គ្រាន់តែ ទៅ​គាំទ្រ​សម្តី​របស់​នាយករដ្ឋមន្រ្តី​សោះ ក៏​ខុស​ដែរ!

«គ្រាន់តែ ទៅគាំទ្រសម្តីរបស់នាយករដ្ឋមន្រ្តីសោះ ក៏ខុសដែរ!» នេះជាការលើកឡើង របស់ក្រុមអ្នកមានជម្លោះដីធ្លី ដែលបានតាំងចិត្តថា នឹងយកញត្តិទៅដាក់ឱ្យដល់ដៃ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវបានកងកម្លាំងសមត្ថកិច្ចជាច្រើន បានធ្វើការរាំងឃាត់អ្នកមានជម្លោះដីធ្លីទាំងនោះ មិនឱ្យហែរក្បួនយកញត្តិទៅដាក់។
Loading...
  • ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២២ សីហា ២០១៤
  • កែប្រែចុងក្រោយ: August 30, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅថ្ងៃទី២២ សីហា ឆ្នាំ២០១៤នេះ អ្នកមានជម្លោះដីធ្លី បានប៉ះទង្គិចគ្នាជាថ្មីទៀត ជាមួយកងសន្តិសុខ​ខណ្ឌ និងក្រុមសមត្ថកិច្ច ខណៈពេលដែលក្រុមអ្នកតវ៉ាទាំងនោះ បានព្យាយាមយកញត្តិទៅដាក់នៅ ទីស្តីការ​គណៈរដ្ឋមន្ត្រី ដើម្បីឱ្យដល់ដៃលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយសារតែលោក ហ៊ុន សែន អះអាងថា លោកនឹងដោះស្រាយបញ្ហាដីធ្លីឱ្យប្រជាពលរដ្ឋ និងបញ្ជាក់ថាលោកមិនដែលបានទទួលញត្តិ ពីអ្នកមាន​ជម្លោះ​ដីធ្លីនោះទេនាពេលកន្លងមក។ ការប៉ះទង្គិចគ្នានោះ បានបណ្តាលឱ្យ ស្ត្រីបីនាក់សន្លប់។

ការរារាំងក្បួនដង្ហែញត្តិរបស់ប្រជាពលរដ្ឋនេះ ក្រុមអ្នកតវ៉ាបានលើកឡើងថា ក្រុមសមត្ថកិច្ចទាំងនោះ បាន​ល្មើសនឹងបទបញ្ជារបស់លោក ហ៊ុន សែន។

កញ្ញា សុង ស្រីលាភ សកម្មជនតវ៉ាដីធ្លីនៃសហគមន៍បឹងកក់ បានប្រាប់យ៉ាងដូច្នេះថា៖ «នៅពេលដែលពួកខ្ញុំ លឺប្រសាសន៍របស់នាយករដ្ឋមន្រ្តី ពួកខ្ញុំមានអារម្មណ៍សប្បាយរំភើបមែនទែន ដែលយូហើយ​ពួកខ្ញុំមិន​ដែល​លឺថាសម្តេចនាយករដ្ឋមន្រ្តីរបស់ពួកខ្ញុំ គាត់មានប្រសាន៍អញ្ចឹងសោះ ដល់ពេលថ្ងៃទី១៨ពួកខ្ញុំ​លឺអញ្ចឹងពួក​សប្បាយរំភើបណាស់»។

កញ្ញាបន្តថា គោលបំណងសំខាន់របស់ក្រុមតវ៉ាករណីជម្លោះដីធ្លី គឺធ្វើយ៉ាងណា ព្យាយាមយកញត្តិរបស់​ក្រុមខ្លួនដែលកំពុងមានជម្លោះដីធ្លី ជាពិសេសមកពីសហគមន៍បឹងកក់ ឡពាង ក៏ដូចបុរីកីឡាជាដើម យក​ទៅជូនដល់ដៃរបស់នាយករដ្ឋមន្រ្តី ព្រោះតែកាលពីថ្ងៃទី១៨ ខែសីហាកន្លងទៅ លោក ហ៊ុន សែន បានលើក​ឡើងថា រាល់ញត្តិពាក់ព័ន្ធបញ្ហាដីធ្លី លោកមិនដែលបានទទួលម្តងណាឡើយ។ ញត្តិដែលក្រុមអ្នកតវ៉ា​ទាំង​នោះ ព្យាយមយកដាក់ឱ្យដល់ដៃលោកនាយករដ្ឋមន្រ្តី មានសារដែលសរសេរគាំទ្រ នូវអនុសាសន៍របស់​លោក និងមួយវិញទៀត ដាក់ញត្តិទាមទារឱ្យលោកនាយករដ្ឋមន្រ្តីជួយជំរុញឱ្យ មន្រ្តីថ្នាក់ក្រោមរបស់លោក ដែលតែងតែកុហកលោកនោះ ឱ្យដោះស្រាយបញ្ហាដីធ្លីរបស់ប្រជាជនដែលរងគ្រោះអស់ជាច្រើនឆ្នាំ។

សកម្មជនដីធ្លីរូបនេះ បានបន្ថែមថា បើទោះបីជាលោកនាយករដ្ឋមន្រ្តីបានប្រកាសយ៉ាងណាក៏ដោយ ប៉ុន្តែ​មន្រ្តីថ្នាក់ក្រោមរបស់លោក នៅតែធ្វើការរាំងខ្ទប់ការដាក់ញត្តិរបស់ប្រជាពលរដ្ឋដដែល។ កញ្ញាបញ្ជាក់​ទៀត​ថា៖ «សម្តេចគាត់មានអនុសាសន៍ម្តងជាពីដង នៅតែអត់មានប្រសិទ្ធិភាពដែរ។ ថ្ងៃនេះ​មើលឃើញហើយថា អនុសាសន៍របស់សម្តេចមួយណា ក៏មិនអាចធ្វើឱ្យមន្ត្រីថ្នាក់ក្រោមរបស់គោរពបានដែរ»។

ពួកអ្នកតវ៉ាបានលើកឡើង ពីសភាពជាក់ស្តែងកាលពីឆ្នាំ២០០៦ ដែលលោកនាយករដ្ឋមន្រ្តី មានប្រសាសន៍​ថាគាត់មិនឱ្យប្រជាពលរដ្ឋជាប់គុករឿងបញ្ហាដីធ្លីទេ ប៉ុន្តែចាប់ពីពេលនោះមក ប្រជាពលរដ្ឋអ្នកមានជម្លោះ​ដីធ្លី បានជាប់គុកបន្តបន្ទាប់។ ដល់ពេលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៤នេះ សម្តេចបាននិយាយថា មិនឱ្យ​ធ្វើ​បាបប្រជាពលរដ្ឋ មិនឱ្យរាំងខ្ទប់នូវញត្តិដែលប្រជាពលរដ្ឋចង់យកទៅប្រគល់ដល់ដៃគាត់ ប៉ុន្តែនៅតែមាន​ការរាំងខ្ទប់ពីមន្រ្តីថ្នាក់ក្រោមដដែល៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...