បង្ខំកូនឲ្យអត់បាយ ដើម្បីទុកប្រាក់ធ្វើ«ដោះ»
- ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី២៤ មិថុនា ២០១៥
- កែប្រែចុងក្រោយ: June 24, 2015
- ប្រធានបទ: សម្ផស្ស
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជារៀងរាល់សប្ដាហ៍ នាង ណៃស្សា ជិបសុន រស់នៅក្នុងក្រុង តូតេនហាម (Tottenham) ចក្រភពអង់គ្លេស ត្រូវបានទុកប្រាក់ ១៤០អ៊ឺរ៉ូ (ប្រមាណជា ១៦០ដុល្លា) ដាក់ដោយឡែក ពីការចំណាយប្រចាំថ្ងៃរបស់ខ្លួន។ ដូច្នេះ សម្រាប់រយៈពេលមួយខែ នាងអាចសន្សំប្រាក់ បានចំនួន១ភាគ៤ នៃប្រាក់ជំនួយរបស់រដ្ឋ ដែលជួយនាង ពេលគ្មានការងារធ្វើ។ ធ្វើយ៉ាងណា នាង ជីបសុន ត្រូវរកប្រាក់ឲ្យបានគ្រប់ នៅក្នុងរយៈពេល២ឆ្នាំ ដើម្បីធ្វើសុដន់របស់នាង ឲ្យនៅតែក្បំ ដូចកាលពីនាង មានអាយុមុន១៨ឆ្នាំ។ នេះបើតាមសេចក្ដីរាយការណ៍ របស់សារព័ត៌មានអង់គ្លេស Daily Mirror។
ប៉ុន្តែបញ្ហា វាមិនមែនមានត្រឹម តែការសន្សំប្រាក់ប៉ុណ្ណេះទេ ព្រោះនាង ជិបសុន បានធ្វើការលះបង់យ៉ាងច្រើនទៀត មានដូចជា ការបញ្ឈប់ទិញអាហារពេល ឲ្យកូនរបស់នាង ដែលមានចំនួន៤នាក់ សឹងជារៀងរាល់ចុងខែ។
«ខ្ញុំក៏បានអត់បាយពេល ដូចគ្នាដែរ»
ស្ត្រីដែលរស់នៅ តែជាមួយកូនរូបនេះ បានបង្អត់ខ្លួនឈប់ទិញខោអាវ សម្ភារៈសិក្សា ឬក៏ដំណើរសិក្សា ចេញទៅវិស្សមកាល របស់កូននាង ដែលមានអាយុពី១ឆ្នាំ ដល់១៤ឆ្នាំ។ ហើយដោយសារតែបែបនេះ នៅពេលខ្លះ នាងត្រូវនាំកូនទាំងនេះ ទៅផ្ទះឪពុកម្ដាយរបស់នាង គ្រាន់នឹងមានអាហារញ៉ាំ។ អះអាងជាមួយសារព័ត៌មាន នាងបានថ្លែងការពារទង្វើរបស់ខ្លួនថា៖ «ខ្ញុំមើលមិនឃើញ ពីរឿងអាក្រក់អ្វីទេ នៅពេលដែលខ្ញុំប្រើប្រាស់ ប្រាក់សន្សំទាំងនោះ ដើម្បីការវះកាត់សុដន់នោះ»។
នាង ជិបសុន បានពន្យល់ទៀតថា៖ «ខ្ញុំបានកំណត់ច្បាស់ហើយថា នឹងសម្រេចក្ដីសុបិន្ដរបស់ខ្ញុំឲ្យបាន បើទោះជារឿងនេះ ប៉ះពាល់ដល់ថវិកាខ្លះ សម្រាប់កូនខ្ញុំក៏ដោយ»។ ចុះ មានគិតថា ខ្លួនខុសចំពោះកូនឬទេ? នៅចំពោះសំនួររបស់អ្នកកាសែត នាងឆ្លើយថា៖ «ខ្ញុំក៏បានអត់បាយពេល ដូចគ្នាដែរ»។
កាលពីខែមករាកន្លងទៅ នាង ជិបសុន បានប្រមូលប្រាក់សន្សំរបស់នាង ប្រមាណជាង៦០០០អ៊ឺរ៉ូ (ប្រមាណជា៧០០០ដុល្លា) ដើម្បីធ្វើការវះកាត់ដើមទ្រូងនេះ នៅប្រទេសប៉ូឡូញ។ ប៉ុន្តែជាលទ្ធផល នាងមិនបានពេញចិត្តទេ។ នាងនិយាយថា៖ «ការប្រឹងអត់ទាំងនេះ មិនមានប្រយោជន៍ ត្រឡប់មកវិញសោះ។ ឥឡូវ ខ្ញុំគ្រាន់តែចង់កែ ដើមទ្រូងរបស់ខ្ញុំប៉ុណ្ណោះ។»
ចង់កែ«សុដន់»បន្តទៀត? តែសង្ឃឹមទៅលើអ្វី? បើប្រាក់សន្សំមុនរបស់នាង ត្រូវបានចំណាយអស់ហើយនោះ? នាងនៅតែអះអាងថា ប្រាក់ជំនួយខាងសុខភាពពលរដ្ឋ របស់រដ្ឋអង់គ្លេស អាចជាក្ដីសង្ឃឹមចុងក្រោយ ថានឹងជួយនាងពីបញ្ហានេះ។ នាងនិយាយថា៖ «ខ្ញុំជាពលរដ្ឋអង់គ្លេស ខ្ញុំគួរតែមានសិទ្ធិ ទទួលបានការព្យាបាល នូវអ្វីដែលខ្ញុំត្រូវការ»៕
» រូបថតនាង ជិបសុន នៅទំព័រមុខ នៃសារព័ត៌មានអង់គ្លេស៖