វង្ស ណយ ដើរចេញពីសង្វៀនប្រដាល់ ដោយមិនងាកក្រោយ
- ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៨ សីហា ២០១៤
- កែប្រែចុងក្រោយ: August 28, 2014
- ប្រធានបទ: ប្រដាល់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រោយពីបានសងសឹក លើកីឡាករ ឡៅ ស៊ីណាត បានសម្រេច និងក្លាយជាម្ចាស់ពានកិត្តិយស របស់ក្រុមហ៊ុនគូប៊ូតា កាលពីរសៀលថ្ងៃអាទិត្យ ទី១៧ ខែសីហា ភ្លាម កីឡាករជើងខ្លាំង វង្ស ណយ បានប្រកាសលាឈប់ពីអាជីពប្រដាល់តែម្ដង ដោយគ្មានការកែប្រែ។ ការប្រកាសលាឈប់នេះ ត្រូវបានកីឡាករប្រដាល់ដ៏ល្បីល្បាញក្នុងប្រទេសកម្ពុជារូបនេះ ប្រាប់ឱ្យដឹងថា ដោយសារតែលោកមានភាពនឿយណាយ និងធុញទ្រាន់ជាមួយកីឡាប្រដាល់នេះ។
កីឡាករ វង្ស ណយ បានបញ្ជាក់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ឱ្យដឹងបន្ត នៅថ្ងៃទី១៨ ខែសីហានេះថា៖ «ដោយសារតែខ្ញុំ គឺជាកីឡាករដ៏ល្បីម្នាក់ ប៉ុន្តែជីវភាពរស់នៅរបស់ខ្ញុំ គឺរស់នៅខ្វះខាត មុខក្រោយៗ»។ លោកបន្តថា ការដែលលោកលាឈប់ភ្លាមដូច្នេះ លោកក៏មានការសោកស្តាយណាស់ដែរ ប៉ុន្តែកីឡាករជើងខ្លាំងវ័យ២៨ឆ្នាំរូបនេះអះអាងថា ការលាឈប់របស់លោកក្នុងពេលនេះគឺជាការល្អបំផុត ដើម្បីអនាគតលោកក៏ដូជាក្រុមគ្រួសារលោក។
កីឡាករ ដែលមានកូនប្រុសវ័យជាងកន្លះឆ្នាំរូបនេះបន្តថា៖ «អញ្ចឹងប្រសិនបើខ្ញុំទ្រាំនៅវ៉ៃ បានកម្រៃខ្លួនតិច ហើយបើខ្ញុំពិការដៃពីការជើង តើអ្នកណាចិញ្ចឹមខ្ញុំ ចិញ្ចឹមកូនរបស់ខ្ញុំ។ ប្រដាល់មិនដែលបានលុយច្រើនទេ ឈ្នះក៏បានតែការសរសើរតិចតួច ហើយបើចាញ់ក៏មានតែការស្តីបន្ទោស ហើយគ្មានអ្វីជាដុំកំភួននោះទេ។» លោកបន្ថែមថា ក្រោយពីលាឈប់ពីការប្រដាល់នេះ លោកនៅមិនទាន់មានគម្រោងប្រកបមុខអ្វីផ្សេងទេ ប៉ុន្តែការងារណា ដែលលោកយល់ថា មានភាពងាយស្រួលជាងការប្រដាល់ ដូចជាធ្វើជាកម្មករជាដើម លោកនឹងធ្វើព្រោះលោកក៏នៅមានកម្លាំងខ្លាំង។
ភា្លមៗនៃការប្រកាសឈប់ប្រកួតរបស់កីឡាកររូបនេះ បានធ្វើមហាជនភាគច្រើនស្លុតចិត្ត និងមានការសោកស្តាយជាខ្លាំងនូវកីឡាករដែលមានរហ័សនាមល្បីក្នុងក្នុងប្រទេស ខណៈដែលអ្នកគាំទ្រទាំងនេះ បានទទូចលោកប្ដូរជំហរវិញដែរ ប៉ុន្តែលោក វង្ស ណយ នៅតែរក្សាជំហរថា លោកមិនអាចងាកក្រោយបានទេ។ វង្ស ណយ បញ្ជាក់យ៉ាងដូច្នេះថា៖ «បើសិនជាការសំណូមពររបស់ប្រជាពលរដ្ឋ គឺខ្ញុំអត់ដឹងថា ខ្ញុំអាចទទួលនូវសំណើរនេះបានទេ ប៉ុន្តែគ្រាន់តែថា ប្រសិនបើមានក្រុមហ៊ុនណាចង់ឧបត្ថម្ភខ្ញុំ ខ្ញុំនឹងវាយឱ្យ»៕