ប្រដាល់៖ អូដឡេ ហារីសិន នឹងចូលនិវត្តន៏ បើគាត់ចាញ់ ដៀនថាយ វីលដឺ
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: April 05, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អ្នកប្រដាល់ អូដឡេ ហារីសិន (Audley Harrison) បាននិយាយថា គាត់នឹងបញ្ឈប់អាជីពជាអ្នកប្រដាល់ បើគាត់វាយចាញ់ កីឡាករ ដៀនថាយ វីលដឺ (Deontay Wilder) នៅថ្ងៃទី២៧ ខែមេសា ខាងមុខ។
កីឡាករប្រដាល់ អូដឡេ ហារីសិន ជាមួយនឹងខ្សែរក្រវ៉ាត់របស់គាត់។
ហារីសិន បានប្រឈមនឹងការបញ្ចប់អាជីព បន្ទាប់ពីមានការបរាជ័យផ្ទួនៗ ដោយបានចាញ់ក្រោមស្នាដៃកីឡាករ ម៉ាទីន រ៉ូកាន (Martin Rogan), ដេវ៊ីដ អេ (David Haye) និងអ្នកប្រដាល់ ដេវ៊ីដ ប្រៃស៏ (David Price) ប៉ុន្តែពេលថ្មីៗនេះ គាត់ធ្វើបានល្អឡើងវិញ ហើយបានក្លាយជាម្ចាស់ ជើងឯក ក្នុងកម្មវិធី ប្រៃស៏ហ្វៃធឺ (Prizefighter) កាលពីខែកុម្ភៈ កន្លងទៅ។
អ្នកប្រដាល់វ័យ ៤១ឆ្នាំរូបនេះ មិនបោះបង់ក្តីសង្ឃឹម ក្នុងការក្លាយខ្លួនទៅជាម្ចាស់ខ្សែក្រវ៉ាត់ពិភពលោកនៅទេ ប៉ុន្តែសុបិន្តរបស់គាត់នឹងសាបសូន្យ បើសិនជារូបគាត់ វាយចាញ់អ្នកប្រដាល់អាមេរិក វីលដឺ នៅក្នុងទីក្រុង ស្សិហ្វហ្វៀល (Sheffield)។
កីឡាករអង់គ្លេសរូបនេះ បាននិយាយថា «វីលដឺ គេរហ័ស ជាពិសេសដៃរបស់គេលឿនណាស់ ប៉ុន្តែគាត់មិនដែលបានសាកល្បងជាមួយនឹងខ្ញុំនោះទេ។ ខ្ញុំគោរពគាត់ខ្លាំងណាស់ ដូច្នេះវាគ្មានអ្វីត្រូវលាក់បាំងនោះទេ ប៉ុន្តែនេះជាច្រកទ្វាតែមួយគត់ ដែលខ្ញុំត្រូវតែដើរឆ្លងកាត់។»
គាត់បានបន្តថា «បើខ្ញុំចាញ់ នោះវានឹងចប់ ប៉ុន្តែបើខ្ញុំឈ្នះ ខ្ញុំនឹងក្លាយទៅជាកីឡាករកំពូល ហើយអាចមានសិទ្ធ ប្រកួតដណ្តើមខ្សែក្រវ៉ាត់ពិភពលោក។ វាអាចជាការខាតបង់ដ៏ធំ តែក៏អាចជារង្វាន់មួយដ៏ធំបំផុតផងដែរ។ វាគ្មានអ្វី ប្រសើជាងនេះនោះទេ។»
អ្នកប្រដាល់មិនដែលចាញ់ វីលដឺ បានឈ្នះគ្រប់ការប្រកួតទាំងអស់ ក្នុងការប្រកួត ២៧លើករបស់គាត់ ហើយគាត់សង្ឃឹមថាខ្លួនគាត់ នឹងក្លាយទៅជាអ្នកប្រដាល់ទម្ងន់ធ្ងន់មួយរូប ដែលមានទស្សនិកជាច្រើនចាប់អារម្មណ៏។
វីលដឺ បាននិយាយថា «វាគ្មានអ្វីប្លែកទេសំរាប់ខ្ញុំ មានថ្ងៃ មានយប់ បន្ទាប់មកក៏តែងតែទទួលបានជ័យជំនះ។ ខ្ញុំសូមផ្តាំផ្ញើដល់អ្នកគាំទ្រជាច្រើន នៅក្នុងប្រទេសអង់គ្លេសថា ខ្ញុំនឹងទៅដល់ទីនោះក្នុងពេលឆាប់ៗ ហើយខ្ញុំរងចាំឱកាសនេះ ជាយូរមកហើយ៕»
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ