ចិន៖ ហេតុអ្វីក៏រថយន្ដទាំងបីនេះ បំប៉ើងខ្លួនឡើងដ៏ចម្លែកដូច្នេះ?
- ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី០២ ធ្នូ ២០១៥
- កែប្រែចុងក្រោយ: December 06, 2015
- ប្រធានបទ: ពីនេះពីនោះ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តើនរណាអាចដឹងបាន ថាអព្ភូតហេតុដ៏ចម្លែក នឹងកើតឡើងនៅលើពិភពលោក ក្នុងថ្ងៃណាមួយ? មនុស្សពិភពដទៃបញ្ចេញមហិទ្ធិរិទ្ធិ ឬកម្លាំងអសុរកាយ ចង់បង្ហាញឲ្យមនុស្សនៅលើផែនដី ឲ្យដឹងពី៌ឥទ្ធិពលដ៏អស្ចារ្យរបស់ពួកគេ។ល។ ទាំងនេះ សុទ្ធសឹងជាការលើកឡើង របស់បណ្ដាជនចិន ដើម្បីពន្យល់ពីហេតុការណ៍នៅក្នុងវីដេអូ (ខាងលើ) ដែលត្រូវបានថតជាប់ដោយកាម៉េរ៉ាសុវត្ថិភាព ក្បែរនឹងផ្លូវខ្វែងជាបួនមួយ កណ្ដាលក្រុង វីងតៃ។
យ៉ាងហោចណាស់ រថយន្ដចំនួនបីគ្រឿង បានហោះបង្ហើបខ្លួនឡើងពីដី ខណៈមិនមាននរណាម្នាក់ទៅក្បែរ និងមិនមានការប៉ះពារគ្នាសូម្បីបន្តិច។ នេះជាអ្វី ដែលគេមើលឃើញ ពីក្នុងវីដេអូមួយនេះ។ រថយន្ដចំនួនពីរ (នៅខាងស្ដាំ) គ្រាន់តែបានហើបជើងពីដី ហើយបានទម្លាក់ខ្លួនមកវិញ ដូចធម្មតា ខណៈរថយន្ដទេសចរណ៍ (នៅខាងឆ្វេង) បានទម្លាក់ខ្លួនក្រឡាប់ភីង ទៅលើថ្នល់ និងថែមទាំងរបូតកង់ ចេញពីតួទៀតផង ខណៈមនុស្សម្នាដែលនៅក្នុងហេតុការណ៍ នាំគ្នារត់គេចចេញឲ្យឆ្ងាយ។
វីដេអូគ្រាន់តែដាក់បង្ហោះ កាលពីសប្ដាហ៍មុន នៅក្នុងបណ្ដាញសង្គម នៃប្រទេសចិន បានបង្កឲ្យមានការទស្សនា និងការចែករំលែក យ៉ាងសន្ធឹកសន្ធាប់ ហើយមនុស្សជាច្រើន ក៏បានឆ្ងល់ដែរថា ហេតុភេទពិតប្រាកដ នៃរឿងរ៉ាវនេះ ជាអ្វីទៅ។
សារព័ត៌មានក្នុងតំបន់ (មានវីដេអូនៅខាងក្រោម សន្ទនាជាភាសាចិន) បានបញ្ជាក់ពីហេតុការណ៍នេះ និងត្រូវបានសារព័ត៌មាន នៅបស្ចឹមលោក យកមកផ្សាយបន្តដែរថា មូលហេតុបណ្ដាលពីខ្សែភ្លើងមួយខ្សែ ដែលដាក់ចោលនៅលើថ្នល់។ ខ្សែភ្លើងនេះ ត្រូវបានរបោសវិល របស់រថយន្ដបោសថ្នល់មួួយគ្រឿង (នៅខាងស្ដាំបំផុត) គួចព័ន្ធយកទៅ ដែលធ្វើឲ្យខ្សែភ្លើង បានបន្តឹង និងសន្ធឹងខ្លួនឡើងភ្លាមៗ ទាក់យករថយន្ដទាំងបីគ្រឿង ដែលបើកមកចំពេលជាមួយគ្នា ឲ្យហើបខ្លួនឡើង។
នៅក្នុងវីដេអូ ដែលថតដោយកាម៉េរ៉ាសុវត្ថិភាព គេមិនអាចមើលខ្សែភ្លើងនោះឃើញឡើយ ដោយសារថតពីចំងាយ និងគុណភាពនៃវីដេអូនោះ មិនមានសភាពច្បាស់ល្អ។ តែវីដេអូយកការណ៍ របស់សារព័ត៌មានចិនខាងក្រោមនេះ នឹងពន្យល់ថាតើហេតុការណ៍ កើតឡើងយ៉ាងដូចម្ដេច៕