បាឡូតេលី នាំមិត្តស្រីត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីមានរបួស
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: June 25, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ខ្សែប្រយុទ្ធអន្តរជាតិអ៊ីតាលី ម៉ារីយ៉ូ បាឡូតេលី (Mario Balotelli) មិនអាចបន្តនៅប្រកួតពានរង្វាន់ខុនហ្វេដឺរ៉េសិនខាប់ (Confederations Cup) បានទេ ព្រោះតែគាត់មានបញ្ហារបួសភ្លៅ ហើយនឹងត្រឡប់ទៅកាន់ទីក្រុងមីឡាន (Milan) វិញ ដើម្បីធ្វើការព្យាបាល។
ម៉ារីយ៉ូ បាឡូតេលី និងសង្សារបស់គាត់ នាង ហ្វានី នេហ្គេស្សា។
កីឡាករវ័យ២២ឆ្នាំ របស់ក្រុមអេស៊ី មីឡាន (AC Milan) មិនត្រឹមតែមិនអាចចូលប្រកួតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជាមួយក្រុមអេស្ប៉ាញនៅថ្ងៃព្រហស្បតិ៏ប៉ុណ្ណោះទេ ពោលគឺគាត់ថែមទាំងត្រូវអវត្តមានពីការប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ ឬការប្រកួតដណ្តើមលេខ៣ថែមទៀត។
វេជ្ជបណ្ឌិតរបស់ក្រុមអ៊ីតាលី លោកអិនរីកូ កាសតេឡាកស៊ី (Enrico Castellacci) បានប្រាប់ឲ្យដឹងថា៖ «ខ្ញុំបានជួបជាមួយបាឡូតេលីរួចហើយ។ ថ្នាំពេទ្យពិតជាមិនអាចជួយគាត់ ឲ្យជាសះស្បើយទាន់ពេលទេ ហើយគាត់ក៏មិនអាចជាមុនថ្ងៃអាទិត្យដែរ។ ដើម្បីជៀសវាង នឹងបញ្ហាកាន់តែធ្ងន់ធ្ងរ យើងសម្រេចចិត្ត និងបានព្រមព្រាងជាមួយលោកគ្រូបង្វឹកប្រែនដេលី (Prandelli) ឲ្យគាត់ត្រឡប់ទៅកាន់អ៊ីតាលីវិញ ដើម្បីឲ្យក្រុមវេជ្ជបណ្ឌិតក្រុមអេស៊ី មីឡាន ធ្វើការព្យាបាល។»
គួររំឮកថា បាឡូតេលីបានរងរបួសកំឡុងពេល អ៊ីតាលីប្រកួតជាមួយនឹងប្រេស៊ីល ខណៈដែលក្រុមរបស់គាត់ចាញ់ម្ចាស់ផ្ទះ ៤-២ ក្នុងវគ្គចែកពូល។
លោកកាសតេឡាកស៊ី បាននិយាយថា ខ្សែបម្រើអេនដ្រេ ព័រឡូ (Andrea Pirlo) ដែលអវត្តមានការប្រកួតជាមួយប្រេស៊ីល ដោយសារបញ្ហារបួសជើងនោះ នឹងចូលលេងបានវិញ ក្នុងការប្រកួតប៉ះជាមួយក្រុមខ្លាំងអេស្ប៉ាញ។
វេជ្ជបណ្ឌិតរូបនេះដដែល បានបន្ថែមថា៖ «គាត់ (ព័រឡូ) ព្យាយាមហ្វឹកហាត់ណាស់ ហើយយើងសង្ឃឹមថា គាត់នឹងជាសះស្បើយទាន់ពេលវេលា។ ប៉ុន្តែយើងត្រូវតែយកចិត្តទុកដាក់ និងតាមដានពីរបួសគាត់ ដើម្បីធ្វើការព្យាបាលឲ្យបានដិតដល់។ ខ្ញុំគិតថារបួសគាត់ មិនធ្ងន់ធ្ងរទេ ហើយក៏អាចចូលលេងជាមួយអេស្ប៉ាញបានដែរ។»
រីឯខ្សែបម្រើឆ្នើម រីកាដូ មុងតូលីវ៉ូ (Riccardo Montolivo) ដែលអវត្តមានពីការហ្វឹកហាត់កាលពីថ្ងៃច័ន្ទ ដោយសាររបួសក្បាលនោះ លោកកាសតេឡាកស៊ី បាននិយាយថា គាត់មិនមានបញ្ហាអ្វីនោះទេ ហើយគាត់អាចចូលលេងបានធម្មតា៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ