តូរ៉ែស ជួយឲ្យតោខៀវឆែលស៊ី ឈ្នះរូប៊ីន កាស្សាន ៣-១
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: April 05, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមម្ចាស់ជើងឯកអ៊ឺរ៉ុប ឆែមពានលីក (Champions League) តោខៀវ ឆែលស៊ី (Chelsea) បានយកឈ្នះក្រុមម្ចាស់ជើងឯករុស្សី រូប៊ីន កាស្សាន (Rubin Kazan) ដោយលទ្ធផល ៣-១ ក្នុងការប្រកួតជើងទី១ អ៊ឺរ៉ូផាលីក (Europa League) វគ្គ១ភាគ៤ផ្តាច់ព្រ័ត្រ កាលពីថ្ងៃព្រហស្បត៏។ ក្នុងនោះ កីឡាករខ្សែប្រយុទ្ធអេស្ប៉ាញ ហ្វឺណាន់ដូ តូរ៉ែស (Fernando Torres) បានរកគ្រាប់បាល់បានចំនួន ២គ្រាប់។
កីឡាករ ហ្វឺណាន់ដូ តូរ៉ែស ជាមួយនឹងរបាំងមុខរបស់គាត់។
ក្រុមឆែលស៊ី ដែលបានចូលមកប្រកួតប្រជែងពានរង្វាន់អ៊ឺរ៉ុបលំដាប់ទី២ បន្ទាប់ពីធ្លាក់ចេញពីការប្រកួតឆែមពានលីក ក្នុងវគ្គចែកពូលនោះ បានលេង៣ប្រកួត ក្នុងរយះពេល៦ថ្ងៃ ដូច្នេះទើបគ្រូបង្វឹក ឲ្យកីឡាករល្អៗជាច្រើន ស្ថិតនៅជាកីឡាករបម្រុង។
ខ្សែប្រយុទ្ធ តូរ៉ែស ដែលលេងធ្លាក់ជើង ហើយមិនសូវបានជាប់ជាកីឡាករជម្រើស ១១នាក់ ដំបូងនោះ បានរកគ្រាប់បាល់ទី១ បានសម្រេចនៅនាទី ទី១៦ បន្ទាប់ពីការបញ្ជូនបាល់ប្លោងពីចម្ងាយ ដោយកីឡាករខ្សែការពារ ដេវ៊ីដ ល្វីស (David Luiz)។
ខ្សែបម្រើ វីកទ័រ ម៉ូសេ (Victor Moses) បានរកគ្រាប់បាល់ទី២ ឲ្យឆែលស៊ី បានមួយគ្រាប់ទៀត នៅនាទី ទី៣២ បន្ទាប់ពីខ្សែការពាររបស់ក្រុមរូប៊ីន ទាត់បាល់ចេញពីតំបន់គ្រោះថ្នាក់មិនបានល្អ ហើយបាល់មកដល់ជើងម៉ូសេ ទើបកីឡាករនីស្សេរីយ៉ារូបនេះ ទាត់មួយទំហឹងពីចម្ងាយ បំប៉ោងសំណាញ់ទីបានសម្រេច។
ទោះបីជាយ៉ាងណា ក្រុមរូប៊ិន បានតាម បាន១គ្រាប់មកវិញ នៅនាទី ទី៤១ ដែលជាគ្រាប់បាល់របស់កីឡាករខ្សែបម្រើអ៊ីស្រាអែល បេប្រាស ណាចូ (Bebras Natcho) ដោយការទាត់បាល់ពិន័យប៉េណាល់ទី ក្រោយពេលកីឡាករ ចន ធឺរី (John Terry) យកដៃទៅរារាំងបាល់ ដែលទាត់ដោយកីឡាករ គ្រីស្ទែន អេនសាលឌី (Cristian Ansaldi)។
អតីតខ្សែប្រយុទ្ធឆ្នើមរបស់ក្រុម លីវើភូល (Liverpool) ហ្វឺណាន់ដូ តូរ៉ែស បានជួយឲ្យក្រុមឆែលស៊ី ផុតភ័យ នៅពេលដែលគាត់បានទទួលបាល់ ដែលបញ្ជូនទាត់កាត់ទីដោយកីឡាករ ចន ម៉ាតា (Juan Mata) ហើយខ្សែប្រយុទ្ធ ដែលពាក់របាំងមុខខ្មៅរូបនេះ បានប្រើក្បាល ឲ្យបាល់ចូលទីបានសម្រេចនៅនាទី ទី៧០។
ចំណែកឯគូដទៃទៀត ក្រុមបិនហ្វីកា (Benfica) របស់ប្រទេសព័រទុយហ្គាល់ យកឈ្នះក្រុម សារិកាព្រៃ ញ៉ូកាស្ស៊ល យូណៃធីត (Newcastle United) របស់អង់គ្លេស ដោយលទ្ធផល ៣-១។ គ្រាប់បាល់របស់កីឡាករ រ៉ូដ្រីកូ (Rodrigo) លីម៉ា (Lima) និងកីឡាករ អូស្កា កាដូសូ (Oscar Cardozo) បានលុបចោលគ្រាប់បាល់របស់កីឡាករ ប៉ាប៉ិស ស៊ីស៊េ (Papiss Cisse) ដែលធ្វើឲ្យក្រុមញ៉ូកាស្ស៊ល នាំមុខតាំងតែពីនាទី ទី១២។
ក្រុម ហ្វេណឺបាច់ (Fenerbahce) របស់ប្រទេសទួរគី យកឈ្នះក្រុម ឡាស្ស៊ីអូ (Lazio) របស់អ៊ីតាលី ដោយលទ្ធផល ២-០ ដែលជាគ្រាប់បាល់ប៉េណាល់ទីរបស់កីឡាករ វ៉េបូ (Webo) និងអតីតកីឡាករក្រុមលីវើភូល ដឺក ខាយ (Dirk Kuyt) ខណៈដែលក្រុមទតិន ហេមហតស្ពឺ (Tottenham Hotspur) របស់អង់គ្លេស បញ្ចប់លទ្ធផលត្រឹមស្មើជាមួយនឹងក្រុម អេហ្វស៊ី បាស្ស៊ែល (FC Basel) របស់ស្វីស ២-២។
ការប្រកួតជើងទី២ ពានរង្វាន់អ៊ឺរ៉ូផាលីក វគ្គ១ភាគ៤ផ្តាច់ព្រ័ត្រ នឹងធ្វើឡើងនៅថ្ងៃព្រហស្បត៏ ទី១១ ខែមេសា សប្តាហ៏ក្រោយ៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ