កុមារឈឺជំងឺសើស្បែកដ៏ចម្លែក បានប្រសើរជាងមុន បើតាមសម្តីគ្រូពេទ្យ
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - រាយការណ៍៖ ហេង វុទ្ធី - ភ្នំពេញ ថ្ងៃទី១៩ ខែមករា២០១៥
- កែប្រែចុងក្រោយ: February 08, 2015
- ប្រធានបទ: កម្រ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជំងឺដ៏រ៉ាំរ៉ៃ បានកើតនៅលើខ្លួនក្មេងប្រុស មកពីភូមិអុង ឃុំម្រាម សង្កាត់ព្រៃនប់ ក្រុងព្រះសីហនុម្នាក់នេះ អស់រយៈពេលជាងពីរឆ្នាំមកហើយ និងបានជំរុញឲ្យបងៗរបស់កុមារពីរនាក់ទៀត ត្រូវបង្ខំចិត្តបញ្ឈប់ការសិក្សា ដើម្បីស្វែងរកប្រាក់ព្យាបាលឲ្យប្អូនពៅ ក្នុងគ្រួសារដែលមានបងប្អូនតែបីនាក់។ ជំងឺសើស្បែកដ៏កម្រនេះ បានធ្វើឲ្យស្បែករបស់កុមារា សំ និត អាយុ១២ឆ្នាំ ក្លាយទៅជាប្រះ រលាក នឹងមានចេញជាទឹករងៃពេញទាំងដងខ្លួន ហើយបានមកសម្រាកព្យាបាល នៅមន្ទីរពេទ្យលោកសង្ឃ។
ជាមួយនឹងសម្លេងខ្សាយៗ កុមារា សំ និត បានខំប្រឹងនិយាយថា៖ «ខ្ញុំនៅហូបបាយបានរាល់ថ្ងៃ តែមានការឈឺចាប់ត្រង់ស្បែក (ក្រហាយ) ដោយសារវាមានខ្ទុះនៅកន្លែងប្រះ»។
យ៉ាងណាក៏ដោយ តាមសម្ដីរបស់គ្រូពេទ្យ បានថ្លែងអះអាងថា កុមារមានសភាពធូរស្រាលច្រើនហើយ។ លោកគ្រូពេទ្យ ច័ន្ទ សុភ័ក្រ ឯកទេសខាងជម្ងឺសើស្បែក នៅមន្ទីពេទ្យព្រះកុសមៈ (ពេទ្យលោកសង្ឃ) បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ កាលពីចុងខែមករាថា បន្ទាប់ពីធ្វើការព្យាបាលអស់យៈពេល៩ថ្ងៃ អាការៈនៃជំងឺសើស្បែកដ៏ចម្លែកបានធូរស្បើយជាងមុនហើយ។ ប៉ុន្តែគ្រូពេទ្យត្រូវការពេលវេលា សម្រាប់ព្យាបាលច្រើនទៀត ដើម្បីតាមដាន និងព្យាបាលឲ្យដាច់ស្រឡះ នូវជំងឺមួយប្រភេទនេះ។ លោកគ្រូពេទ្យបានថ្លែងថា៖ «អាការៈប្រសើរជាងពីមុនហើយ តែយើងនៅត្រូវការពេលដើម្បីតាមដាន បន្តទៀត»។
ឪពុកកុមារ លោក សូ ភឹម បានឲ្យដឹងថា កាលពីមុនកូនរបស់លោកមិនមានឈឺអ្វីទេ អាចទៅរៀនដូចក្មេងដ៏ទៃទៀតជាធម្មតា។ ប៉ុន្តែបន្ទាប់ពីមានរោគសញ្ញាជំងឺ ចម្លែកនេះបាន កូនរបស់លោកមិនអាចធ្វើអ្វីបានទាំងអស់ ដេកនៅលើគ្រែទាំងអាការៈល្ហិតល្ហៃបំផុត។ លោកបន្តថាកូនប្រុសលោកម្នាក់នេះ មានជំងឺតាំងពីរអាយុ១០ឆ្នាំមកម្លេះ រហូតដល់សព្វថ្ងៃនេះ គេមានអាយុ១២ឆ្នាំទៅហើយ។
អះអាងប្រហាក់ប្រហែលគ្នាដែរ អ្នកស្រី សំ ឡាយ ត្រូវជាម្ដាយរបស់កុមារ បានថ្លែងឡើងថា ដំបូងឡើយ កូនប្រុសពៅរបស់គាត់ម្នាក់នេះ មានជំងឺសើស្បែកតិចៗនៅលើខ្លួន ពេលទៅពេទ្យនៅឯខេត្ត គ្រួពេទ្យថាជាជំងឺសើស្បែកធម្មតា ហើយធ្វើការព្យាបាលបានជា។ តែមួយរយៈខ្លីក្រោយមក ក៏រើឡើងវិញបណ្តាលឲ្យមានសភាពធ្ងន់ធ្ងរជាងមុន ហើយនៅលើស្បែកជុំវិញខ្លួន របស់គេមានប្រះជាំខ្លោចជាដំៗ ដូច្នេះ។ អ្នកស្ត្រីវ័យ៣៥រូបនេះ បានសម្ដែងជំនឿថា គាត់មានអារម្មណ៍កក់ក្តៅជាងមុន នៅពេលមកដល់មន្ទីពេទ្យព្រះកុសមៈនេះ៕
កុមារ សំ និត្យ នៅពេលអ្នកសារព័ត៌មានទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ចុះមកជួបផ្ទាល់ នៅអំឡុងចុងខែមករា។ (រូបថត monoROOM.info/ S.Tith)