ចាប់​ខ្លួន​​​បុរស​ម្នាក់ បន្ទាប់​ពី​វីដេអូ​មួយ​ត្រូវ​បាន​បង្ហោះ​ ឃើញ​វាយ​​កូន​ដូច​កីឡា​កាស

វីដេអូ ដែលត្រូវបានថតដោយ កាម៉េរ៉ាសុវត្ថិភាពនេះ នៅក្នុងហាងលក់ទំនិញមួយ កាលពីថ្ងៃទី៨ ខែមេសា​ ឆ្នាំ២០១៥។ បុគ្គលិកមួយរូប ដែលឃើញវីដេអូនេះ បានថតបន្តយកមកបង្ហោះ ដើម្បីសុំឲ្យគេរកមុខ បុរសជាឪពុកវ័យក្មេងម្នាក់ ដែលបានវាយកូនខ្លួន ដូចសត្វ នៅក្នុងហាងលក់ទំនិញនោះ។
វីដេអូទីមួយបង្ហាញពីឪពុកវាយកូន នៅក្នុងផ្សារ ដូចកីឡាករវាយកាស នៅលើសៃវៀន។
Loading...
  • ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១០ មេសា ២០១៥
  • កែប្រែចុងក្រោយ: April 11, 2015
  • ប្រធានបទ: ហិង្សា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អ្នក​ដែល​បាន​ទស្សនា​វីដេអូ​នេះ មានអារម្មណ៍ឆេះឆួលភ្លាម នឹងឪពុកចិត្តអាក្រក់ម្នាក់នេះ។ ឆេះឈួលរហូតដល់ បង្ខំ​ឲ្យ​អាជ្ញាជរ​នៃរដ្ឋកាលីហ្វ័នីរ សហរដ្ឋអាមេរិក ស្វែងរកចាប់ខ្លួនបាន បុរសជាឪពុក នៅក្នុងថ្ងៃទី១០ ខែមេសានេះ។

ហេតុការណ៍បានកើតឡើង នៅក្នុងហាងលក់ទំនិញអាមេរិកមួយ កាលពីថ្ងៃទី០៨ ខែមេសា កន្លងទៅ ហើយត្រូវបាន កាម៉េរ៉ា​សុវត្ថិភាពរបស់ហាង ចាប់រូបភាពបាន។ នៅក្នុងរូបភាពនោះ គេឃើញ បុរសម្នាក់​បាន​ដេញចាប់កូន ហើយទះ​មួយ​ទំហឹងដៃ ចំកណ្ដាលមុខ ដូចកីឡាវាយកាស នៅលើសៃវៀន បណ្ដាលឲ្យកូនម្នាក់នោះ ដួលខ្ពោកទៅនឹងដី។ បន្ទាប់​មក គេឃើញស្ត្រីមានផ្ទៃពោះម្នាក់ បានចូលមកដឹកដៃកុមារ ហើយនាំដើរចេញទៅ ដែលមើលទៅ ហាក់បីដូចជាគ្មាន​រឿង​អ្វីទាំងអស់។

ឃ្លីបវីដេអូមួយទៀត ត្រូវបានបង្ហោះ តាមក្រោយមកទៀត តែជាហេតុការណ៍ ដែលបានកើតនៅមុនវីដេអូទីមួយ។ វីដេអូ​ទីពីរនេះ បង្ហាញថា បុរសជាឪពុក ចាប់កូនដែលទំនងជាដេកននៀល នៅនឹងដី ហើយញ៉ឹងកូននេះឡើង ប្រៀបបាន​នឹង​គូជម្លោះ ក្ដៅក្រហាយជាមួយគ្នា អស់រយៈពេល ជាយូរមកហើយដូច្នេះ។

វីដេអូទាំងពីរនេះ ត្រូវបានបុគ្គលិករបស់ហាងលក់ទំនិញ បង្ហោះដាក់ចូល ក្នុងគេហទំព័រ ចែកផ្សាយវីដេអូ (Youtube) មុន​នឹងត្រូវបាន យកទៅចុះផ្សាយបន្ត នៅលើវេទិកាជជែកពិភាក្សាមួយ (forum) ដែលសម្បូរទៅដោយ មនុស្សរាប់សិបម៉ឺន​នាក់ ចូលទៅលេងជារៀងរាល់ថ្ងៃ។

មនុស្សគ្រប់គ្នា ដែលបានចូលមកទស្សនាវីដេអូ សុទ្ធតែបានបញ្ចេញអារម្មណ៍ក្ដៅក្រហាយ និងអារម្មណ៍ឈឺផ្សារ ជំនួស​កុមារដ៏កំសត់។ ម្ចាស់ហាង លោក ហារី ឌិនដ្រល (Harry Dindral) ដែលថតវីដេអូ ចេញពីម៉ាស៊ីនថតសុវត្ថិភាព បាន​និយាយថតជាប់ ក្នុងវីដេអូថា៖ «ខ្ញុំមិនដែលឃើញ រឿងអីអាក្រក់អញ្ចឹងទេ» រីឯបុគ្គលិកម្នាក់ទៀត របស់ហាងលក់ទំនិញ បានសរសេរ ដាក់ជាយោបល់ថា៖ «ខ្ញុំចង់ចែករំលែក ឲ្យមនុស្សជាច្រើន ផ្សេងទៀតបានដឹង រហូតដល់បុរសនេះ ត្រូវ​បាន​កំណត់អត្តសញ្ញាណ»។

បុរសជាឪពុកកុមារ ឈ្មោះ ជូស្ទីន វ៉ាយធីងតុន (Justin Whittington) អាយុ២៣ឆ្នាំ ត្រូវបានឃាត់ខ្លួន ក្នុងថ្ងៃទី១០ ខែ​មេសា​នេះ ហើយត្រូវបានចោទប្រកាន់ភ្លាមៗ ពីបទប្រើហិង្សាលើកុមារ និងពីបទមិនទទួលខុសត្រូវ លើកូនខ្លួនឯង។ នេះ​បើ​តាម​មន្ត្រីនគរបាល បានថ្លែងប្រាប់សារព័ត៌មាន «NEW YORK DAILY NEWS»។ នគរបាលបានឲ្យដឹងថា ដើម្បី​អាច​នៅ​ក្រៅឃុំ ជាបណ្ដោះអាសន្ន បុរសម្នាក់នេះ ត្រូវបង់ប្រាក់តំកល់ ចំនួន១លានដុល្លា ហើយបុរសត្រូវបង្ហាញខ្លួន នៅ​ចំពោះ​ចៅក្រម នៅរសៀលថ្ងៃចន្ទ ខាងមុខនេះ សម្រាប់សវនាការបថមមួយ។

នគរបាលបានបញ្ជាក់ទៀតថា រីឯកុមារវិញ ត្រូវបានគ្រូពេទ្យ ចុះទៅពិនិត្យមើល ដល់គេហដ្ឋាន ដោយមិនចាំបាច់ យក​កុមារទៅស្នាក់ព្យាបាល នៅឯមន្ទីរពេទ្យនោះឡើយ៕

ខាងក្រោមនេះ ជាវីដេអូពេញ ដកស្រង់ដោយ «NEW YORK DAILY NEWS»៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...