ប្រដាល់៖ កីឡាករ ខាន់ នឹងប្រកួតក្នុងប្រទេសអង់គ្លេស
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: February 26, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អ្នកប្រដាល់ អាមឺ ខាន់ (Amir Khan) នឹងត្រូវធ្វើការប្រកួតក្នុងប្រទេសអង់គ្លេស ជាលើកដំបូង ក្នុងរយះពេល ២ឆ្នាំ ហើយ ត្រូវប្រកួតជាមួយកីឡាករ ជូលីយ៉ូ ឌីយ៉ាស (Julio Diaz) ក្នុងសង្វៀន ម៉ូតូផូញធ៏ អារ៉េណា (Motorpoint Arena) នៅថ្ងៃទី ២៧ ខែមេសា ក្នុងទីក្រុង ស្សែហ្វ ហ្វ៊ែល (Sheffield) ចក្រភពអង់គ្លេស។
កីឡាករប្រដាល់ អាមី ខាន់។
អ្នកប្រដាល់សញ្ជាតិម៉ិកសិកូ ដែលបានកើតក្នុងប្រទេសអាមេរិក បានប្រាប់ដល់កីឡាករ ខាន់ ថា គាត់នឹងមានយប់ដ៏ពិបាកមួយ ក្នុងការស្រោចស្រង់អាជីពគាត់ឡើងវិញ។
កីឡាករ ឌីយ៉ាស បាននិយាយថា «យើងកំពុងរង់ចាំ ការយល់ព្រមជាផ្លូវការមួយពី ខាន ប៉ុន្តែ ឥឡូវពួកគេមានកិច្ចសន្យារបស់ខ្ញុំហើយ។ ពួកយើងបានយល់ព្រមទៅលើ កិច្ចសន្យាមួយ ហើយគ្រប់យ៉ាងមានដំណើរការល្អ។»
គាត់បន្តថា «ខាន់ មានចំណុចខ្សោយច្រើនណាស់ គាត់មិនអាចវាយចេញទេ បើខ្ញុំគ្របដណ្តប់ ទៅលើគាត់ឲ្យតដៃមិនរួច នោះគាត់ពិតជាមានការស្លន់ស្លោរ។ ខ្ញុំចង់បានការប្រយុទ្ធ វាយគ្នាពិតប្រាកដ។ ខ្ញុំមិនចូលចិត្តវាយ ជាលក្ខណះបច្ចេកទេសពេក ឬវាយកំសាន្តនោះទេ»។
អតីតម្ចាស់ខ្សែក្រវាត់ពិភពលោកវ័យ ២៦ឆ្នាំ កីឡាករ ខាន់ បានធ្លាក់ចេញពីតំណែងកំពូលអ្នក ប្រដាល់ នៅពេលគាត់បានវាយចាញ់ កីឡាករ ឡាម៉ុន ផិតថឺសិន (Lamont Peterson) និង កីឡាករ ដេនី កាស្ស៊ែ (Danny Garcia) ក្នុងជុំទី៤។
គាត់បានទទួលភាពជោគជ័យថ្មីមួយត្រឡប់មកវិញ ក្នុងការប្រកួតចុងក្រោយ ដោយបានយក ឈ្នះកីឡាករ កាឡូស ម៉ូលីណា (Carlos Molina) នៅឯសង្វៀន ឡូស អេនជេលែស (Los Angeles Sports Arena) កាលពីខែធ្នូរកន្លងទៅ។
ប៉ុន្តែបន្ទាប់ពីការឈ្នះនោះមក ភ្នាក់ងាររបស់កីឡាករ ខាន់ បានចំណាយពេល ២ខែ ក្នុងស្វែង រកដៃគូរប្រកួតឲ្យគាត់ តែពុំទទួលបានជោគជ័យ។ មានទាំងកីឡាករ វីយ៉ាឆេស្លាវ សិនឆិនកូ (Vyacheslav Senchenko), កីឡាករ ហាំបឺតូ សូតូ (Humberto Soto), ចន ម៉ាញូអែល ម៉ាខ្វែស (Juan Manuel Marquez), ធីម ប្រេដលី (Tim Bradley), ជូស៊ីតូ ឡូប៉េស (Josesito Lopez) និង កីឡាករ ជេស៊ី វ៉ាកាស (Jessie Vargas)។ ពួកគេទាំងអស់ បានបដិសេដ មិនព្រមប្រកួតជាមួយ កីឡាករ ខាន ដោយសារទំងន់មិនត្រូវគ្នាតិចតួច និងការចរចារពីចំនួនលុយមិនស្របគ្នា។
ប៉ុន្តែកីឡាករ ឌីយ៉ាស ឈ្មោះក្រៅហៅ ឃីដ (Kidd) បានយល់ព្រមប្រកួតជាមួយកីឡាករ ខាន ក្នុងប្រភេទទំងន់ ១៤៣ផោន។
អ្នកប្រដាល់ ឌីយ៉ាស បាននិយាយថា «តាមពិត ខ្ញុំពេញចិត្តទំងន់ ១៤៧ផោន ប៉ុន្តែខ្ញុំត្រូវសម្រក ទំងន់បន្តិច ព្រោះខ្ញុំចង់មានឳកាសវាយជាមួយ ខាន។ ការប្រកួតចុងក្រោយរបស់ខ្ញុំ ក្នុងទំងន់ ១៤៦ ផោន ដូច្នេះវាខុសគ្នាតែចំនួន ៣ផោនតែប៉ុណ្ណោះ។»
គាត់បន្តថា «ខ្ញុំរង់ចាំឳកាសវាយជាមួយ ខាន យូរណាស់មកហើយ ហើយលើកនេះ គាត់ថែម ទាំង ជាអ្នកអញ្ជើញខ្ញុំទៀត។ គាត់បាននិយាយថា គាត់ចង់វាយក្នុងទឹកដីនៃប្រទេសអង់គ្លេស ដូច្នេះវាគ្មានបញ្ហាអ្វីនោះទេ ព្រោះខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយ៕»
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៦ ខែកុម្ភះ ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ