«ISIS សុបិន្ត​ចង់​បង្កើត​"ទឹកដី​ព្រះ​ជា​ម្ចាស់" នៅ​ឥណ្ឌូនេស៊ី»

ក្រុមរដ្ឋអ៊ីស្លាម កំពុងស្វែងរក ការបង្ហាញវត្តមានរបស់ខ្លួន នៅក្នុងប្រទេសឥណ្ឌូនេស៊ី និង​សុបិន្ដ​ចង់​បង្កើត «ទឹកដី​ព្រះ​ជាម្ចាស់ (Califat) នៅឆ្ងាយសន្លឹម»មួយ នៅក្នុងប្រទេសនេះ ដែលមាន​ប្រជាជន​អ្នក​កាន់​សាសនា​អ៊ីស្លាម ច្រើន​ជាង​គេ​ក្នុង​ពិភពលោក។ នេះបើតាមការ​ព្រមាន របស់​អាជ្ញាធរ​របស់​ប្រទេស​អូស្ត្រាលី កាល​ពីដើមសប្ដាហ៍នេះ។
«ISIS សុបិន្ត​ចង់​បង្កើត​"ទឹកដី​ព្រះ​ជា​ម្ចាស់" នៅ​ឥណ្ឌូនេស៊ី»
ការកាត់ក្បាលចំណាប់ខ្មាំង របស់ពួកយុទ្ធជន នៃក្រុមរដ្ឋអ៊ីស្លាម។ (រូបថត ឯកសារ)
Loading...
  • ដោយ: កេសរ កូល ([email protected]) - ភ្នំពេញ ថ្ងៃទី២៦ ធ្នូ ២០១៥
  • កែប្រែចុងក្រោយ: December 27, 2015
  • ប្រធានបទ: ភេរវកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បើទោះជាខ្លួន កំពុងរង​ការវាយសន្ធាប់ ពីសំណាក់​កងកម្លាំងសម្ព័ន្ធមិត្ត នៅក្នុងប្រទេសស៊ីរី និងអៀរ៉ាក់​ក៏​ដោយ តែ​ក្រុមរដ្ឋអ៊ីស្លាម ទំនងជាមិន​បញ្ឈប់​ការ​ពង្រីក​ឥទ្ធិពល និងការបង្កើន​វត្តមានរបស់ខ្លួន នៅក្នុង​ពិភពលោក​នោះទេ។ យ៉ាងហោចណាស់ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌របស់ប្រទេសអង់គ្លេស លោក ហ្សក ប្រេនឌី (George Brandis) បានអះអាងពីករណីនេះ ប្រាប់សារព័ត៌មាន «The Australian» ដោយ​ព្រមាន​ឡើង​ថា៖ «ក្រុមរដ្ឋអ៊ីស្លាម មានមហិច្ចិតា ចង់បង្កើនវត្តមាន និងកម្រិត​នៃសកម្មភាពរបស់ខ្លួន នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ទោះជាមហិច្ឆិតានេះ ត្រូវធ្វើដោយផ្ទាល់ ឬដោយប្រយោលក៏ដោយ»។

ការលើកឡើង​របស់លោករដ្ឋមន្ត្រី បានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីជំនួបរវាងរដ្ឋមន្ត្រី និងអ្នកទទួលខុសត្រូវ​ជា​ច្រើន​នាក់ របស់ប្រទេសទាំងពីរ អូស្ត្រាលី និងឥណ្ឌូនេស៊ី កាលពីថ្ងៃចន្ទ សប្ដាហ៍មុន។ លោក ប្រេនឌី  បាន​ថ្លែង​ឡើងថា ប្រសិនបើករណីនេះ អាចកើតឡើងមែន នោះវានឹងបង្កផលប៉ះពាល់ ដោយផលប្រយោជន៍ របស់​ប្រទេស​អូស្ត្រាលី និងរបស់បស្ចឹមលោក។

លោករដ្ឋមន្ត្រីបានឲ្យដឹងថា៖ «តើអ្នកបានឮឬទេ ពីទឹកដីព្រះជាម្ចាស់នៅឆ្ងាយសន្លឹម? ក្រុមរដ្ឋអ៊ីស្លាម បាន​ប្រកាសពីបំណងរបស់ខ្លួន ក្នុងការ​បង្កើត​ឲ្យមាន​ទឹកដីព្រះជាម្ចាស់ នៅក្រៅពីតំបន់មជ្ឈឹមបូព៌ា ឬនិយាយ​ឲ្យ​ខ្លី បង្កើត​នូវអាណខេត្តមួយទៀត របស់ខ្លួន។ ក្រុមនេះបានកំណត់ យកប្រទេស​ឥណ្ឌូនេស៊ី ជា​ទីតាំង បម្រើ​ឲ្យ​មហិច្ឆិតា​លើក​ក្រោយ​របស់ខ្លួន។»

» ផែនទីទឹកដីព្រះជាម្ចាស់ របស់ក្រុមរដ្ឋអ៊ីស្លាម ដែលត្រូវបានទម្លាយឲ្យដឹង កាលពីខែមិថុនាកន្លងទៅ៖

ជនស្ម័គ្រប្រយុទ្ធដើម្បីព្រះជាម្ចាស់ (Djihad) ដែលបង្កើតឡើង ដោយប្រើយុទ្ធសាស្ត្រហិង្សា នូវរដ្ឋអ៊ីស្លាម​របស់ពួកខ្លួននោះ បានប្រកាសកំណត់​យកទឹកដី​ព្រះជាម្ចាស់រួចហើយ ក្នុងពេលសព្វថ្ងៃនេះ នៅក្នុងមួយ​ផ្នែក​នៃប្រទេសស៊ីរី និងមួយផ្នែកទៀត នៃប្រទេសអៀរ៉ាក់។ សារព័ត៌មាន «The Australian» បាន​លើក​យក​​អំណះអំណាង មកពន្យល់ថា ក្រុមរដ្ឋអ៊ីស្លាម ពិបាកនឹងយកប្រទេសឥណ្ឌូនេស៊ី ឬផ្នែកខ្លះនៃ​ប្រទេស​នេះ មក​ធ្វើ​ជា​ទឹកដី នៃព្រះជាម្ចាស់​របស់ខ្លួន​នោះ​ណាស់។ ប៉ុន្តែក្រុមភេរវនិយមនេះ អាចនឹងបង្កអស្ថិរភាព នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី អូស្ត្រាលី និងនៅក្នុងតំបន់បាន។

ឧបការីរដ្ឋមន្ត្រីយុត្តិធម៌អូស្ត្រាលី លោក ម៉ៃឃើល ឃីណន (Michael Keenan) បានពន្យល់ប្រាប់​សារព័ត៌មាន​ដដែលថា៖ «ការរីកដុះដាល នៃក្រុមរដ្ឋ​អ៊ីស្លាម​នៅ​មជ្ឈិមបូព៌ា ជារឿងមួយដែលបានបង្ក ឲ្យ​មាន​អស្ថិរភាព ដល់សន្ដិសុខ របស់ប្រទេសអូស្ត្រាលី ឥណ្ឌូនេស៊ី ប្រទេសជាមិត្តរបស់យើង និងជាពិសេស​​នៅ​ក្នុង​តំបន់​ទាំងមូល»។

ប្រទេសឥណ្ឌូនេស៊ីខ្លួនឯង ក៏បានរៀបចំខ្លួនរួចជាស្រេចដែរ នៅក្នុងយុទ្ធនាការប្រឆាំងនឹងភេរវកម្ម រាប់​ចាប់​តាំងពីភេរវកម្ម នៅលើកោះបាលី នាឆ្នាំ២០០២ ដែលបានសម្លាប់មនុស្ស២០២នាក់។ តាំងពីពេល​នោះ​មក ប្រទេសនេះមិនបានស្គាល់ភេរវកម្ម អ្វីធំដុំទៀតឡើយ ក្រៅតែពីភេរវកម្មកាលពីឆ្នាំ២០០៩ ដែល​ធ្វើ​ឡើង​ប្រឆាំង នឹងសណ្ឋាគារទំនើបមួយ នៅរដ្ឋធានីចាការតា (Jakarta) បង្កឲ្យមានមនុស្សស្លាប់៩នាក់។

កាលពីពេលថ្មីៗនេះ អាជ្ញាធររបស់ប្រទេស ជាសមាជិកអាស៊ានមួយនេះ បានអះអាងថា ខ្លួនបាន​បំបែក​គម្រោង​ការភេរវកម្ម ដោយធ្វើអត្តឃាតមួយ ដែលត្រៀមសម្រាប់ ថ្ងៃចូលឆ្នាំសកលខាងមុខ កណ្ដាល​រដ្ឋធានី​ចាការតា។ គម្រោងការនេះ ត្រូវបានសង្ស័យថា បានរៀបចំឡើង ដោយក្រុម​«ជ្រុល​និយម»​អ៊ីស្លាម៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...