ចុះចតជាបន្ទាន់ ព្រោះយន្ដហោះត្រូវការ«បត់ជើងតូច»!
- ដោយ: ជ័យវិបុល អត្ថបទ ៖ ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី០៤ ធ្នូ ២០១៥
- កែប្រែចុងក្រោយ: December 05, 2015
- ប្រធានបទ: ពីនេះពីនោះ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អាចជាគ្រោះថ្នាក់មួយខ្លាំងណាស់ នៅពេលដែលយន្ដហោះ ប៊ូអីង (Boeing 777) កំពុងហោះលើមេឃ ស្រាប់តែតម្រូវការដ៏ចាំបាច់ បានកើតឡើងទាន់ហន់ បង្ខំឲ្យវាត្រូវធ្វើការចុះចតជាបន្ទាន់ ទោះជាមានភ្លៀងផ្គរខ្យល់ព្យុះ នៅព្រលានយន្ដហោះក្រុង ហ្វ្រង់ហ្វ័រ (Francfort ប្រទេសអាល្លឺម៉ង់) ក៏ដោយ។
មកដល់ត្រឹមនេះ យើងខំប្រឹងតាមដានរូបភាព ថាតើយន្ដហោះនឹងចុះចតដោយរបៀបណា... រំពេចនោះ គ្រាន់តែហៀបជាន់ជើងដល់ដី យន្ដហោះបានប្រែរូប ជាមនុស្សយន្ដ យកដៃខ្ទប់កន្លែងរាន់... ឱ ម្ចាស់ថ្លៃអើយ បន្ទប់ទឹកសម្រាប់យន្ដហោះ នៅឯណា?
អ្នកថតរូបភាព បានបន្តទៅតាមថតយន្ដហោះ ដែលប្រែក្លាយជាមនុស្សយន្ដនោះទៀត ឃើញយន្ដហោះមួយនេះ កំពុងអង្គុយលើចានបង្គន់ អានកាសែតធ្វើមិនដឹង។ «ណ៎ែ... ម៉េចមកលួចថតខ្ញុំ កំពុងនៅក្នុងបង្គន់អញ្ចឹង? អ៎ូ... មកពីខ្ញុំភ្លេចបិទទ្វា។»
នេះជាស្នាដៃកាត់ត បញ្ជាន់រូបភាព បែប 3D និងដូចភាពយន្ដ «Transformer» ដែលត្រូវបានយកមកបង្ហោះ ដោយ លោក «Michael Schmidt» នៅលើបណ្ដាញចែករំលែក យូធូប កាលពីថ្ងៃទី២ ខែធ្នូកន្លងមកនេះ ហើយទទួល បានការចុចចូលទៅទស្សនា ប្រមាណជាង ២២២ ០០០ដងហើយ៕