បន្តដាក់ញាតិថ្វាយព្រះមហាក្សត្រ ខណៈអាជ្ញាធរព័ទ្ធបន្លាលួសជុំវិញវាំង
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: September 21, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមពលរដ្ឋប្រមាណជាជាង១០០នាក់ បានបន្តជួបជុំគ្នានៅថ្ងៃសៅរ៍នេះ ដើម្បីស្វែងរកការដាក់ញាតិថ្វាយព្រះមហាក្សត្រ ដើម្បីស្នើរដល់ព្រះអង្គ ឲ្យពន្យាពេលប្រជុំសភា។ ប៉ុន្តែច្រកចូលទៅកាន់ព្រះបរមរាជវាំង ត្រូវបានហ៊ុំព័ទ្ធទៅរនាំងបន្លាលួស និងកងកម្លាំងអាជ្ញាធរ ហើយបានធ្វើឲ្យលេចលឺនូវការរិះគន់ថា «អាជ្ញាធរកំពុងឃុំព្រះមហាក្សត្រ»។ ការរិះគន់ដែលអាជ្ញាធរបានច្រានចោល ដោយអះអាងពីមូលហេតុ «ការពារសុវត្ថិភាពរបស់ព្រះមហាក្សត្រ» មកបញ្ជាក់។
ក្រុមប្រជាពលរដ្ឋ ព្យាយាមធ្វើដំណើរទៅកាន់ព្រះបរមរាជវាំង តែត្រូវបានហាមឃាត់ដោយកងកម្លាំងសមត្ថកិច្ច។ (រូបថត MONOROOM.info/ O. Vary)
រាជធានីភ្នំពេញ - ប្រជាពលរដ្ឋប្រមាណជាជាងមួយរយនាក់ ដែលគេជឿថាស្និតនឹងគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង បានមកជួបជុំគ្នានៅសួនច្បារមុខមន្ទីររដ្ឋសភាចាស់ មុននឹងយក«ញត្ដិ»ប្រជាពលរដ្ឋដែលបានប្តឹតមេដៃ ជាង២៦ម៉ឺននាក់ ស្នើរដល់ព្រះមហាក្សត្រ ព្រះបាទ នរោត្ដម សីហមុនី ដើម្បីសុំពន្យាពេល សម័យប្រជុំសភាបើកនិតិកាលទី៥ថ្មី ដែលគ្រោងនឹងធ្វើ នៅថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០១៣ខាងមុខ។
ប៉ុន្តែតាំងពីមុនការជួបជុំគ្នារបស់ប្រជាពលរដ្ឋទាំងនេះ កងកម្លាំងសមត្ថកិច្ចច្រើនរយនាក់ ព្រមជាមួយនឹងការពង្រាយរនាំងដែក និងបន្លាលួសជាច្រើនផង ត្រូវបានដាក់ពង្រាយរួចជាស្រេច នៅគ្រប់ទិសជុំវិញព្រះបរមរាជវាំង ដើម្បីទប់ទល់នឹងការហែរក្បួន ឬដំណើររុលមកមុខព្រះបរមរាជវាំង របស់ក្រុមប្រជាពលរដ្ឋ។ សាក្សីជាច្រើន រួមនឹងអ្នកសារព័ត៌មានរបស់ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូផង ដែលមានវត្តមាននៅទីនោះ បានថ្លែងរៀបរាប់ថា រនាំងបន្លាលួសជាច្រើន ត្រូវបានដាក់ពង្រាយស្ទើរជុំវិញព្រះបរមរាជវាំង ដូចជានៅចំណុចក្បែរតុលាការកំពូល សាលាឧទ្ធរណ៍ (មុខមហោស្រពចតុមុខ) មុខវាលព្រះមេរុ និងមុខសារមន្ទីរជាតិជាដើម។
ការពង្រាយរនាំងបន្លាលួស អមការពារដោយកកម្លាំងជាច្រើនរយនាក់ ព័ទ្ឋជុំវិញព្រះបរមរាជវាំងនេះ ត្រូវបានក្រុមប្រជាពលរដ្ឋនៅទីនោះ ធ្វើការរិះគន់ថា ជាការគំរាមកំហែង បំបាក់សិទ្ធិសេរីភាព ក្នុងការដើរហើរ និងបញ្ចេញមតិយោបល់របស់ប្រជាពលរដ្ឋ។ ក្រុមអ្នករិះគន់ ថែមទាំងបាននិយាយបរិហាពីសកម្មភាពរបស់អាជ្ញាធរ ថាមិនមែនជាការការពារ សុវត្ថិភាពរបស់ព្រះមហាក្សត្រនោះទេ តែនោះជាការរារាំងទប់ស្កាត់ «ខ្លាច»ប្រជាពលរដ្ឋនាំញតិ្តទូលរឿងពិតថ្វាយព្រះមហាក្សត្រ។ ប្រជាពលរដ្ឋមួយចំនួន បានហៅការពង្រាយរបាំងបន្លាលួសទាំងនេះ ថាជាការ«ឃុំ»ព្រះមហាក្សត្រទៅវិញ។
ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ បានព្យាយាមសុំប្រតិកម្ម ពីមន្ត្រីរដ្ឋាភិបាលលោក ផៃ ស៊ីផាន ចំពោះបញ្ហាខាងលើនេះ តែទូរស័ព្ទរបស់លោកមិនអាចទំនាក់ទំនងបានទេ នៅរសៀលថ្ងៃដដែលនេះ។ ប៉ុន្តែកន្លងមក រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ក្នុងនាមអគ្គបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត តែងបានចេញលិខិតជាច្រើនដង បញ្ជាក់ពីកត្តព្វកិច្ចរបស់អាជ្ញាធរ ក្នុងការរក្សាឲ្យបាននូវសណ្ដាប់ធ្នាប់ សុវត្ថិភាពប្រជាពលរដ្ឋ និងសន្តិសុខសង្គម។
ទោះបីជាយ៉ាងណាក៏ដោយ ក៏នៅវេលាម៉ោងប្រមាណ ១២និង៥០នាទី ក្រុមមន្ត្រីព្រះបរមរាជវាំងប្រាំនាក់ ដោយមានការសម្របសម្រួល ពីអភិបាលរងរាជធានីភ្នំពេញលោក ឃួង ស្រេង ផង បានចេញមកទទួលញត្តិពីតំណាងប្រជាពលរដ្ឋ ដែលរួមមានលោក សោ ចាន់ថុក លោក យ៉ា យឿន លោក លី សុផុន និងលោក សាន ម៉ៅ ដើម្បីដាក់ទូលថ្វាយព្រះមហាក្សត្រ។ លោក ចាន់ សុវេត អនុប្រធានស៊ើបអង្កេតសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) ដែលមានវត្តមាននៅទីនោះបាននិយាយាថា ស្នាមមេដៃរបស់ប្រជាពលរដ្ឋ មានឥទិ្ធពលខ្លាំងចំពោះព្រះមហាក្សត្រ។ លោក បានថ្លែងឲ្យដឹងទៀតថា «ស្នាមមេដៃនេះជាការបង្ហាញពីឆន្ទៈរបស់ប្រជាជន។ (...) ទោះជាយ៉ាងណាក៏ដោយ ព្រះបរមរាជវាំងត្រូវតែចាត់ដំណាង មកទទួលដោយខានមិនបាន។»
តំណាងប្រជាពលរដ្ឋមួយរូប លោក សោម ចន្ទថុក បានលើកឡើងថា ស្នាមមេដៃចំនួនជាង២៦ម៉ឺននាក់នេះ បានប្រមូលក្នុងរយៈពេលមួយថ្ងៃប៉ុណ្ណោះ ពីប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ និងនៅតាមខេត្តនានាដូចជាខេត្តកំពង់ចាម សៀមរាប កំពត ស្វាយរៀង ព្រៃវែង តាកែវ និងខេត្តកណ្ដាល។ លោកបានបន្ថែមទៀតថា ស្នាមមេដៃរបស់ប្រជាពលរដ្ឋ មកពីបណ្ដាខេត្តដ៏ទៃទៀត កំពុងប្រមូលមកជាបណ្តើរៗ។
នៅក្នុងព្រឹត្តិការណ៍មួយទៀត ក្នុងថ្ងៃដដែលនេះ មានយុវជនប្រមាណជាងបីរយនាក់ បានជួបជុំគ្នានៅសួនច្បារក្បែរក្រុមប្រឹក្សាអភិវឌ្ឍន៍ (CDC) ជិតវត្តភ្នំ បានធ្វើពីធីប្រារព្ធទិវាសន្តិភាពពិភពលោកលើកទី១១ និងដើម្បីដំណើរការស្វែងរកសន្តិភាពក្នុងកម្ពុជាផង។ ក្រោមការរៀបចំចាត់ចែង របស់អង្គការកម្មវិធីអភវិឌ្ឍន៍ធនធានយុវជន (YRDP) ក្រុមយុវជនទាំងនោះ បានដើរឆ្ពោះទៅទៅកាន់ព្រះបរមរាជវាំង ដើម្បីស្នើឲ្យព្រះមហាក្សត្រ ពិចារណាទៅលើការប្រជុំសភានោះដែរ តែពួកគេត្រូវបានកងកម្លាំងសមត្ថកិច្ចហាមឃាត់។
ចំណែកឯនៅជុំវិញរមណីយដ្ឋានវត្តភ្នំវិញ ព្រះសង្ឃប្រមាណជាង៤០អង្គ ដែលមានបំណងចង់ធ្វើពិធីបួងសួងសុំសន្តិភាព ក៏ត្រូវបានកងកម្លាំងសមត្ថកិច្ចរាប់រយនាក់ រារាំងមិនឲ្យធ្វើនោះដែរ។ ច្រកចូលទៅកាន់ រមណីយដ្ឋានវត្តភ្នំ ត្រូវបានហាមឃាត់តាំងពីយប់មកម្លេះ បន្ទាប់ពីព្រះអង្គម្ចាស់មួយអង្គ ព្រះនាម ស៊ីសុវត្ថិ ធម្មិកោ បានប្រកាសធ្វើកូដកម្មតមព្រះស្ងោយ ជាមួយនឹងព្រះសង្ឃប៉ុន្មានអង្គទៀត ដើម្បីទាមទាររកយុត្តិធម៌ឲ្យពលរដ្ឋម្ចាស់ឆ្នោត។ តែកូដកម្មនេះ បានមកដល់ទីបញ្ចប់ហើយនៅថ្ងៃនេះ ដោយព្រះអង្គម្ចាស់បានថ្លែងថា ព្រះអង្គត្រូវបានរំខានដោយក្រុមអាជ្ញាធរ៕
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី២១ កញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ