ទស្សនៈអ្នកប្រាជ្ញជុំវិញអត្ថន័យ នៃ«នយោបាយ»
- ដោយ: មនោរម្យ.អាំងហ្វូ
- កែប្រែចុងក្រោយ: September 21, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅក្នុងអត្ថបទមុន យើងបានបកស្រាយរួចហើយ ស្ដីពី«នយោបាយ» ដែលអត្ថន័យរបស់វា ត្រូវបានកំណត់ទៅតាមរបបគ្រប់គ្រងរដ្ឋនីមួយៗ ក្នុងនោះដូចជារបបគ្រប់គ្រងរដ្ឋ តាមបែបប្រជាធិបតេយ្យសេរី ឬកុំម្មុយនីសជាដើម។ នៅក្នុងអត្ថបទនេះ យើងសូមលើកយកនូវទស្សនៈ របស់ទស្សនវិទូល្បីៗ មានដូចជា លោក ប្លាតុង និង លោក អារីស្តូត ជាដើម មកបកស្រាយបន្តទៀត ជុំវិញអត្ថន័យនៃ«នយោបាយ»។
លោក ប្លាតុង (ខាងឆ្វេង) និងកូនសិស្សលោក អារីស្តូត ជាទស្សនៈវិទូ និងអ្នកប្រាជ្ញក្រិច ជំនាន់ដើម។ (រូបថតឯកសារ ចម្លងចេញពីគំនូរបូរាណ)
រាជធានីភ្នំពេញ - សម្រាប់លោក ប្លាតុង (Platon) ដែលជាកូនសិស្សរបស់លោក សូក្រាត (Socrate) និងត្រូវជាគ្រូរបស់លោក អារីស្តូត (Aristote) បានឲ្យនិយមន័យនយោបាយថា «នយោបាយគឺជាសិល្បៈ ដើម្បីរស់នៅទំាងអស់គ្នា»។ នៅក្នុងន័យនេះ លោក ប្លាតុង (៤២៧ -៣៤៧ មុនគ្រឹស្ទ៍សករាជ) ចង់បង្ហាញពីភាពចាំបាច់ ដែលទាញយកអំពីព្រឹត្តិការណ៍ពិតៗ ដែលបានកើតមានឡើង នៅក្នុងសង្គមមនុស្ស ពោលគឺប្រសិនបើគ្មាននយោបាយទេ មិនអាចមានមនុស្សឡើយ។ មនុស្សទាំងឡាយមានភាពខុសៗគ្នាទាំងអស់ ខ្លះគ្រប់ទឹក ខ្លះមិនគ្រប់ទឹក ខ្លះល្អមានគុណធម៌ និងខ្លះអាក្រក់ជួរជាតិ ហើយខ្លះទៀតគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន គឺអត្តទត្ថបុគ្គល ដែលជាហេតុនាំឲ្យពិបាករស់នៅជាមួយគ្នាណាស់។
ក៏ប៉ុន្តែស្របពេលដែល ពួកគេមានភាពខុសគ្នាបែបនេះ ពួកគេបែជា«ត្រូវការគ្នា»ទៅវិញទៅមក ដោយជៀសមិនរួច ហើយវាក៏ជាក្រិតក្រមធម្មជាតិ ដែលមនុស្សទាំងអស់មិនអាចរស់នៅតែម្នាក់ឯងបានឡើយ គឺត្រូវតែរស់នៅក្នុងសង្គម ដែលមានការខ្វែងគំនិតគ្នានោះជានិច្ច និងតែងតែកើតមានជំលោះរវាងគ្នានឹងគ្នា នៅក្នុងការទាក់ទងគ្នា ទៅវិញទៅមក។ ដូច្នេះហើយនយោបាយ អាចជួយឲ្យមនុស្សអាចធ្វើអ្វីៗ ប្រកបដោយសុភវិនិច្ឆ័យ មានមនុស្សធម៌ និងបែបជឿនលឿន។
ក្រោយមក សិស្សរបស់លោក ប្លាតុង គឺលោក អារីស្តូត (៣៨៤ - ៣២២ មុនគ្រឹស្ទ៍សករាជ) បានឲ្យនិយមន័យនយោបាយទៀតថា នយោបាយ «គឺជាអ្វីដែលរដ្ឋបានធ្វើ និងអាចនឹងធ្វើ» ។ ឃ្លាដែលនិយាយថា អ្វីដែលរដ្ឋបានធ្វើ គឺមានន័យគ្របដណ្តប់ ទៅលើកិច្ចការនានាទាំងអស់ ដែលរដ្ឋបានធ្វើរួចហើយ រួមទាំងការបញ្ញតិច្បាប់ និងវិន័យនានារបស់សង្គម ការបង្គាប់ឲ្យប្រើច្បាប់ និងវិន័យ ការបែងចែក ភារកិច្ចឲ្យសមាជិកក្នុងសង្គម រហូតដល់ការថែរក្សាសង្គមឲ្យមានសុខសន្តិភាព។ ឃ្លាទាំងពីរខាងលើ មានន័យនិយាយមកយ៉ាងខ្លី សង្កត់ធ្ងន់ពីអំណាចដ៏ខ្ពង់ខ្ពស់បំផុត ដែលរដ្ឋនឹងធ្វើនួវអ្វីៗ រួមទាំងអំណាចដែលនឹងធ្វើនូវអ្វីៗនាពេលអនាគតទៀតផង។
លោក អារីស្តូត បានបញ្ជាក់និយមមន័យ នៃ«នយោបាយ» បន្ថែមទៀតថា «វាគឺជាកិច្ចការទំនាក់ទំនង របស់ប្រជាពលរដ្ឋនៅក្នុងប្រទេស ឬបូរី»។
សម្រាប់ទស្សនៈរបស់លោក វ្លាឌីលេន សេម៉ូណូវិច ស៊ែប៊ិន (Vladilen Semonovich Serbin) នយោបាយវិទូរបស់រុស្ស៊ី «នយោបាយ» មានន័យកាន់តែច្បាស់ ដោយលោកបានពន្យល់ថា «នយោបាយ គឺជាកិច្ចការទំនាក់ទំនងរបស់មនុស្ស របស់សង្គម របស់វណ្ណៈ ក្នុងគោលដៅប្រកូតប្រជែងគ្នា ឬតស៊ូដើម្បីយកឈ្នះចាញ់គ្នា ដើម្បីទទួលបានផលប្រយោជន៍ពោលគឺអំណាចមកកាន់កាប់នៅក្នុងដៃ និងគ្រប់គ្រងដឹកនាំប្រទេស»។
មនុស្សភាគច្រើនយល់ថា នយោបាយគឺជាការងារបោកប្រាស់ ការងារខ្មៅកខ្វក់ ឬនយោបាយ គឺជានយោបោក ហើយមានអ្នកខ្លះទៀតយល់ថា នយោបាយ គឺជាអាវុធមុខពីរជាដើម។ រហូតដល់មានបុគ្គលខ្លះ ពោលថា «មនុស្សមិនត្រូវការនយោបាយទេ ពីព្រោះនយោបាយជាការងារកខ្វក់» ហើយជានិច្ចកាល ពាក់ព័ន្ធនឹងការភូតភរបោកប្រាស់ ការកេងប្រវ័ញ្ចរកផលប្រយោជន៍ផ្ទាល់ខ្លួន ដោយប្រឈមមុខស៊ីសាច់ ហុចឈាមជាមួយគូរបដិបក្ខមិនលែង។
យ៉ាងណាក៏ដោយ ទោះបីជាមនុស្សម្នាក់ៗ បានឲ្យនិយមន័យនយោបាយផ្សេងៗគ្នាក្តី គឺវាសុទ្ធតែមានទំនាក់ទំនងជាមួយនឹងអំណាចរដ្ឋទាំងអស់។ អំណាចរដ្ឋនេះ មិនមែនជាអំណាចធម្មតាទេ តែជាអំណាចខ្ពស់បំផុតរបស់រដ្ឋ ឬអាចនិយាយថា របស់ផែនដី។ ដូច្នេះ តើអំណាចខាងនយោបាយ ប្រើប្រាស់ដើម្បីផលប្រយោជន៍របស់នរណា?
ជាទូទៅ មេដឹកនាំគ្រប់របបទាំងអស់ ឲ្យតែខ្លួននៅកាន់កាប់អំណាច ឬដឹកនាំប្រទេសតែងតែអះអាងថា ខ្លួននឹងយកអំណាចទាំងនេះ ដើម្បីទៅបម្រើផលប្រយោជន៍របស់ប្រជាជន មិនបម្រើផលប្រយោជន៍ខ្លួនឯង បក្សពួក គ្រួសានោះទេ ទោះបីជានៅក្នុងទិដ្ឋភាពជាក់ស្តែង ខ្លូនកំពុងតែធ្វើសកម្មភាពដែលផ្ទុយពីការ អះអាងក៏ដោយ។ តែនៅក្នុងប្រវត្តិសាស្រ្ត បានបង្ហាញយ៉ាងច្បាស់ណាស់ថា មេដឹកនាំដែលកាន់កាប់អំណាចដឹកនាំស្រុកទេស ដែលបម្រើតែផលប្រយោជន៍ខ្លួនឯង បក្សពួកនិយមមិនបម្រើផលប្រយោជន៍ប្រជាជន មិនដែលរក្សាដំណែងបានយូរនោះទេ នៅទីបញ្ចប់ទៅតែងតែប្រជាជនាំគ្នាក្រោកឈរឡើង ដើម្បីផ្តួលរលំរដ្ឋាភិបាលរបស់មេដឹកនាំនោះ។ ប្រសិនបើមេដឹកនាំ ដែលគិតពីផលប្រយោជន៍ប្រជាជនជាធំ ដើម្បីប្រទេសរីក ចម្រើន មិនគិតពីខ្លួនឯង និងគ្រូសារនោះ តែងតែដឹកនាំប្រទេសបានយូរ និងថែមទាំងទទួលបានក្តីស្រ ឡាញ់ពេញចិត្តពីប្រជាពលរដ្ឋ និងមានឈ្មោះបោះសម្លេងចារក្នុងប្រវត្តិសាស្ត្រទៀតផង។
ដូច្នេះសរុបមក «នយោបាយ មានសេចក្តីថា គឺជាការចាត់ចែងអំណាច ដើម្បីផលប្រយោជន៍ និងសេចក្តីសុខចម្រើនប្រជាជន»។ នយោបាយ គឺជាឧបាយក្នុងការដឹកនាំសង្គមមនុស្ស ឲ្យដើរឆ្ពោះទៅរកគោលដៅណាមួយ ។ គ្រប់អ្នកនយោបាយ ដែលបានកាន់កាប់វាសនាប្រទេសជាតិ ត្រូវមានកាតព្វកិច្ច រិះរកឧបាយ យុទ្ធសាស្រ្តគ្រប់បែបយ៉ាង ដើម្បីឲ្យប្រទេសជាតិ មានការរីកចំរើន គង់វង់យូរអង្វែង ព្រមទាំងបានប្រកបដោយសេចក្តីសុខចំរើន គ្រប់វិស័យទៀតផង ។ នយោបាយមានតួរនាទីសំខាន់ ក្នុងការដឹកនាំប្រទេសជាតិ ពីព្រោះវាមានឥទ្ធិពលខ្លាំង ទៅលើវិស័យនានា នៅក្នុងសង្គមមនុស្ស ដូចជាវិស័យខាង នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ជាដើម ។
ដោយឡែក ពលរដ្ឋគ្រប់រូប ក៏ត្រូវយល់ឲ្យច្បាស់ពី«វប្បធម៌នយោបាយ» នៃការគ្រប់គ្រងរដ្ឋដោយក្រុមឬអ្នកនយោបាយណាមួយនោះដែរ។ ក្នុងនាមជាពលរដ្ឋមួយរូប មិនត្រូវទុកឲ្យអ្នកនយោបាយ ចាត់ទុកខ្លួនគឺជាមនុស្សយន្ត ដែលគេអាចប្រើប្រាស់ សង្កត់សង្កិត ឬធ្វើបាប តាមតែចិត្តរបស់អ្នកនយោបាយចង់ធ្វើនោះឡើយ។ ពលរដ្ឋគ្រប់រូបត្រូវមានចំណេះដឹង ផ្នែកសង្គមនយោបាយ ហើយត្រូវតាមដានព័ត៌មាន ដែលជាប់ពាក់ព័ន្ធនឹងបច្ចុប្បន្នភាពនយោបាយនៅក្នុងប្រទេស ក៏ដូចជាក្នុងពិភពលោកទាំងមូលផងដែរ ដើម្បីជៀសវាងការចាញ់បោកអ្នកនយោបាយ។
(សូមរងចាំអានបន្តទៀត៖ យើងនឹងលើកយកប្រធានបទស្តីពី តើនយោបាយមានកំហុសឬទេ មកជម្រាបជូន ក្នុងអត្ថបទលើកក្រោយ)
---------------------------------
ដោយ៖ ជា ធីរិទ្ធ - ភ្នំពេញថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ