ឋមន្ត្រី បានអះអាងថា ជំហររបស់កម្ពុជា ចង់ឲ្យមានការគោរពឲ្យបានខ្ជាប់ខ្ពួន និងឲ្យមានប្រសិទ្ធភាព នូវសេចក្ដីប្រកាសក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង និងអំពាវនាវឲ្យប្រទេសនៅក្នុងជម្លោះ ដោះស្រាយបញ្ហា ដោយប្រើវិធានការអហិង្សា។
បើទោះជាមានការបដិសេធបែបនេះក្ដី តែគេនៅតែមើលឃើញថា កម្ពុជានិងចិន មានចំណុចរួមគ្នាមួយ គឺត្រូវយកសេចក្ដីប្រកាសក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង មកអនុវត្ត ខណៈប្រទេសក្នុងជម្លោះ រាប់ទាំងប្រទេសវៀតណាមផង មានបំណងចង់ឲ្យអាស៊ាន ដែលមានប្រទេសទាំង១០ជាសមាជិក លូកយកសំនុំរឿងដែនទឹកនេះ មកដោះស្រាយរួមគ្នា ជាមួយចិន។ តែក្ដីបំណងនេះ ទើបនឹងត្រូវបានអនុរដ្ឋមន្ត្រីក្រសួងការបរទេសចិន លីវ ហ្សេនមីន (Liu Zhenmin) ព្រមានជាថ្មីទៀត នៅក្នុងជំនួបប្រជុំប្រចាំឆ្នាំរវាងអាស៊ាននិងចិន នាក្រុងសិង្ហបុរី កាលពីថ្ងៃទី២៧ ខែមេសានេះថា ប្រទេសហត្ថលេខី នៃ«DOC»ទាំងអស់ ត្រូវដោះស្រាយជម្លោះតាមផ្លូវចរចា និងការទូត ដើម្បីលើកកម្ពស់សន្តិភាព និងស្ថិរភាព ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងតំបន់ រវាងចិនអាស៊ាន ដែលត្រូវប្រារព្ធខួប២៥ឆ្នាំនៅឆ្នាំនេះ។
លោក លីវ ហ្សេនមីន បានបញ្ជាក់ថា ការងាកចេញពីសេចក្ដីប្រកាសនៃក្រមប្រតិបត្តិនេះ នឹងផ្ដល់មកវិញ នូវផលវិបាកអវិជ្ជមានយ៉ាងច្រើន ជាក់ជាពុំខាន៕