​មនុស្ស​៣៣នាក់​ស្លាប់ ក្នុង​គ្រោះ​ថ្នាក់​ផ្ទុះ​រថយន្ដ​ក្រុង នៅ​ម៉ារ៉ុក

មនុស្សយ៉ាងហោចចំនួន៣៣នាក់ បានស្លាប់យ៉ាងអាណោចអាធម នៅក្នុងគ្រោះថ្នាក់បុកគ្នា រវាងរថយន្ដក្រុង និង​រថយន្ដ​ស៊ីទែន​ប្រេង ក្នុងប្រទេសម៉ារ៉ុក កាលពីថ្ងៃសុក្រ។ គ្រោះថ្នាក់នេះ បានផ្ទុះឆេះជាភ្លើងយ៉ាងសន្ធោសន្ធៅ នៅក្នុងខេត្ត តានតាន (Tan-Tan) ភាគខាងត្បូងនៃប្រទេស។
ទិដ្ឋភាពភ្លាម នៃការផ្ទុះឆេះរថយន្ដក្រុង ដែលមានដឹកមនុស្សច្រើនជាង៥០នាក់។
Loading...
  • ដោយ: ដារី អត្ថបទ ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី ១០ មេសា ២០១៥
  • កែប្រែចុងក្រោយ: April 11, 2015
  • ប្រធានបទ: ចរាចរណ៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គ្រោះថ្នាក់បានកើតឡើង នៅព្រឹកព្រហាមថ្ងៃសុក្រ ទី១០ ខែមេសា នៅក្នុងតំបន់ ឈប៊ីកា (Chbika) នៃខេត្ត តានតាន ដែល​ស្ថិតនៅ១០០០គីឡូម៉ែត្រ ភាគនារតីពីរាជធានី រ៉ាបា (Rabat) នៃប្រទេសម៉ារ៉ុក និងបានបណ្ដាលឲ្យមនុស្ស៣៣នាក់ ស្លាប់បាត់បង់ជីវិត ព្រមទាំង៩នាកផ្សេងទៀត រងរបួស។ នេះបើតាមសេចក្ដីរាយការណ៍ របស់ទីភ្នាក់ងារព័ត៌មាន​ក្នុង​ស្រុក ហៅថា MAP ដែលបានស្រង់ប្រភព របស់អាជ្ញាធរតំបន់ មកបញ្ជាក់។

គ្រោះថ្នាក់រវាងរថយន្ដក្រុង និងរថយន្ដស៊ីទែនដឹកប្រេងនេះ បានបង្កឲ្យមានការផ្ទុះឆេះ ជាអណ្ដាតភ្លើងយ៉ាង​សន្ធោ​សន្ធៅ។ រូបភាពដំបូងៗ ដែលត្រូវបានថតដោយបណ្ដាជនក្នុងតំបន់ ដែលត្រូវបានបង្ហោះតាមបណ្ដាញអ៊ិនធើណែត បាន​បង្ហាញឲ្យឃើញពី សភាពធ្ងន់ធ្ងរនៃគ្រោះថ្នាក់នេះ៖ រថយន្ដក្រុងស្ថិតក្នុងអណ្ដាតភ្លើង ខណៈមួយផ្នែករបស់រថយន្ដ បាន​ខ្លោចទៅជាធ្យូងទៅហើយ។

បើតាមអាជ្ញាធរតំបន់ដដែល បាននិយាយថា គ្រោះថ្នាក់បានសម្លាប់មនុស្ស ៣៣នាក់ ដែលពីក្នុងនោះភាគច្រើន ជា​សិស្ស​សាលា ដែលបានវិលត្រឡប់ ពីការប្រកួតកីឡាមួយ ក្នុងក្រុង ប៊ូស្នីកា (Bouznika) ផ្នែកខាងជើងប្រទេស រៀបចំ​ឡើងដោយក្រសួងយុវជន និងកីឡា របស់ប្រទេសម៉ារ៉ុក។ ចំណែកមនុស្ស៩នាក់ដែលរងរបួស ត្រូវបានបញ្ជូនជាបន្ទាន់ ទៅកាន់មន្ទីរពេទ្យខេត្ត។ ប៉ុន្តែក្នុងចំណោមនោះ មានពីរនាក់រងរបួសធ្ងន់ធ្ងរ។

ភ្លាមៗ នៅក្រោយគ្រោះថ្នាក់ ប្រភពមួយពីក្រសួងសុខាភិបាល បានឲ្យតុល្យភាពថា មានមនុស្សស្លាប់៤០នាក់ និង៩នាក់​រងរបួស។

ជារៀងរាល់ឆ្នាំ នៅប្រទេសម៉ារ៉ុក ដែលមានប្រជាជន៣៤លាននាក់ មានមនុស្សស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ប្រមាណ​ជាជិត៤០០០នាក់ បើគិតជាមធ្យមភាគ ត្រូវជា១១នាក់ស្លាប់ បានស្លាប់ជារៀងរាល់ថ្ងៃ។ នៅខែតុលា ឆ្នាំ២០១០ ច្បាប់​ចរាចរណ៍ថ្មី ដែលមានលក្ខណៈតឹងរ៉ឹងជាងមុន ត្រូវបានអនុម័ត។ ឆ្នាំទៅម៉ិញ ការពង្រឹកការចុះត្រួតពិនិត្យ ការ​គោរព​ច្បាប់ចរាចរណ៍ និងគម្រោងពិសេស ក្នុងរៀបចំហេដ្ឋារចនាសម្ព័ន្ធ ដែលមានខ្ទង់ចំណាយដល់ទៅ ២៥០លានអ៊ឺរ៉ូ ត្រូវ​បាន​ប្រកាសឲ្យដឹង ប៉ុន្តែប្រសិទ្ធិភាព នៅតែជាក្ដីមន្ទិលនៅឡើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...