គ្រោះថ្នាក់ចរាចរណ៏៖ វប្បធម៌នៃការរត់គេច មានទោសកម្រិតណា?
ការបើកបរយនជំនិះរបស់ខ្លួន ទៅបុកធ្វើឲ្យមានមនុស្ស«ស្លាប់» ឬរបួស ហើយបានប្រើការរត់គេចខ្លួន មិនទទួលខុសត្រូវរបស់ខ្លួន នៅពេលមានការកើតហេតុ បានក្លាយជា«វប្បធម៌»មួយ ដែលទោសមិនត្រូវបានសម្រាលឲ្យឡើយ។ នេះបើតាមអ្នកច្បាប់មួយរូប ដែលបានបកស្រាយបន្តទៀតថា វាអាស្រ័យទៅលើមន្ត្រី ដែលបានអនុវត្តន៍ច្បាប់ទាំងនោះផង។
រថយន្ដលោក ជាម យៀប ដែលបានបើកបុកឲ្យមានមនុស្សស្លាប់ និងរបួស ហើយបើកគេចខ្លួន។ (រូបថត ផ្ដិតពីអេក្រង់វីដេអូរបស់សារព័ត៌មានដើមអំពិល)
គ្រោះថ្នាក់ចរាចរណ៍ - បញ្ហាគ្រោះថ្នាក់ចរាចរណ៏ នៅតែជាបញ្ហាក្តៅងំមួយនៅឡើយ។ ចំណែកអ្នកបង្កជាច្រើន ដែលបានបើកយនជំនិះរបស់ខ្លួន ទៅបុកធ្វើឲ្យមានមនុស្ស«ស្លាប់» ឬរបួស បានប្រើការរត់គេចខ្លួនមិនទទួលខុសត្រូវរបស់ខ្លួន នៅពេលមានការកើតហេតុ។ ហេតុការណ៍ទាំងនេះ បានកើតឡើងជារឿយៗ ខណៈពេលច្បាប់ចរាចរណ៏នៅប្រទេសកម្ពុជា ត្រូវបានមើលឃើញថាមានភាពខ្វះចន្លោះនៅឡើយ។
លោក សុក សំអឿន ប្រធានប្រតិបត្តិនៃអង្កការក្រុមអ្នកច្បាប់ការពារសិទ្ឋមនុស្ស បានប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូថា មូលហេតុដែលបណ្តាលឲ្យមាន«វប្បធម៌រត់គេច» បន្ទាប់ពិបានបើកយានជំនិះបុក បង្ករបួសស្នាម ឬស្លាប់មនុស្សនោះ គឺដោយសារមានការភ័យខ្លាច មានការចោមវៃពីអ្នកដែលបានឃើញហេតុការណ៏នោះ ដោយមិនបានគិតពីច្បាប់ទំលាប់ ធ្វើឲ្យអ្នកបង្កហេតុរត់គេចខ្លួនជាមុនសិន ចាំដោះស្រាយជាក្រោយ។ ដើម្បីកុំឲ្យជនបង្កហេតុ រត់គេចខ្លួនបាននោះ លោកបានបន្ថែមថា លុះត្រាប្រជាជនទុកចិត្តលើប្រព័ន្ឋតុលាការ និងរដ្ធអំណាចជាមុនសិន។
ចំពោះសំនួរសួរថា ទម្លាប់នៃការបើកហើយរត់គេចបែបនេះ តើអាចបង្កជាគំរូអាក្រក់អ្វីទេដល់សង្គមជាតិនោះ លោកសុក សំអឿន បានគូសបញ្ជាក់ថា សំខាន់គឺមន្ត្រីរាជការខ្លួនឯង ត្រូវរឹតបណ្តឹងដល់ការអនុវត្តរបស់គាត់ ជាមុនសិន។ លោកបានថ្លែងឲ្យដឹងទៀតថា ការបើកបរហើយរត់នោះ ទោសមិនត្រូវបានសំរាលឡើយ។ វាក៏មិនមែនជារឿងមួយល្អនោះទេ នៅពេលដែលការបើកបរបង្កឲ្យមនុស្សស្លាប់ហើយ អាចធ្វើការសំរបសំរួលបញ្ជាប់រឿងក្តីបាននោះ។ ទោះយ៉ាងណាក៏ដោយ លោកបានសម្ដែងទុទ្ទិដ្ឋិនិយមថា វាអាស្រ័យលើមន្ត្រី ដែលបានអនុវត្តច្បាប់ទាំងនោះ។
ត្រង់មាត្រា៤នៃក្រមព្រហ្មទណ្ឌបានចែងថា៖ «ពុំមានបទល្មើសទេ បើគ្មានចេតនាប្រព្រឹត្ត។ ប៉ុន្តែក្នុង ករណីមានច្បាប់ចែងទុកមុន បទល្មើសមួយកើតចេញពីការមិនប្រុងប្រយត្ន័ ការខ្ជីខ្ជារ ការធ្វេស ប្រហែស ឬការមិនគោរពកាតព្វកិច្ចដោយឡែកណាមួយ។»
នៅក្នុងច្បាប់ស្តីពីចរាចរណ៏ផ្លូវគោកនៃព្រះរាជាណាចក្រកម្ពុជា ត្រង់ជំពូកទី៦បានចែងពីករណីមានគ្រោះថ្នាក់ចរាចរណ៏ មាត្រា ៣៥ ៣៦ ៣៧ និង៣៨ បានបង្ហាញពីតួនាទីសំខាន់របស់សមត្ថកិច្ចនគរបាលចរាចណ៏ និងអ្នកបង្កដែលត្រូវទទួលខុសត្រូវចំពោះហេតុការណ៏ និងជនរងគ្រោះ។
ច្បាប់ដែលចែង សម្បូរទៅដោយ ពាក្យ«ឬ/និង»
មាត្រា ៦៩ នៃច្បាប់ស្តីពីចរាចរណ៏ផ្លូវគោកដដែល បានចែងពីអ្នកបើកបរដែលបានប្រព្រឹត្តិបទល្មើស នៅពេលខ្លួនឡើងមកកាន់ចង្កូនយានជំនិះ «អាច»ត្រូវបានចាប់ឲ្យទទួលខុសត្រូវទាំងផ្នែករដ្ធប្បវេណី និងព្រហ្មទណ្ឌ។ ចំណែកមាត្រា ៧១វិញ បានចែងថា គ្រប់បទល្មើសចរាចរណ៏ទាំងអស់ត្រូវបញ្ជូនទៅតុលាការ លើកលែងតែបទល្មើសមានក្ខណៈជាបទលហុ (បទប្រព្រឹត្តិ ដែលមានទម្ងន់ទោស ឬទណ្ឌកម្មស្រាលជាងគេបំផុត)។ មាត្រា ៨២ បានចែងពី ការបង្កឲ្យមនុស្សស្លាប់ដល់អ្នកដទៃដោយអចេតនា ហើយបានរត់គេចពីការទទួលខុសត្រូវនោះ ត្រូវបានផ្តន្ទាទោសជាអតិបរិមា។ តែជាការផ្ដន្ទាទោស ដែលបានកំណត់ឲ្យដាក់ពន្ឋនាគារពីមួយឆ្នាំទៅបីឆ្នាំ «ឬ/និង» ផ្ដន្ទាទោសពិន័យជាប្រាក់ ពី២លានរៀល ទៅ៦លានរៀល (ប្រមាណជា ១ពាន់៥រយដុល្លាអាមេរិក)។
ជាមួយពាក្យថា «ឬ/និង» នៅលើមាត្រាទី៨២ នៃច្បាប់ចរាចរណ៍ខាងលើ គេអាចធ្វើការបកស្រាយយ៉ាងទូលំទូលាយ ដើម្បីឲ្យជនបង្កអាចរួចផុតពីការផ្ដន្ទាទោស យ៉ាងងាយស្រួល ដោយគ្រាន់តែ«បោះលុយ»សងទៅជនរងគ្រោះ ច្រើនបំផុត១ពាន់៥រយដុល្លាអាមេរិក។ នេះគេនៅមិនទាន់និយាយដល់ប្រព័ន្ឋតុលាការ ឬប្រព័ន្ធយុត្តិធម៌កម្ពុជា ដែលពលរដ្ឋខ្មែរភាគច្រើនមើលឃើញថា មិនទាន់មានយុត្តិធម៌នៅឡើយនោះផងទេ៕
---------------------------------------------
ដោយ៖ ក. សេងហុង ថ្ងៃ២៦ ខែវិច្ឆិកា ឆ្នាំ ២០១៣
រក្សាសិទ្ឋដោយ៖ ទស្សនាវដ្តីមនោរម្យព័រអាំងហ្វូ