វៀតណាម​បង្ហាញ​វីដេអូ ពី​នាវា​ចិន​បើក​បុក​ពន្លិច​ កាណូត​​ខ្លួន (vdo)

ប្រទេសវៀតណាន បានផ្សព្វផ្សាយវីដេអូមួយ បង្ហាញពីនាវាដ៏ធំរបស់ប្រទេសចិន បើកបុកកាណូតនេសាទមួយ របស់​ពលរដ្ឋខ្លួន ស្ថិតនៅមិនឆ្ងាយប៉ុន្មាន ទីតាំងដែលប្រទេសចិន កំពុងតាំងមូលដ្ឋានចម្រាញប្រេញ ក្នុងដែនទឹកជម្លោះ​រវាងប្រទេសទាំងពីរ នៃសមុទ្រចិនខាងត្បូង។
Loading...
  • ដោយ: កេសរ កូល ដោយ កេសរកូល (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី៦ មិថុនា ២០១៤
  • កែប្រែចុងក្រោយ: June 07, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រទេសវៀតណាន បានផ្សព្វផ្សាយវីដេអូមួយ បង្ហាញពីនាវាដ៏ធំរបស់ប្រទេសចិន បើកបុកកាណូតនេសាទមួយ របស់​ពលរដ្ឋខ្លួន ស្ថិតនៅមិនឆ្ងាយប៉ុន្មាន ទីតាំងដែលប្រទេសចិន កំពុងតាំងមូលដ្ឋានចម្រាញប្រេញ ក្នុងដែនទឹកជម្លោះ​រវាងប្រទេសទាំងពីរ នៃសមុទ្រចិនខាងត្បូង។


កាណូតវៀតណាមសណ្ដោងកាណូត ដែលលិចត្រឡប់ទៅដីគោកវិញ។ (រូបថត Reuters)

ជម្លោះដែនទឹក - បងប្អូនកុម្មុយនីសទាំងពីរ ចោទគ្នាទៅវិញទៅមក ទាក់ទងនឹងការលិចកាណូតនេះ ដែលបាន​កើត​ឡើងតាំងពីថ្ងៃទី២៦ ខែឧសភាកន្លងទៅ។ ទីក្រុងហាណូយ បានបរិហាប្រទេសចិន ពី«ទង្វើអមនុស្សធម៌» ខណៈពេល​ដែលប្រទេសចិនបានអះអាងថា នាវាវៀតណាមមួយនេះ បានរំលោភចូលក្នុងដែនទឹករបស់ខ្លួន។

រូបភាពដែលបង្ហាញទៅលើវីដេអូ ដែលថតដោយនាវាវៀតណាមមួយទៀត បានឲ្យឃើញពីនាវាចិនដ៏ធំមួយ បើក​ដេញបុក«ពន្លិច»កាណូតនេសាទវៀតណាមតូចមួយ ធ្វើអំពីឈើ។ អ្នកនេសាទវៀតណាម១០នាក់នៅលើ​កាណូត​នោះ ត្រូវបានជួយស្រង់ និងសង្គ្រោះដោយនាវាវៀតណាម នៅបន្ទាប់ពីកាណូតរបស់ពួកគេបានលិច។

ហេតុការណ៍នេះ បានកើតឡើង នៅមិនឆ្ងាយប៉ុន្មានពីមូលដ្ឋានចម្រាញ់ប្រេងមួយ ដែលប្រទេសចិនទើប​នឹងបង្កើត​ឡើង បង្កឲ្យមានការក្ដៅក្រហាយពីបណ្ដាជនវៀតណាម រហូតប​ង្កឲ្យផ្ទុះអំពើហិង្សាប្រឆាំងផលប្រយោជន៍ចិន កាល​ពីដើមខែឧសភាកន្លងមក។ កុបកម្មដែលមានរយៈពេលជិត២សប្ដាហ៍ បានធ្វើឲ្យជនជាតិចិនយ៉ាងហោច២នាក់​បាន​ស្លាប់ ច្រើនសិបនាក់ត្រួវរបួស និងរាប់ពាន់នាក់ផ្សេងទៀត រត់ភៀសខ្លួនចេញពីប្រទេសវៀតណាម។

កាលពីថ្ងៃព្រហស្បត្តិ៍ទី ៥ ខែមិថុនានេះ ប្រទេសវៀតណាមបានអះអាងថា នាវាចិនជាច្រើន បានបង្កឲ្យមានរបួស​ស្នាមដោយអ្នកនេសាទវៀតណាម យ៉ាងហោច១២នាក់ និងបានធ្វើឲ្យខូចខាត កាណូតរបស់កងកម្លាំង​ថែរក្សាសមុទ្រ​វៀតណាម ចំនួន២៤គ្រឿង និងកាណូតនេសាទចំនួន១២គ្រឿង។

មេបញ្ជាការរងកងនគរបាលផ្ទៃសមុទ្ររបស់វៀតណាម លោក ង៉ូ ញ៉ុកធូ (Ngo Ngoc Thu) បានថ្លែងចោទប្រកាន់​ចិន​ថា៖ «ក្នុងមួយថ្ងៃៗ ចិនបានដាក់ពង្រាយកាណូតនិងនាវារបស់ខ្លួន រវាងពី៣០ ទៅ១៣៧នាវា នៅជុំវិញមូលដ្ឋាន​ចម្រាញ់ប្រេង ក្នុងនោះមាននាវាចម្បាំង ចំនួន៦គ្រឿងផង»។

ការដាក់ពង្រាយនូវមូលដ្ឋានចម្រាញ់ប្រេងរបស់ប្រទេសចិន បានបន្ថែមប្រេងទៅលើងងើកភ្លើង ដែលកំពុងតែឆេះងំ​ស្រាប់ រវាងប្រទេសជិតខាងទាំងពីរ។ ប្រទេសចិន និងវៀតណាម បានដណ្ដើមគ្នាកាន់កាប់តែរៀងខ្លួន នូវលំហទឹក​សមុទ្រនៅជុំវិញប្រជុំកោះប៉ារ៉ាសែល (Paracels) និង ប្រជុំកោះស្ព្រាតលី (Spratleys) ដែលមិនត្រឹមតែសំបូរទៅ​ដោយ​ប្រេងនោះទេ តែវាជាតំបន់យុទ្ធសាស្ត្រយ៉ាងសំខាន់ នៃផ្លូវនាវាចរណ៍អន្តរជាតិទាំងឡាយនោះផង៕

សូមទស្សនាវីដេអូ និងរូបភាពពីហេតុការណ៍នេះដូចតទៅ៖


មូលដ្ឋានចម្រាញ់ប្រេងដ៏សម្បើមរបស់ចិន នៅនៅលំហទឹកដណ្ដើមគ្នារវាងចិន និងវៀតណាម។ (រូបថត AFP)

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...