បើក​ឲ្យ​មាន​«ទូរស័ព្ទ​ក្រហម» រវាង​ចិន​និង​វៀតណាម ក្នុងជម្លោះ​ដែន​ទឹក

ប្រទេសចិន និងវៀតណាម បានសម្រេចចិត្តបើកខ្សែ«ទូរស័ព្ទក្រហម»មួយ ដែលនឹងភ្ជាប់ទំនាក់ទំនងផ្ទាល់រវាងទីក្រុងប៉េកាំង និងទីក្រុងហាណូយ ក្នុងគោលបំណងដោះស្រាយជម្លោះដែនសមុទ្រចិនខាងត្បូង។ នេះបើតាមការប្រកាសឲ្យដឹង កាលពីចុងសប្ដាហ៍កន្លងមក ដោយសារព័ត៌មានផ្លូវការ ក្នុងឱកាសដំណើរទស្សនកិច្ចនៅប្រទេសចិន របស់ប្រធានាធិបតីវៀតណាម លោកទ្រឿង តានសាង (Truong Tan Sang)។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: June 23, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រទេសចិន និងវៀតណាម បានសម្រេចចិត្តបើកខ្សែ«ទូរស័ព្ទក្រហម»មួយ ដែលនឹងភ្ជាប់ទំនាក់ទំនងផ្ទាល់រវាងទីក្រុង​ប៉េកាំង និងទីក្រុងហាណូយ ក្នុងគោលបំណងដោះស្រាយជម្លោះដែនសមុទ្រចិនខាងត្បូង។ នេះបើតាមការប្រកាស​ឲ្យ​ដឹង កាលពីចុងសប្ដាហ៍កន្លងមក ដោយសារព័ត៌មានផ្លូវការមួយ ក្នុងឱកាសដំណើរទស្សនកិច្ចនៅប្រទេសចិន របស់​ប្រធានាធិបតី​វៀតណាម លោកទ្រឿង តានសាង (Truong Tan Sang)។


លោកប្រធានាធិបតីចិន និងប្រធានាធិបតីវៀតណាម ដើរត្រួតពល។ (រូបថត MARK RALSTON / AFP)

សារព័ត៌មានផ្លូវការរបស់ចិន បានស្រង់សម្ដីរបស់មន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្មចិន ទទួលបន្ទុកខាងជលផល លោក វ៉ាង យីង មកបញ្ជាក់ថា «ជាមួយនឹងការបើកខ្សែទំនាក់ទំនងផ្ទាល់ នៅលើការនេសាទនេះ ភាគីទាំងសងខាង នឹងត្រូវ​បានជូនដំណឹងក្នុង៤៨ម៉ោង ពីហេតុការណ៍ទាំងឡាយ ដែលរួមបញ្ចូលទាំងការឃាត់ខ្លួន ឬចំណាត់ការទៅលើ​អ្នក​នេសាទ ឬទូកនេសាទនៃភាគីម្ខាងទៀត»។

ប្រធានាធិបតីវៀតណាម លោកទ្រឿង តានសាង បានធ្វើដំណើរទស្សនកិច្ច នៅប្រទេសចិន ជាលើកដំបូងរបស់លោក រាប់ចាប់តាំងពីពេលចូលកាន់តំណែង នៅដើមឆ្នាំ២០១១នោះមក។ លោកទ្រឿង ត្រូវបានទទួលឲ្យជួបកាលពីថ្ងៃពុធ ដោយប្រធានាធិបតីចិន លោក ស៊ី ជីនភីង (Xi Jinping) និងបន្ទាប់មក បានជួបជាមួយនឹងនាយករដ្ឋមន្ត្រីចិន លោក លី កេគៀង (Li Keqiang) ផងដែរ នៅថ្ងៃព្រហស្បត្តិ ស្អែកឡើង។

ប្រទេសចិនបានកំណត់ដែនសមុទ្រចិនខាងត្បូង សឹងតែទាំងមូល ថាជាទឹកដីរបស់ខ្លួន ដែលក្នុងដែនសមុទ្រនេះ ជាផ្លូវ​នាវាចរណ៍យ៉ាងសំខាន់ សម្រាប់ការដឹកជញ្ជូននានាក្នុងតំបន់ និងជាទីកន្លែងដែលសម្បូរទៅដោយ «ឧស្ម័នប្រេង» នោះ​ទៀតផង។ តែវាជាការកំណត់ ដោយបានបង្កឲ្យមានការខឹងក្រេវក្រោក ពីសំណាក់ប្រទេសជិតខាងខ្លួន ជាពិសេស​ប្រទេសវៀតណាម។


ផែនទីសមុទ្រ ដែលប្រទេសជាភាគីជម្លោះ គូរព្រំដែនទៅតាមអ្វី ដែលខ្លូនជឿថាជាទឹកដីរបស់ខ្លួន។

ទីក្រុងប៉េកាំង បានកំណត់ព្រំដែនទឹកទាំងនេះ ដោយយកផែនទីឆ្នាំ១៩៤០ មកធ្វើជាគោល។ ហើយការជួបប្រឈម​មុខ​ដាក់គ្នា បានកើតឡើងជារឿយៗ រវាងប្រទេសភូមិផងរបងជាមួយគ្នានេះ។ ហេតុការណ៍ចុងក្រោយ ដែលជាការប្រឈម​មុខគ្នានោះ បានកើតឡើងនៅខែមិនា ខណៈពេលដែលទីក្រុងហាណូយ បានចោទថានាវាល្បាតចិន បានបាញ់រះ​មក​លើ​នាវានេសាទរបស់វៀតណាម។ តែបើតាមទីក្រុងប៉េកាំងថា នាវានេសាទវៀតណាមនោះ បានរំកិលខ្លួនចូលមក​ក្នុង​ទឹកដី​របស់ចិន ដែលនៅក្បែរប្រជុំកោះប៉ារ៉ាសែល (Paracels)។

ទូកនេសាទរបស់ចិន ជារឿយៗ តែងតែអមការពារដោយនាវាចម្បាំងមកជាមួយ។

កាសែតចិនថ្មីបានស្រង់សម្ដី ប្រធានាធិបតីចិនលោក ស៊ី ជីនភីង ដែលបានធានាទៅដៃគូរសន្ទនារបស់លោក ពីគោល​ជំហររបស់ប្រទេសចិន ក្នុងការដោះស្រាយវិវាទតាមផ្លូវចរចារ មកថ្លែងបញ្ជាក់ថា «ប្រទេសចិននិងវៀតណាម ត្រូវ​សម្រេចចិត្ត ពីជំហានដែលត្រូវដើរស្ដីពីដំណោះស្រាយនយោបាយមួយ ជុំវិញបញ្ហាសមុទ្រចិនខាងត្បូង ប្រកបដោយ​ការទទួលខុសត្រូវរៀងៗខ្លួន នៅចំពោះមុខប្រវត្តិសាស្ត្រ និងប្រជាជន»។

«យើងត្រូវគិតពីចំណងមិត្តភាពចិន-វៀតណាម និងពីការអភិវឌ្ឍន៍រវាងប្រទេសទាំងពីរ ធ្វើយ៉ាងណាកុំឲ្យបញ្ហា បង្កជា​ផលរមាស់ទៅដល់ចំណងមិត្តភាពរបស់យើង» លោកប្រធានាធិបតីចិន បានបន្ថែម។

ប្រទេសទាំងពីរធ្លាប់បានជួបប្រយុទ្ធគ្នា នៅឆ្នាំ១៩៨៨ ធ្វើឲ្យមានស្លាប់ជាង១០នាក់ ក្នុងការដណ្ដើមតែរៀងៗខ្លួន​មក​គ្រប់គ្រង នូវប្រជុំកោះស្ប៉ាតឡី (Spratleys)។ នៅក្នុងអំឡុងប៉ុន្មានឆ្នាំចុងក្រោយនេះ ជាមួយនឹងការរីកចម្រើនទៅមុខ លឿនដូចព្រួញនៃកងទ័ពរបស់ចិន អ្នកជិតខាងដូចយ៉ាងវៀតណាម និងហ្វីឡីពីនជាដើម បានចោទចិនថា បាន​ប្រព្រឹត្តិ​នូវការរំលោភបំពានដោយចេញមុខ នៅក្នុងវិបត្តិដែនសមុទ្រ ដែលកំពុងតែតានតឹងស្រាប់៕

-----------------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...