តឺនីស៖ ណាដាល់ បំបាក់ឌីចូកូវីក លើកពាន «យូអេសអូផិន»
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: September 10, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កីឡាករ រ៉ាហ្វាអែល ណាដាល់ (Rafael Nadal) របស់អេស្ប៉ាញ បានយកឈ្នះកីឡាករលេខ១ ពិភពលោក ណូវ័ក ឌីចូកូវីក (Novak Djokovic) ៣សិតទល់នឹង១សិត និងបានលើកពាន «យូអេសអូផិន» (US Open) លើកទី២របស់គាត់ នៅក្នុងទីក្រុងញ៉ូយ៉ក កាលពីថ្ងៃច័ន្ទ។
កីឡាករ រ៉ាហ្វាអែល ណាដាល់ ពេលលើកពានរង្វាន់ របស់ យូអេស អូផិន។ (រូបភាព rafael.nadal.over-blog.com)
កីឡាករលេខ២ ពិភពលោក ណាដាល់ វ័យ២៧ឆ្នាំ បានចំណាយពេលអស់ ៣ម៉ោង ២១នាទី ទើបអាចយកឈ្នះ ឌីចូកូវីក ដោយលទ្ធផល ៦-២, ៣-៦, ៦-៤ និង ៦-១។
បច្ចុប្បន្ន ណាដាល់បានឈ្នះពានរង្វាន់ហ្រ្គែនស្លាម (Grand Slam) ឯកត្តជនចំនួន ១៣ហើយ ខណៈដែល កីឡាករ រ៉ចឺ ហ្វេដឺរឺ (Roger Federer) ឈ្នះបានច្រើនជាងគេរហូតដល់ ១៧លើក។
ហើយបន្ទាប់ពីអវត្តមានក្នុងការប្រកួត «យូអេសអូផិន» កាលពីឆ្នាំមុន ដោយសារតែរបួសជង្គង់ ៧ខែរួចមកនោះ ពេលនេះណាដាល់ កំពុងតែខិតជិតដល់ការប្រជែងយកដំណែងលេខ១ ពិភពលោកមកវិញ។
កីឡាករអេស្ប៉ាញ ដែលមានអ្នកគាំទ្រជាច្រើនលើសលុបនោះ ពិតជាមិនធ្វើឲ្យប្រិយមិត្តរបស់គាត់ខកបំណងនោះឡើយ ដោយនៅ១ម៉ោងដំបូង គាត់បានគ្របដណ្តប់គូប្រជែងយ៉ាងខ្លាំង។ ខណៈដែល ឌីចូកូវីកកំពុងតែច្របូកច្របល់ ណាដាល់វាយសម្រុកយកជ័យជំនះបានសម្រេច នៅក្នុងសិតទី១។
ណាដាល់ ចំណាយពេលអស់ ៤២នាទី ដើម្បីយកឈ្នះសិតទី១ បន្ទាប់មកក៏មានសម្រាក២ដង។ ក្រោយពីសម្រាក នៅនាទីទី៨០ឡើង ឌីចូកូវីកហាក់ដូចជាមានប្រៀបវិញម្តង ដោយបានវាយ សម្រុកផ្ទួនៗទៅលើណាដាល់វិញ ធ្វើឲ្យអ្នកគាំទ្រកីឡាករទាំង២នាក់ រំភើប ភ័យផង អរផងរៀងៗខ្លួន ហើយទីបំផុត ណាដាល់បានបរាជ័យក្នុងសិតទី២វិញ។
បន្ទាប់ពីចំណាយពេលអស់ ២ម៉ោង ១៧នាទី កីឡាករលេខ២ ពិភពលោក ណាដាល់កំពុងតែមានពិន្ទុស្មើគ្នា ៣-៣ នៅក្នុងសិតទី៣ ដែលធ្វើឲ្យការប្រកួតកាន់តែរំជើបរំជួល។ បន្ទាប់មកទៀត ពួកគេបានប្រដេញពិន្ទុគ្នា ដល់លទ្ធផល ៤-៤ ម្តងទៀត នៅក្នុងសិតទី៣ដដែល។
ណាដាល់ នៅតែបន្តធ្វើបានល្អ និងមានប្រៀបខ្លាំង បន្ទាប់ពីគាត់នាំមុខម្តងទៀត ដោយលទ្ធផល ៥-៤ និងយកឈ្នះចុងក្រោយ ៦-៤ តែម្តងនៅក្នុងសិតទី៣នោះ។
បន្ទាប់ពីដឹងខ្លួនថា ចាញ់គេ២សិតហើយ កីឡាករស៊ែប៊ី ឌីចូកូវីក ហាក់ដូចចង់វាយបកយកជ័យជំនះត្រឡប់មកវិញ នៅក្នុងសិតទី៤។ ប៉ុន្តែការវាយបករបស់គាត់ទាំងក្តីបារម្មណ៏នោះ ពិតជាគ្មានប្រសិទ្ធភាពនោះទេ ផ្ទុយទៅវិញកាន់តែធ្វើឲ្យណាដាល់ ងាយស្រូលក្នុងការយកឈ្នះ។ ហើយទីបំផុត ណាដាល់បានយកឈ្នះក្នុងសិតទិ៤ទៀត ដោយលទ្ធផល៥-១៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ