រដ្ឋសភា និងរដ្ឋាភិបាលកម្ពុជាធ្វើដំណើរទៅមុខ ដោយប្រទាំងប្រទើស

បើទោះជារដ្ឋសភា និងរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតឡើងដោយឯកបក្ស និងកំពុងធ្វើដំណើរទៅមុខជាបន្តបន្ទាប់យ៉ាងណាក្តី ក៏ស្ថាប័នទាំងពីរនេះ ត្រូវបានគេមើលឃើញថា មិនអាចដំណើរការទៅមុខបាន ដោយរលូននោះទេ ទាំងក្របខណ្ឌជាតិ និងអន្តរជាតិ ព្រោះគេនៅតែមានការសង្ស័យអំពីភាពស្របច្បាប់របស់វា ខណៈគណបក្សជំទាស់ សង្គមស៊ីវិលមួយចំនួន និងពួកប្រទេសលោកខាងលិច មានសហរដ្ឋអាមេរិក និងសហគមអ៊ឺរ៉ុបជាដើម មិនបានសម្តែងការទទួលស្គាល់ជាផ្លូវការនៅឡើយទេ រហូតមកដល់ពេលនេះ។
រដ្ឋសភា និងរដ្ឋាភិបាលកម្ពុជាធ្វើដំណើរទៅមុខ ដោយប្រទាំងប្រទើស
ពីឆ្វេងទៅស្ដាំ៖ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ (រូបថត P. Penh Post)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៣
  • កែប្រែចុងក្រោយ: October 10, 2013
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៣ នេះក្រុមអ្នកតំណាងរាស្រ្ត មកពីគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សគ្រប់គ្រង់អំណាច បានសម្រេចធ្វើការបោះឆ្នោតជាឯកច្ឆ័ន ជ្រើសតាំងសមាសភាព សមាជិកគណៈកម្មការជំនាញទាំង៩ របស់រដ្ឋសភា ខណៈក្រុមអ្នកតំណាងរាស្រ្ត របស់គណបក្សសង្រ្គោះជាតិ បន្តធ្វើពហិការមិនចូលរួមជុំ។

គួរម្លឹកថា បើគិតពីថ្ងៃប្រកាសលទ្ធផលបោះឆ្នោតផ្លូវការ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៣ រហូតមកដល់ពេលនេះ គណបក្សសង្រ្គោះជាតិ នៅតែប្រកាន់គោលជំហរ មិនទទួលស្គាល់លទ្ធផលបោះឆ្នោត ដែលប្រកាសឲ្យដឹង ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថាគណៈបក្សសង្រ្គោះជាតិទទួលបាន៥៥អាសនៈ រីឯគណបក្សប្រជាជនកម្ពុជា ទទួលបាន៦៨អាសនៈ។

លោក យឹម សុវណ្ណ មន្រ្តីអ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៣ នេះថាគណបក្សសង្រ្គោះជាតិ នៅតែប្រកាន់គោលជំហរដដែល គឺមិនទទួលស្គាល់រដ្ឋសភា និងរដ្ឋាភិបាលបច្ចុប្បន្ន ហើយនៅតែចង់ឲ្យមានការស៊ើបអង្កេត ពីភាពមិនប្រក្រតីក្នុងកំឡុងពេលបោះឆ្នោត ក្នុងបំណងស្វែរកយុត្តិធម៌ជូនប្រជាពលរដ្ឋ។

បើទោះជាលោក យឹម សុវណ្ណ អះអាងយ៉ាងនេះក្តី ក៏កន្លងអ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជាកត់សម្គាល់ថា គណបក្សសង្គ្រោះជាតិ បានទាមទារយកតំណែងប្រធានរដ្ឋសភា និងប្រធានគណៈកម្មការជំនាញភាគច្រើន ក្នុងរដ្ឋសភា ដើម្បីអ្វីដែលគណបក្សប្រឆាំង ចាត់ទុកថា ឲ្យមានតុល្យភាពអំណាច ជាមួយនឹងរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តែម្នាក់ឯង។

ប្រធានរដ្ឋសភា និងជាមន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា លោក ហេង សំរិន បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងមន្ទីររដ្ឋសភា នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៣ នេះថា គណបក្សប្រជាជនកម្ពុជា នៅតែប្រកាន់ជំហរស្វាគមន៍ជានិច្ច សម្រាប់ក្រុមអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ចូលរួមចរចា និងប្រជុំរដ្ឋសភា។ លោក ហេង សំរិន បញ្ជាក់ថា៖ «អាសនៈរបស់គណបក្សសង្គ្រោះជាតិ យើងមិនទាន់សម្រេចបែបណាទេ។ គេធ្វើពហិការ មិនចូលរួមប្រជុំ ជាសិទ្ធិរបស់គេ។ ចាំទៅខាងមុខទៀត យើងនឹងដោះស្រាយយ៉ាងម៉េច ទាល់តែយើងធ្វើម៉េចឲ្យគេ មកចូលរួម បើថាគេមិនចូលរួម អានឹងចាំគិតទៀត»។

ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ដែលកំពុងតែធ្វើយុទ្ធនាការការទូត នៅទ្វីបអ៊ឺរ៉ុប ក្នុងបំណងបញ្ចុះបញ្ចូល ឲ្យសហគមន៍អន្តរជាតិ ដាក់សំពាធ លើរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ដែលមេដឹកនាំគណបក្សជំទាស់រូបនេះចាត់ទុកថា ជារដ្ឋសភា និងរដ្ឋាភិបាល បានបង្កើតឡើងដោយខុសច្បាប់ បានពន្យល់ប្រាប់ទូរទស្សន៍បារាំង ហ្វ្រង់២៤ (France 24) ថាលោកជាបេក្ខជនឈ្នះឆ្នោត តាមរយៈពលរដ្ឋបោះឆ្នោតឲ្យ និងមានសាលក្រមប្រជាជន ជាអ្នកវិន្និច្ឆ័យ។ តែបេក្ខជនម្នាក់ទៀត (លោក ហ៊ុន សែន) បានកញ្ឆក់យកជ័យជំនះនេះ ហើយបានឡើងកាន់អំណាច ដោយខុសច្បាប់ និងពោរពេញ ទៅដោយអធម្មនុញ្ញភាព។ លោក សម រង្ស៊ី បញ្ជាក់ថា៖ «និយាយឲ្យខ្លីម្នាក់នោះ គាត់បានធ្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញមួយ យ៉ាងពិតប្រាកដ»។

តែយ៉ាងណាក្តី រហូតមកដល់ពេលនេះ រដ្ឋសភា និងរដ្ឋាភិបាលថ្មី ដែលត្រូវបានបង្កើតឡើង ក្នុងទម្រង់ជាឯកបក្ស ដោយគណបក្សប្រជាជនកម្ពុជា ក៏ត្រូវបានប្រទេសជាច្រើន សម្តែងការទទួលស្គាល់ និងផ្ញើរលិខិតអបអរសាទរ ជាបន្តបន្ទាប់ ខណៈមន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា កន្លងមកធ្លាប់អះអាងថា ការដែលប្រទេសមួយចំនួន មិនទាន់ប្រកាសទទួលស្គាល់ លទ្ធផលបោះឆ្នោត រដ្ឋសភា និងរដ្ឋាភិបាល វាមិនជាកង្វល់នោះទេ ព្រោះកម្ពុជាជាប្រទេសឯករាជ្យ និងមានអធិបតេយ្យពេញលេញ ដោយមិនចាំបាច់មានការទទួលស្គាល់ ពីអ្នកណាទេ។ ដោយ៖ អ៊ុំ បូរី

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...