ខៃ ប្រសិទ្ធថានឹងបន្តស្វែងរកមូលនិធីជួយអ្នកក្រីក្រនៅកម្ពុជា
- ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៦ សីហា ២០១៤
- កែប្រែចុងក្រោយ: August 30, 2014
- ប្រធានបទ: សម្បុរសធម៌
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អតីតតារាភាពយន្តល្បីល្បាញអំឡុងទសវត្ស៩០ លោក ខៃ ប្រសិទ្ធ បានចំណាយថវិកាផ្ទាល់ខ្លួនមួយចំនួន ពីប្រទេសអូស្ត្រាលី រួមជាមួយកូនប្រុសរបស់លោក ម៉ៃឃើល ខៃ ដើម្បីសង់ជាអណ្ដូងទឹកស្អាត ដែលអាចសម្រួល ដល់ការលំបាករបស់ប្រជាពលរដ្ឋ និងសិស្សានុសិស្សក្រីក្រ នៅបរិវេណសាលាបឋមសិក្សាប្រាដាក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
បន្ទាប់ពីចំណាយថវិការ ឧបត្ថម្ភសាងអណ្តូងទឹក នៅក្នុងខេត្តសៀមរាបរួចមក កាលពីថ្ងៃទី២៣ សីហា ឆ្នាំ២០១៤ លោក ខៃ ប្រសិទ្ធ ក៏បានផ្ដល់អណ្ដូងទឹកស្អាតជាលើកទី២ម្តងទៀត រួមជាមួយមិត្តភក្តិរបស់លោក។ តាមរយៈសារអេឡិចត្រូនិច លោក ខៃ ប្រសិទ្ធ បានឱ្យដឹងថា ការដែលលោកចំណាយថវិកា ជួយជាអណ្តូងដល់ប្រជាពលរដ្ឋ ក្រក្រីនៅតាមជនបទ ព្រោះតែលោកចង់ធ្វើបុណ្យ និងចង់ជួយអ្នកក្រ។
អតីតតារាសម្តែងរូបនេះ បានបន្តថា៖ «បងមើលឃើញការលំបាក បងពិបាកក្នុងចិត្តណាស់»។ បន្ថែមពីលើជំនួយ ជាថវិកាផ្ទាល់ខ្លួន លោក ខៃ ប្រសិទ្ធ ក៏ប្រាប់ដែរថា លោកនឹងបន្តសកម្មភាពសម្បុរសធម៌នេះបន្តទៀត និងជួយស្វែងរកអ្នកមានទឹកចិត្តទាំងឡាយ នៅប្រទេសអូស្ត្រាលី ឱ្យចូលរួមជួយខ្មែរ ក្នុងគម្រោងផ្ដល់អណ្ដូងទឹកស្អាតនេះផងដែរ។
ប្រធានគម្រោងសាវិនកម្ពុជា លោកសាវីនហ្វីលីព ជាតារាសម្តែងដ៏មានប្រជាប្រិយភាពមួយរូប ស្រង់សម្តីដោយគេហទំព័រក្នុងស្រុកមួយ បានបញ្ជាក់ថា «បង ខៃ ប្រសិទ្ធ គាត់ធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលមែន ព្រោះក្រោយពីជួយអណ្ដូងទឹកហើយ ថែមទាំងកៀងគរមិត្តភក្ដិគាត់ ឱ្យស្គាល់ពីគម្រោងខ្ញុំទៀត។ គាត់ប្រាប់ខ្ញុំថា គាត់នឹងរកម្ចាស់ជំនួយពីអូស្ត្រាលីឱ្យបានច្រើន ផ្ដល់អណ្ដូងទឹកឱ្យខ្មែរបានប្រើ។ ជាលទ្ធផល មិត្តភ័ក្រ្តគាត់មួយចំនួន ហើយបានទាក់ទងមកខ្ញុំ»។
លោក ខៃ ប្រសិទ្ធ បានចាកចេញពីប្រទេសកម្ពុជា តាំងពីអំឡុងឆ្នាំ១៩៩៩ ក្រោយមរណភាពរបស់អ្នកនាង ពិសិដ្ឋ ពិលិកា ក្នុងហេតុផលការពារសុវត្ថិភាព។ អតីតតារាភាពយន្ដ កំពុងរស់នៅក្នុងរដ្ឋប្រ៊ីសបែន (Brisbane) ប្រទេសអូស្ត្រាលី ជាមួយកូនប្រុសច្បង ដែលជាដំណក់ឈាមរបស់កនាង ពិសិដ្ឋ ពិលីកា វ័យប្រមាណជា២០ឆ្នាំ ឈ្មោះ ខៃ សិទ្ធលីស័ក្ត ហៅ ម៉ៃឃើល។ សព្វថ្ងៃ លោក ខៃ ប្រសិទ្ធ មានភរិយាថ្មីទៀត ដែលមានកូនប្រុសស្រីចំនួន៣នាក់បន្ថែមទៀត៕