ចិនចាប់ផ្ដើមឆ្នាំ២០១៦ថ្មី ដោយការបញ្ចប់នយោបាយ«កូនមួយ»
- ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី៣១ ធ្នូ ២០១៥
- កែប្រែចុងក្រោយ: January 01, 2016
- ប្រធានបទ: គ្រួសារ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បក្សកុម្មុយនីសចិន ដែលកំពុងកាន់អំណាចសព្វថ្ងៃ បានប្រកាសតាំងពីខែតុលា ឆ្នាំ២០១៥នេះ ពីការដាក់បញ្ចប់ នូវនយោបាយកូនមួយ ដែលបានដាក់ ឲ្យអនុវត្តន៍ជាធរមាន តាំងពីជាង៣ទសវត្សន៍មុន។ ការសម្រេចរបស់បក្សកុម្មុយនីស ត្រូវបានបញ្ជាក់ នៅពេលបន្ទាប់មកទៀត នៅក្នុងច្បាប់មួយ ដែលត្រូវដាក់ឲ្យអនុវត្តន៍ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៦នេះតទៅ។ នេះបើតាមការអះអាង របស់សារព័ត៌មានផ្លូវការ ឈ្មោះ «ចិនថ្មី (Chine nouvelle)»។
ច្បាប់នោះ បានអនុញ្ញាតឲ្យគូស្វាមីភរិយា ដែលរៀបការរស់នៅក្នុងប្រទេសចិន អាចមានកូនទីពីរបាន ប៉ុន្តែច្បាប់ដដែលនៅតែហាមឃាត់ មិនឲ្យមានកូនលើសពីនេះឡើយ។
ប្រទេសចិនបានកំណត់ នូវនយោបាយហាមឃាត់កូនច្រើនលើសពីមួយ នៅចុងទសវត្សន៍ឆ្នាំ៧០ ដើម្បីទប់ស្កាត់កំណើនដ៏ខ្លាំងក្លា នៃចំនួនប្រជាជនរបស់ខ្លួន ដែលមានចំនួនច្រើន សឹងតែជាងពាក់កណ្ដាលពិភពលោក ទៅហើយ។ ប្រទេសកុម្មុយនីសមួយនេះ បានអះអាងថា នយោបាយកូនមួយរបស់ខ្លួន បានជំរុញដល់ចលករសេដ្ឋកិច្ច និងបានបញ្ជៀស នូវកំណើតប្រជាជនថ្មីៗ ដែលអាចមាន ប្រមាណជា៤០០លាននាក់ នៅក្នុងរយៈពេលកន្លងមកនេះ។
កាលពីពីរឆ្នាំមុន រដ្ឋាភិបាលក្រុងប៉េកាំង បានអនុត្តន៍នូវវិធានការទន់ភ្លន់ ជាងមុនបន្តិច នៅចំពោះនយោបាយកូនមួយនេះ ដោយអនុញ្ញាតឲ្យប្ដីប្រពន្ធ អាចមានកូនទីពីរបាន ប្រសិនបើពីរនាក់ ប្ដីប្រពន្ធនោះខ្លួនឯង ជាកូនតែមួយនៅក្នុងគ្រួសារ។ អ្នកជំនាញបានយល់ឃើញថា ការសម្រេចចិត្តដែលបានដាក់បញ្ចប់ នូវនយោបាយកូនមួយនេះ ហាក់ដូចជាមានលក្ខណៈយឺតពេលបន្តិច ដើម្បីជួយឲ្យប្រជាជនចិន ងើបចេញពីភាពចាស់ជរារបស់ខ្លួន ជាពិសេសនៅពេលដែលប្រទេសមហាអំណាចសេដ្ឋកិច្ចទីពីរមួយនេះ ត្រូវការជាចាំបាច់ នូវកម្លាំងពលកម្មថ្មីៗ ដើម្បីរុញឲ្យចលករសេដ្ឋកិច្ច មានសន្ទុះទៅមុខ។
សម្រាប់សារព័ត៌មានផ្លូវការ នៅក្នុងស្រុកវិញ បានរាយការណ៍បន្ថែមថា ប្រទេសចិននឹងផ្ដល់ ទៅឲ្យពលរដ្ឋរបស់ខ្លួន ដែលធ្លាប់រងគ្រោះ ព្រោះការធ្វើលិខិតកំណើតក្លែងក្លាយ (ដោយសារខ្លួន ជាកូនទីពីរ ដែលខុសពីច្បាប់ ដែលកំណត់ឲ្យមានកូនតែមួយ) អាចទទួលបានដោយស្របច្បាប់ នូវការគាំពារផ្នែកសង្គម សុខភាព និងការសិក្សាឡើងវិញ។ នាពេលកន្លងមក កូនក្រៅច្បាប់ (កូនកើតទីពីរ ឬទីបី) ដែលមានចំនួនប្រមាណជា ១៣លាននាក់ គិតជាភាគរយ មាន១% នៃប្រជាជនទាំងអស់ នៅក្នុងប្រទេសចិន មិនមានលិខិតអនុញ្ញាត នៃការស្នាក់នៅអចិន្ត្រៃយ៍ ដូចពលរដ្ឋធម្មតាដទៃទៀតឡើយ៕