មើល​ក្មេង​កំព្រា ស្រែក​រក​ឪ ដោយ​សារ​ជម្លោះ​ដី​ធ្លី​នៅ​ភូមិ​ឡពាង

ជំលោះដីធ្លីរវាអ្នកភូមិឡពាង និងក្រុមហ៊ុនស្កអំពៅ KDC របស់លោកស្រី ជា ខេង ភរិយារបស់លោក ស៊ុយ សែម រដ្ឋមន្ត្រី ក្រសួងធនធានរ៉ែនិងថាមពល បានធ្វើឲ្យក្មេងជាច្រើននាក់ កំព្រាដោយសារតែឪពុករបស់ពួកគាត់ ត្រូវគេចាប់ដាក់ពន្ធនាគា ជាច្រើនថ្ងៃមកហើយ។
Loading...
  • ដោយ: ក. វិច្ចនី ដោយ ក.វិច្ចនី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ២៥ ខែសីហា ២០១៤
  • កែប្រែចុងក្រោយ: August 30, 2014
  • ប្រធានបទ: ដីធ្លី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមអ្នកតំណាងភូមិឡពាង ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ ចំនួនប្រាំរូប​ហើយ មកដល់ពេលនេះ។ ការចាប់​ខ្លួនអ្នកតំណាងទាំងប្រាំរូបនោះ បានធ្វើឲ្យជីវភាពរបស់ពលរដ្ឋនៅតំបន់នោះ រងនូវការផ្លាស់ប្ដូ និងរងនូវ​ផល​ប៉ះពាល់ខ្លាំងក្លា។ ក្រុមគ្រួសាររបស់ពួកគាត់ទាំងប្រាំង អស់មានជំហរទីពឹង ក្នុងការរស់ស៊ីចិញ្ចឹមប្រពន្ធកូន។ ជាពិសេស ពលរដ្ឋជាច្រើននាក់បានបោះបង់ចោលរបររកស៊ីមួយរយៈ ដើម្បីធ្វើដំណើរមករាជធានី ដើម្បី​ទាមទារឲ្យមានការ​ដោះលែង ក្រុមអ្នកតំណាងទាំងប្រាំរូបនេះ ដែលត្រូវបានសម្ថកិច្ចចាប់ខ្លួន អស់រយៈពេល​ជាងមួយខែទៅហើយ (១ខែ ប្រាំថ្ងៃ) ទាក់ទងនឹងជំលោះដីធ្លីជាមួយ នឹងក្រុមហ៊ុនខេប៊ីស៊ី (KDC)។

នៅមុខក្រសួងយុត្តធម៌ និងរដ្ឋសភា កាលពីព្រឹកថ្ងៃទី ២៥ ខែសីហានេះ ក្រោមកម្ដៅថ្ងៃក្តៅហែង កុមារា ស៊ុន ថារ័ត្ត អាយុ១០ឆ្នាំបានមកឈរស្រែក ទាមទារឲ្យមានការដោះលែងឪពុករបស់ខ្លួន និងដីធ្លីដែល​ក្រុមហ៊ុន​ខេប៊ីស៊ី រំលោភយកទៅ។ កុមារារូបនេះបានប្រាប់ទស្សនាវដ្តី មនោរម្យ.អាំងហ្វូថា ខ្លួនមានបងប្អូន ៦ នាក់ បាននាំគ្នាមករាជធានីភ្នំពេញ ដើម្បីទាមទារឲ្យដោះលែងឪពុករបស់ខ្លួន។ ការធ្វើដំណើរមកទាមទារនេះ បានធ្វើបងប្អូនទាំង៦ នាក់នេះ មិនបានចូលរៀនសូត្រនឹងគេឡើយ។

ចំណែកឯឪពុករបស់កុមារា ជំនោរ ដែលជាអ្នកតំណាងភូមិឡពាង ក៍ត្រូវបានសមត្ថកិច្ចចាប់ខ្លួនដែរ ទាក់​ទង​នឹងការតវ៉ារឿងដីធ្លី នៅភូមិឡពាងនោះ។ កុមារា ជំនោរ ដែលទើបតែមានអាយុ ៥ ឆ្នាំប៉ុណ្ណោះ ត្រូវបានម្តាយ​ដែលកំពុងមានផ្ទៃពោះផងនោះ នាំយកមករាជធានីភ្នំពេញ ដោយថ្មីរជើង ជាមួយនឹងមានបងប្អូន​ចំនួន​៤នាក់​ទៀត ដើម្បីទាមទារឲ្យដោះលែងឪពុករបស់ខ្លួន។

កុមារា ជំនោរ បាននិយាយថា ក្រុមគ្រួសារកុមារបានរស់នៅលើទឹកដីភូមិឡពាងនេះ តាំងពីខ្លួនមិន​ទាន់​កើត​មកម្លេះ ហើយកុមារមករាជធានីភ្នំពេញ ដើម្បីទាមទារយកដី និងផ្ទះ ព្រមទាំងឪពុករបស់ខ្លួនមកវិញ។ កុមារា​តូចរូបនេះ បានបន្តទៀតថា ផ្ទៃដីគ្រួសារកុមារ ដែលមានចំនួន ៣ ហិចតា ២០ អា ហើយដែល​ត្រូវបាន​ក្រុមហ៊ុន​ខេប៊ីស៊ី រំលោភយកនោះ មិនដែលត្រូវបានគ្រួសារកុមារ យល់ព្រមលក់ទៅឲ្យក្រុមហ៊ុននោះទេ។

សម្រាប់លោក អំ សំអាត មន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស និងជាប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេត នៃអង្គការ​លីការដូ បានលើកឡើងមកបញ្ជាក់ថា នោះជាទុក្ខវេទនាដ៏ខ្លោចផ្សារ របស់ពលរដ្ឋក្រីក្រ ទន់ខ្សោយ ដែល​បណ្ដាមកពីកំហុស របស់អាជ្ញាធរថ្នាក់ក្រោម។ លោកបានថ្លែងថា «ជាកំហុសរបស់មន្ត្រីអាជ្ញាធរថ្នាក់ក្រោម ជាពិសេសថ្នាក់ខេត្ត ដែលមិនបានរូតរៈ ដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋ ហើយទុកឲ្យ​ប្រជា​ពលរដ្ឋ​រង​ទុក្ខវេទនា និងមានការប្តឹងផ្តល់ដល់តុលាការ រហូតមានការចាប់ខ្លួនជាបន្តបន្ទាប់»។

លោក សំអាត បានបន្តទៀតថា «ក្រៅពីចាត់វិធានការ ដោះស្រាយវិវាទដីធ្លី សម្តេចនាយករដ្ឋមន្ត្រី លោក​គួ​តែចាត់វិធានការ ចំពោះមន្ត្រីថ្នាក់ក្រោមដែលបានរារាំង និងប្រើអំពើហឹង្សាមកចំពោះ ប្រជាពលរដ្ឋ ដែល​មិន​បានប្រគល់ញត្តិទៅដល់ដៃរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន»។

ភា្លមៗនេះ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ មិនអាចសុំការស្រាយបំភ្លឺ ពីតំណាងក្រុមហ៊ុន KDC និងសាលា​ខេត្ត​កំពង់ឆ្នាំង បាននៅឡើយជុំវិញបញ្ហាខាងលើ។ គួរបញ្ជាក់ជូនដែរថា ជំលោះដីធ្លីរវាង អ្នកភូមិឡពាង និង​ក្រុមហ៊ុនខេប៊ីស៊ី របស់លោកស្រី ជា ខេង ភរិយាលោក ស៊ុយ សែម បានអូសបន្លាយជាច្រើនឆ្នាំមកហើយ គិតចាប់ពី ឆ្នាំ២០០៦មក៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...