សមុទ្រ​ចិន​ខាង​ត្បូង៖ ចិន​ឆេះ​ដុំ ចំពោះ​ការ​ឈ្នះ​ក្ដី​របស់​ហ្វីលីពីន នៅ​តុលាការ​អន្តរជាតិ

ប្រទេសចិន បានប្រកាសកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ ថាខ្លួនមិនទទួលស្គាល់ ហើយ​ក៏មិន​យល់​ព្រម​ដែរ នូវ​សាល​ក្រម របស់តុលាការអាជ្ញាកណ្ដាល​អន្តរជាតិ នៅទីក្រុងឡាអេ ដែលបានកាត់សេចក្ដីថា ទីក្រុង​ប៉េកាំង ​មិន​ត្រឹម​តែ​​គ្មាន​សិទ្ធិ​​ជា​ប្រវត្តិ​សាស្ត្រ នៅក្នុងសមុទ្រចិនខាងត្បូងនោះទេ តែថែមទាំងបានរំលោភ លើ​បូរណភាព​ទឹកដី របស់​ប្រទេស​ហ្វីលីពីន​នោះ​ទៀត។
សមុទ្រ​ចិន​ខាង​ត្បូង៖ ចិន​ឆេះ​ដុំ ចំពោះ​ការ​ឈ្នះ​ក្ដី​របស់​ហ្វីលីពីន នៅ​តុលាការ​អន្តរជាតិ
ប្រធានាធិបតីចិន លោក ស៊ី ហ្សីងពីង។ (រូបថតឯកសារ)
Loading...
  • ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី១៣ កក្កដា ២០១៦
  • កែប្រែចុងក្រោយ: July 13, 2016
  • ប្រធានបទ: សមុទ្រចិនខាងត្បូង
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រទេសចិនបានប្រកាសកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ ថាខ្លួនមិនទទួលស្គាល់ ហើយក៏មិន​យល់​ព្រម​ដែរ នូវសាលក្រម​របស់តុលាការ​អាជ្ញាកណ្ដាលអន្តរជាតិ ហៅកាត់ជាភាសាបារាំង CPA និងភាសា​អង់គ្លេស PCA នៅទីក្រុងឡអេ ប្រទេសហូឡង់ ដែលបានសម្រេចថា ប្រទេសចិនប្រជាមានិត គ្មានសិទ្ធិ​ជា​ប្រវត្តិសាស្ត្រ នៅ​ក្នុង​ដែនទឹក​សមុទ្រ​ខាងត្បូង ហើយបានរំលោភចូលបូរណភាពទឹកដី របស់ប្រទេសហ្វីលីពីន។

សារព័ត៌មានផ្លូវការ «Chine nouvelle» របស់ប្រទេសចិនកុម្មុយនីស បានឲ្យដឹងថា៖ «ប្រទេសចិន​បាន​បញ្ជាក់ ជាច្រើនលើកច្រើនសារ ថាតុលាការអាជ្ញាកណ្ដាលអន្តរជាតិ បានទទួលបណ្ដឹង ពីរដ្ឋាភិបាល (មុន) នៃ​ប្រទេស​ហ្វីលីពីន ដែលបានប្ដឹងជាឯកតោភាគី និង (តុលាការ) មិនមានសមត្ថកិច្ច នៅក្នុងសំនុំរឿងនេះ សូម្បី​បន្តិច​ឡើយ»។

រីឯសេចក្ដីប្រកាសព័ត៌មានមួយ ពីក្រសួងការបរទេសចិន ក៏បានបញ្ជាក់ដែរថា៖ «តាមហេតុផលដូច្នេះ ប្រទេស​ចិនមិនយល់ព្រម និងមិនទទួលស្គាល់ នូវសាលក្រមនេះឡើយ»។

ប្រទេសចិន បានចាត់ទុកដែនទឹក នៃសមុទ្រចិនខាងត្បូ សឹងតែទាំងមូល រហូតមកដល់ខាងមុខ​ប្រទេស​ម៉ាឡេស៊ី ដោយកាត់តាមប្រទេសហ្វីលីពីន វៀតណាម ប្រ៊ុយណេ ថាជាដែនសមុទ្ររបស់ខ្លួន។ ប៉ុន្តែ​សម្រាប់​តុលាការ​អាជ្ញា​កណ្ដាល​អន្តរជាតិ ដែលមានការគាំទ្រ ពីអង្គការសហប្រជាជាតិ និងដែលទទួលបណ្ដឹង ពី​ប្រទេស​ហ្វីលីពីន បានសម្រេចនៅទីបំផុតថា វាគ្មានមូលដ្ឋានគ្រឹះ​ណាមួយ​ទាល់តែសោះ ដែលប្រទេស​ចិន​អះ​អាង ពី​សិទ្ធិ​ជា​ប្រវត្តិសាស្ត្រ ទៅលើតំបន់ដែនទឹកជម្លោះ ជាពិសេសនៅក្នុងតំបន់ខ្សែព្រំដែនទឹក ដែល​ប្រទេស​ចិន បាន​គូសវាស​ដោយ​ខ្លួនឯង។

តុលាការបានបញ្ជាក់ទៀតថា តំបន់ដែនទឹកជម្លោះ មិនមានកោះ ឬទឹកដីណាមួយ ដែលត្រូវបានគិតថា ជា​ផ្នែក​មួយ​របស់ចិននោះទេ។ ផ្ទុយទៅវិញ ប្រទេសចិនបានរំលោភបំពាន ចូលទៅក្នុងដែនទឹក ជាបូរណភាព​ទឹកដី របស់​ប្រទេសហ្វីលីពីន។

សម្រាប់ប្រទេសចិនវិញ តាមរយៈក្រសួងការបរទេសរបស់ខ្លួន បានបង្ហោះនៅតាមគេហទំព័រផ្លូវការរបស់​ខ្លួន អះ​អាង​ពី «សិទ្ធិជាប្រវត្តិសាស្ត្ររបស់ប្រទេសចិន នៅក្នុងសមុទ្រចិនខាងត្បូង» ជាពិសេស សិទ្ធិដែល​បាន​មក ព្រោះខ្លួនបានរកឃើញ និងបានធ្វើអាជីវកម្ម នៅក្នុងតំបន់នោះមុនគេ តាំងពីច្រើនសតវត្សន៍មកហើយ។ សេចក្ដី​ប្រកាស​របស់ក្រសួងការបរទេសដដែលនោះ បានអះអាងទៀតថា ប្រទេសចិន​បានត្រៀមខ្លួន​ជា​ស្រេច ក្នុងការដោះស្រាយជម្លោះដែនទឹកនេះ ដោយសន្តិវិធី តាមរយៈការចរចា និងការពិគ្រោះ ជាមួយបណ្ដា​រដ្ឋ​ដែល​ទាក់​ទង ដោយមិនចាំបាច់ឆ្លងកាត់ តាមភាគីទីបីណាផ្សេង​ និងត្រូវឈរលើ​មូលដ្ឋាន​ប្រវត្តិសាស្ត្រ និង​ច្បាប់​អន្តរជាតិ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...