លោក វីឡាស បូអាស៖ ការ៉ែត ប៊េល នឹងក្លាយជាកីឡាករល្អប្រចាំឆ្នាំ (វីដេអូ)
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: February 26, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កីឡាករខ្សែបំរើស្លាបរូបនេះ បានរកគ្រាប់បាល់បញ្ចូលទីចំនួន ៨គ្រាប់ ក្នុងការប្រកួត៦ប្រកួត ចុងក្រោយ ហើយបានជួយឲ្យក្រុមស្ពឺស៏ (Spurs) យកឈ្នះក្រុមវេសហេម (West Ham) កាលពី យប់ថ្ងៃច័ន្ទ ដោយការស៊ុតបាល់ចំងាយ ៣០យ៉ាដ នៅម៉ោងបង្គ្រប់បន្ថែម ២នាទីចុងក្រោយ មុនចប់ការប្រកួត។
កីឡាករ ការ៉ែត ប៊េល របស់ក្រុមទតិនហេម។
លោក អេនដ្រេ វីឡាស បូអាស (Andre Villas-Boas) គ្រូបង្វឹករបស់ក្រុម ទតិនហេម ហ៉តស្ពឺស៏ (Tottenham Hotspurs) បាននិយាយថា កីឡាករ ការ៉ែត ប៊េល (Gareth Bale) អាចនឹងត្រូវបាន បោះឆ្នោតជាកីឡាករល្អប្រចាំឆ្នាំ បន្ទាប់ពីរូបគេបានស៊ុតបាល់ចំនួន ២គ្រាប់ក្នុងការយកឈ្នះ ក្រុមវេសហេម ដោយលទ្ធផល ៣-២។
គ្រាប់ស៊ុតចូលទី ពីចម្ងាយ៣០យ៉ាដ របស់កីឡាករប៊េលនៅនាទី ៩០ធ្វើឲ្យគាត់មានគ្រាប់បាល់ សរុបចំនួន ១៥គ្រាប់ នារដូវកាលនេះ ក្នុងក្របខ័ណ្ឌព្រីមែលីក (Premier League) និងជួយឲ្យ ក្រុមនៅភាគខាងជើងទីក្រុងឡុង ឡើងដល់ចំណាត់ថ្នាក់លេខ៣ ក្នុងតារាង ហើយអាចប្រកួត ក្នុងក្របខ័ណ្ឌឆែមពាន លីក (Champions League) នៅរដូវកាលក្រោយ។
លោក វីឡាស បូអាស បានសរសើរដល់កីឡាករប៊េលថា គាត់ស៊ុតបាន ៨គ្រាប់ ក្នុងការប្រកួត ៦លើកចុងក្រោយសំរាប់ក្រុមស្ពឺស៏ ហើយគាត់ជឿថា កីឡាករដើមកំណើតមកពីភាគខាងលិច នៃប្រទេសអង់គ្លេសរូបនេះ ប្រាកដជាមានឈ្មោះជាកីឡាករល្អប្រចាំឆ្នាំ និងអាចទទួលបានពានរង្វាន់ក្រោយចប់រដូវកាល។
គ្រូបង្វឹករូបនេះបាននិយាយក្រោយចប់ការប្រកួតថា «ខ្ញុំគិតថា គាត់នឹងទទួលបាន (ពានរង្វាន់ កីឡាករល្អប្រចាំឆ្នាំ)។ គាត់ជាកីឡាករកំពូល ហើយមានភាពប៉ិនប្រសព្វ។ ក្នុងរដូវកាលនេះ យើងឃើញគាត់បានលេង នៅក្នុងកំរិតខ្ពស់ថែមទៀត ដោយគាត់ធ្វើឲ្យគ្រប់ការប្រកួតមានភាពខុសប្លែក។»
គាត់បានបន្តទៀតថា «ប៊េលពិតជាមានសមត្ថភាពអស្ចារ្យ ជាពិសេសនៅក្នុងរដូវកាលនេះ។ គាត់មានសមត្ថភាពខ្ពស់ និងទឹកចិត្តតស៊ូ។ អ្នកបានឃើញការប្រកួត កាលពីយប់ម៉ិញក្នុងរយះ ពេល ២នាទីចុងក្រោយហើយ គាត់ពិតជាកីឡាករកំពូលម្នាក់។»
គ្រូបង្វឹកក្រុមវេសហេម លោក សាម អាឡាដាយ (Sam Allardyce) ក៏បានយល់ស្របដែរថា ប៊េល ដែលជាកីឡាករកំពូលរបស់ភូមិភាគខាងលិចអង់គ្លេស ពិតជាសាកសមជាកីឡាករល្អប្រចាំឆ្នាំម៉ែន បន្ទាប់ពីកីឡាករវ័យ ២៣ឆ្នាំរូបនេះធ្វើបានយ៉ាងអស្ចារ្យក្នុងកីឡាដ្ឋាន អ័បថុន ផាក (Upton Park ៖កីឡាដ្ឋានរបស់ក្រុមវេសហេម)។
លោក អាឡាដាយបាននិយាយថា «ក្នុងពេលនេះ គ្មានកីឡាកររូបណា ដែលជួយដល់ក្រុម ស្ពឺស៏ ជាងកីឡាករ ការ៉ែត ប៊េល ទេ។ វាមិនត្រឹមតែចំនួនគ្រាប់បាល់ដែលគាត់រកបានប៉ុណ្ណោះ ទេ ជាពិសេសគឺទំរង់លេងរបស់គាត់ ទាំងការបំរើបាល់ ការបញ្ជូនបាល់បានយ៉ាងល្អ និងជា កីឡាករសំខាន់ក្នុងក្រុមទាំងមូល។ មិនថាអ្នក ជាអ្នកណា ឬគាំទ្រក្រុមមួយណាទេ អ្នកច្បាស់ជាមានការកោតសរសើ ដល់គ្រាប់បាល់របស់កីឡាកររូបនេះ៕»
សូមទស្សនាវីដេអូ នៃការស៊ុតបញ្ចូលទីរបស់ ប៊េល ដូចតទៅ៖
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៦ ខែកុម្ភះ ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ