ហ៊ុន សែន៖ «អាគុក» ជាភាសាសាមញ្ញ
- ដោយ: ដារា រិទ្ធ អត្ថបទ និងយកការណ៍៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី០១ កក្កដា ២០១៦
- កែប្រែចុងក្រោយ: July 02, 2016
- ប្រធានបទ: នយោបាយ-កម្ពុជា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បើសិនជាលោក ហ៊ុន សែន បានប្រើពាក្យ «អាគុក ចុយ អាម៉ឹង» នៅក្នុងប្រសាសន៍របស់លោក កាលពីចុងខែមិថុនាកន្លងមកនោះ វាគឺជាកំហុសរបស់អ្នកដែលចាក់ក្រឡេក និងញុះឲ្យលោកខឹង។ នាយករដ្ឋមន្ត្រីកម្ពុជា ថែមទាំងបានការពារ នូវពាក្យ«អាគុក»របស់លោក ថាជាភាសាសាមញ្ញ របស់ពលរដ្ឋខ្មែរនោះទៀតផង។
ថ្លែងនៅក្នុងទិវាមច្ឆាជាតិ នៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦នេះ លោក ហ៊ុន សែន បានដំណាលរឿង មកនិយាយជាឧទាហរណ៍ ហើយបានចាប់បង្ខំ ឲ្យអ្នកតំណាងការទូតទាំងឡាយ ដែលមានវត្តមាននៅទីនោះ ថាត្រូវតែកត់ត្រា នូវការបកស្រាយរបស់លោក ក្នុងការវែកញែករកអ្នកខុស និងអ្នកត្រូវ រវាងអ្នកចាក់ក្រឡេក អ្នកញុះលោក និងអ្នកភ្ញាក់ជេរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងឡើងថា៖ «ពីរនាក់កំពុងតែដើរស្ងៀមស្ងាត់ ស្រាប់តែតាង៉នស្រែកថា អើ អាឈិន! ហ្អែងភ័យ ហ្អែងជិតងាប់ហើយ! ដល់ឯណោះឆ្លើយត្រឡប់មកវិញ ស្អីអាគុក? ឥឡូវសុំសួរ តើអ្នកស្រែកមុនថា ហ្អែងភ័យ ហ្អែងជិតងាប់ហើយ (ឬ) អ្នកជេរត្រឡប់មកវិញថា អាគុក! ព្រោះខ្មែរយើងច្រើនថា ជួនកាលអាគុក ភាសាអ្នកស្រែ និយាយរួមភាសាសាមញ្ញគ្មានអីលើសពីអាគុកទេ។ ប៉ុន្តែឥឡូវសុំសួរ តើអ្នកដែលទៅញុះគេ ជាអ្នកខុស ឬអ្នកជេរជាអ្នកខុស? អាញុះគេថា គេភ័យជិតងាប់អាហ្នឹងអ្នកខុស។»។
កាលពីព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦នេះ នៅក្នុងពិធីរំលឹកខួបទី ៦៥ឆ្នាំ នៃការបង្កើតស្ថាប័នគយ និងរដ្ឋាករកម្ពុជា នាយករដ្ឋមន្ត្រីកម្ពុជាបានប្រើពាក្យ «អាគុក ចុយ អាម៉ឹង» ដើម្បីប្រតិកម្ម ទៅនឹងកិច្ចសម្ភាសមួយ របស់លោក កឹម សុខា អនុប្រធាន (សព្វថ្ងៃជាប្រធានស្ដីទី) គណបក្សសង្គ្រោះជាតិ ដែលផ្ដល់ទៅឲ្យទីភ្នាក់ងាររ៉យទ័រ (Reuters) ថាលោក ហ៊ុន សែន សព្វថ្ងៃកំពុង«ភ័យខ្លាច» ក្នុងការចាញ់ឆ្នោត នាពេលខាងមុខ។
លោកនាយករដ្ឋមន្ត្រី បានថ្លែងឡើង ក្នុងពិធីរំលឹកខួបនោះថា៖ «អាគុក កុំព្រហើន! (...) ខ្លួនឯងកំពុងឃុំខ្លួនឯង សោះណ្នឹងណា (...) បើលោកមិនទៅរកគុក ក៏គុកមករកលោកឯងដែរ អាណ្នឹងខ្ញុំប្រាប់ឲ្យហើយទៅ។ (...) កំុព្រហើន សុទ្ធតែសម្ភាសជាមួយ រ៉យទ័រ។ យប់ម៉ិញខ្ញុំថា ចុយ អាម្សៀរនេះកំពុងតែភ័យ មិនទាំងហ៊ានចេញចុះមកក្រោមផង ខ្លាចតែគេទៅចាប់ទៀត ហើយមកថាលោក ហ៊ុន សែន ភ័យ។»។
មកដល់ពេលនេះ គេមិនទាន់ឃើញមានប្រតិកម្មជាផ្លូវការណាមួយ ចេញពីគណបក្សសង្គ្រោះជាតិ ឬចេញពីលោក កឹម សុខា ផ្ទាល់នោះនៅឡើយ។
ប៉ុន្តែប្រតិកម្មរបស់លោក ហ៊ុន សែន តាមរយៈពាក្យសំដីខាងលើនេះ បានរងការរិះគន់ខ្លាំងក្លា ពីបណ្ដាអ្នកប្រើប្រាស់បណ្ដាញសង្គម។ ពួកគេមួយចំនួនបានស្រងាកចិត្ត នឹងភាសានេះ និងខ្លះទៀតបានលើកឡើងថា ដោយសារភាសាមិនពិរោះស្តាប់ ពីសំណាក់មេដឹកនាំ និងអ្នកជិតដិតនឹងមេដឹកនាំនេះហើយ ទើបបានធ្វើឲ្យគណបក្សប្រជាជនកម្ពុជា បាត់បង់កៅអីសភារាប់សិប នៅក្នុងការបោះឆ្នោតឆ្នាំ២០១៣។ តែសម្រាប់អ្នកដែលមានសមានចិត្ត ជាមួយលោក ហ៊ុន សែន បានជួយពន្យល់ថា ភាសា «ចុយ អាគុក អាម៉ឹង» របស់លោកនាយករដ្ឋមន្ត្រី បានសំដៅទៅលើតែបុគ្គលមួយ ដែលបានមក«ចាក់»លោក ឲ្យ«លោត»មុនតែប៉ុណ្ណោះ។ ការពន្យល់នេះ មិនខុសគ្នាប៉ុន្មានពីការបកស្រាយខាងលើ របស់លោក ហ៊ុន សែន នោះឡើយ៕