ពៅ លីដា រីករាយក្នុងអាជីវកម្មលក់ផ្អកត្រី របស់នាងនិងម្តាយ
- ដោយ: ក. សោភណ្ឌ អត្ថបទ និងយកការណ៍៖ ក.សោភ័ណ្ឌ ([email protected]) - ភ្នំពេញថ្ងៃទី០៤ធ្នូ ២០១៥
- កែប្រែចុងក្រោយ: December 05, 2015
- ប្រធានបទ: តារា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បើសិនជាអ្នកសិល្បៈ ឬតារាល្បីៗជាទូទៅ ចាប់អារម្មណ័ នៃការបើកអាជីវកម្មរបស់ពួកគេ ដោយបើកជាក្រុមបង្ហាញម៉ូដ ហាងលក់សម្លៀកបំពាក់ បើកហាងលក់ទឹកអប់ប្រេងម្សៅ ឬតែងសម្អាងជាដើមនោះ ចំណែកឯតារាសម្ដែង កញ្ញា ពៅ លីដា ឯណេះ បានចាប់អារម្មណ៍ និងកំពុងសម្ដែងការសាទរ នឹងរបរថ្មីដ៏ពិសេសមួយ របស់នាងនិងម្ដាយទៅវិញ។
មុខរបរពិសេសនោះ គឺការធ្វើផ្អកត្រីលក់ របស់ម្ដាយនាង ដែលតារាសម្ដែង ចាំបាច់ត្រូវធ្វើយុទ្ធនាការ ដើម្បីទាក់ទាញ និងអរគុណ ដល់អតិថិជនរបស់នាង ដែលរាប់បញ្ចូលទាំងអ្នកសិល្បៈដូចគ្នាផង។
យុទ្ធនាការរបស់តារាសម្ដែង បានធ្វើឡើង នៅតាមបណ្ដាញសង្គម ដោយមានអមទៅរូបថត ដ៏ស្រស់ស្អាតរបស់នាង ក្នុងឈុតសម្លៀកបំពាក់ស៊ីវីល័យ ដែលនាងបានថត ជាមួយអតិថិជន អ្នកទិញផ្អកត្រីជាច្រើននាក់ និងជាច្រើនដង។ ដោយមានសរសេរ ដាក់នូវលេខទូរស័ព្ទ សម្រាប់រាល់ទំនាក់ទំនងផងនោះ តារាសម្តែងបានសរសេរ ផ្សាយពាណិជ្ជកម្មថា៖ «បើសិនជាពុកម៉ែបងប្អូនចូលចិត្តពិសា (ផ្អកត្រីធម្មជាតិ) ដែលជាស្នាដៃ របស់អ្នកម្តាយនាងខ្ញុំ បងប្អូនអាចកុម្ម៉ង់បាន»។
សកម្មភាពធ្វើអាជីវកម្ម ផ្អកប្រហុករបស់តារាសម្ដែង បានបង្កការផ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ប្រិយមិត្ត និងទស្សនិកជនរបស់នាង។ អ្នកគាំទ្ររបស់កញ្ញាម្នាក់ បានលើកឡើងថា៖ «រកស៊ីដល់ហើយ តារាម្នាក់នេះ អាងតែគេមានស្រុកកំណើត សំបូរត្រីធ្វើផ្អក។ សុំភ្លក្សមួយក្រឡ សិនមុននឹងទិញ បាន(ឬ)ទេ?»។ ប្រិយមិត្តខ្លះ បានរិះគន់ថា មិនគួរលក់ដូររបស់របរ ដែលមិនស៊ីចង្វាក់ជាមួយ នឹងវិស័យសីល្បៈបែបនេះទេ គួរតែលក់ជាគ្រឿងក្រអូបវិញ។
ប៉ុន្តែអ្នកគាំទ្រជាច្រើន បានលើកសរសើរថា កញ្ញា ធ្វើនេះជាការល្អ កើតចេញពីដៃទាំងទ្វេ ហើយមុខរបររបស់គ្រួសារកញ្ញា នឹងដើរទៅមុខ ដោយមានអ្នកគាំទ្រច្រើន។ ផ្អកប្រហុក ជាចំណូលចិត្តរបស់ប្រជាពលរដ្ឋខ្មែរ ដែលមិនអាចខ្វះបាន។ ម្យ៉ាងវិញទៀត មុខរបរណាក៏ដោយ មិនបានធ្វើឲ្យអ្នកសិល្បៈអាប់អោន ថោកទាប ឬមានទាក់ទង ដល់ទេពកោសល្យក្នុងសម្ដែងនោះទេ។ គ្មានទេវតាអង្គណាចារមក ថាឲ្យតែអ្នកសិល្បៈ ត្រូវតែនៅជិតនឹងសម្ភារៈក្រអូប ឬហឺហាទាំងអស់ឡើយ៕