ស្រ្តីរងគ្រោះដោយម៉ាស៊ីនបោកស្រូវ ត្រូវបន្តវះកាត់ត្រចៀក
- ដោយ: ក. សោភណ្ឌ អត្ថបទ និងយកការណ៍៖ ក.សោភ័ណ្ឌ ([email protected]) - ភ្នំពេញថ្ងៃទី១២ មិនា ២០១៥
- កែប្រែចុងក្រោយ: March 13, 2015
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្នុងពេលបច្ចុប្បន្ន ស្ថានភាពអ្នកជំងឺ ដែលរងគ្រោះ ដោយម៉ាស៊ីនបោកស្រូវ មានសភាពប្រសើឡើងហើយ បន្ទាប់ពីការព្យាបាល អស់រយៈពេលជាងបីខែ មកនេះ។ ហេតុការណ៍គ្រោះថ្នាក់នោះ បានកើតឡើង កាលពីខែ ធ្នូ ឆ្នាំ២០១៤ នៅឯខេត្តត្បួងឃ្មុំ ហើយក្នុងពេលនេះ ត្រូវបានបញ្ជូន មកស្នាក់ព្យាបាល និងបន្តការវះកាត់ ក្នុ្ងងមន្ទីពេទ្យរូស្ស៊ី។
អ្នកស្រី មិត លីន បានឲ្យទស្សនាវដ្តីមនោរម្យ.អាំងហ្វូដឹងថា គាត់មានសភាពប្រសើរហើយសព្វថ្ងៃ ព្រោះគ្រូពេទ្យ បានវះកាត់ស្បែកភ្លៅទាំងសងខាង យកទៅបំពេញលលាដក្បាលដែលបាត់បង់។ ស្ត្រីវ័យ៣៦ឆ្នាំ ដែលមានកូន២នាក់រូបនេះ បានលើកយកសំដីគ្រូពេទ្យ មកបញ្ជាក់ថា លលាដក្បាលអ្នកស្រីទាំងមូល ត្រូវការស្បែកមកប៉ះ ៨បន្ទះ ទើបជិត ដូចនេះ គ្រូពេទ្យសម្រេចវះកាត់ ស្បែកក្បាលពោះបន្ថែម ដើម្បីឲ្យជិតលលាក្បាល។
អ្នកស្ត្រី បានបន្តថា វាមិនធ្ងន់ធ្ងរទេ ព្រោះបានជាសះ នូវកន្លែងមួយចំនួនរួចហើយ តែអ្វីដែលខ្លាំង គឺត្រចៀកខាងឆ្វេងអ្នកស្រីដែលបាត់បង់។ តាមប្រសាសន៍របស់គ្រូពេទ្យ បានឲ្យដឹងថា អ្នកជំងឺត្រូវះកាត់សាច់ឆ្អឹងជំនី ដើម្បីបំពេញត្រចៀកមកវិញ។
មូលហេតុ ដែលបណ្តាលឲ្យស្រ្តីរងគ្រោះ ឈានដល់ដំណាក់កាលនេះ ដោយសារមុនពេលកើតហេតុ គាត់ជាអ្នកស៊ីឈ្នួល បោះស្រូវឲ្យគេ នៅតាមម៉ាស៊ីនបោកស្រូវ ក្នុងភូមិតាមាន់ ឃុំពញ្ញ៉ាក្រែក ស្រុកពញាក្រែក ខេត្តត្បួងឃ្មុំ។ អ្នកស្រីបានរៀបរាប់ពីគ្រោះថ្នាក់ទាំងនោះថា ពេលគាត់បោះស្រូវ ចូលក្នុងម៉ាស៊ីន ខ្យល់ប៉ើងខ្សែរអាវរងារ ចូលក្នុងខ្សែរពានម៉ាស៊ីន។ រំពេចនោះ ម៉ាស៊ីនបានស្រូបយកគាត់ ទៅជាមួយខ្សែរអាវ ចូលទៅក្នុង។ តែសំណាងល្អ មានបុរសម្នាក់ បានទាញអ្នកស្រី ភ្លាមៗចេញមកវិញ។ តែគួរឲ្យសោកស្តាយ ក្បាល សក់ និងស្លឹកត្រចៀក លែងមានសភាពដូចដើម ទៅហើយ។
ស្ត្រីរងគ្រោះ បានបញ្ជាក់ទៀតថា គាត់មិនបានប្តឹងទាមទារអ្វី ពីម្ចាស់ម៉ាស៊ីទេ ព្រោះជាអ្នកជិតខាង។ ប៉ុន្តែកាលលពីពេលភ្លាមៗ ដែលអ្នកស្រីត្រូវបានបញ្ជូនទៅមន្ទីពេទ្យ ម្ចាស់ម៉ាស៊ីនបោកស្រូវ បានចេញថ្លៃព្យាបាល ឲ្យគ្រួសារអ្នកស្រី ១ លានរៀល។ នៅថ្ងៃទី១២ ខែមិនា ឆ្នាំ ២០១៥នេះ អ្នកស្រី មិត លីន បានបញ្ជាក់ថា គ្រូពេទ្យនឹងបន្ត ការវះកាត់ត្រចៀកឲ្យគាត់ នៅពេលដែលគាត់ មាន«ថវិកាគ្រប់គ្រាន់»៕