នេត សាវឿន៖ «បាតុកម្ម» ព្រោះអ្នកនយោបាយ និងសង្គមស៊ីវិលលូកដៃ
នៅក្នុងដើមឆ្នាំ២០១៤នេះ ក្រោយពីនយោបាយបានបន្តជាប់គាំង យ៉ាងហោចណាស់ក៏មានកូដកម្ម និងបាតុកម្ម បានកើតឡើងចំនួន៨៤២ករណី បណ្តាលមកពីសកម្មភាពមួយចំនួន មានការវិវត្តន៍ ប្រែប្រួលស្មុគស្មាញ ដោយសារមានការលូកដៃចូលពីអ្នកនយោបាយ សង្គមស៊ីវិល និង សហជីពមួយចំនួន។ នេះ បើយោងទៅតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
ការពង្រាយកងកម្លាំងបង្ក្រាបកុបកម្ម នៅក្បែរទីលានប្រជាធិបតេយ្យ ថ្ងៃទី០៨ ខែមីនា ឆ្នាំ ២០១៤។ (រូបថត MONOROOM.info/ Channita)
----------------------------
ដោយ គិន ង៉ុយ (ទំនាក់ទំនង [email protected]) - ភ្នំពេញ ថ្ងៃទី១៤ ឧសភា ២០១៤
----------------------------
សន្តិសុខ - យោងតាមរបាយការណ៍ របស់លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលបានចេញផ្សាយនៅថ្ងៃទី១៤ ខែឧសភា នៅក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ លើកទី៦៩ ថ្ងៃបង្កើតកងកម្លាំងនគរបាលជាតិកម្ពុជា បានឲ្យដឹងថា នៅក្នុងរយៈពេល៥ខែ ឆ្នាំ២០១៤ នេះ នៅកម្ពុជា មានបញ្ហាមួយចំនួនបានកើតមានឡើង ជាបន្តបន្ទាប់ដូចជា ទំនាស់ដីធ្លី ការតាំងទីលំនៅ ការគោរពសិទ្ធិមនុស្ស ការអនុវត្តច្បាប់ការងារ ដោយមានការលូកដៃពីអ្នកនយោបាយ សង្គមស៊ីវិល និងសហជីពមួយចំនួន បង្កើតឲ្យមានបាតុកម្ម និងកូដកម្ម រហូតទៅដល់ ៨៤២លើក ។ ក្នុងនោះ មានករណីមួយចំនួន បានឈានទៅដល់អំពើហិង្សា និងការបិទផ្លូវសាធារណៈ ជាពិសេសនៅដំណាក់កាល ចុងក្រោយ បានប្រែក្លាយទៅជាបែបផែន កុប្បកម្មបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិសាធារណៈ ទ្រព្យសម្បត្តិឯកជន គំរាម ដុតបំផ្លាញរោងចក្រ គំរាមកំហែងអាយុ ជីវិតអ្នកវិនិយោគ និងបានវាយប្រហារមកលើកម្លាំង សមត្ថកិច្ច ។
នៅក្នុងរបាយការណ៍បានបន្តទៀតថា៖ «សភាពការណ៍ដ៏លំបាកនេះ កម្លាំងនគរបាល បានស៊ូទ្រាំអត់ធ្មត់ ចំពោះពាក្យជេរតិះដៀល អសុរស ការគប់ដុំថ្ម ដំបង និងគ្រាប់បែកសាំង រហូតដល់មានរបួសស្នាមជាច្រើននាក់ ទើបបង្ខំឲ្យមានការសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ពិសេសកងរាជអាវុធហត្ថ ចាត់វិធានការតាមតួនាទី ដែលច្បាប់បានប្រគល់អំណាចឲ្យដើម្បី ការពារ អាយុ ជីវិត ទ្រព្យសម្បត្តិ ប្រឆាំងតបនឹងឧបាយកល ដ៏ពិសពុល រក្សា បានមកវិញ នូវ របៀបរៀបរយសង្គម សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ និងធ្វើឲ្យជីវភាពសង្គម វិលមកកាន់ប្រក្រតីភាពឡើងវិញ»។
នៅក្នុងរបាយការណ៍បានលើកឡើងទៀតថា នៅក្នុងព្រឹត្តិការណ៍ មានបាតុកម្មនិងកូដកម្មនៅទូទាំងប្រទេស កាលពីដើមខែមករា ឆ្នាំ២០១៤នេះ បាន ឃាត់ខ្លួនជនអាណាធិបតេយ្យ ២៣នាក់ និងបានសហការស៊ើបអង្កេត ស្រាវជ្រាវចាប់ខ្លួន ជនល្មើស ៧នាក់ ជាសកម្មជនក្នុងចលនាអំណាចខ្មែរ ពីបទញុះញង់កងកម្លាំងប្រដាប់អាវុធ ឲ្យផ្តួលរលំរាជរដ្ឋាភិបាល បញ្ជូនទៅតុលាការវិនិច្ឆ័យទោស តាមច្បាប់ ។
ព្រឹត្តិការណ៍នៅវ៉េងស្រេង ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O.Vary)
លោក គៀត ច័ន្ធថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងឲ្យដឹងថា ការធ្វើការតវ៉ាដែលមានចំនួនច្រើននោះ គឺអាជ្ញាធរបានធ្វើការរាប់បញ្ចូលទូទាំងប្រទេស ដែលបានកើតឡើង ដូចជាការប្រមូលផ្តុំតវ៉ារបស់ប្រជាពលរដ្ឋទាក់ទងរឿងដីធ្លី ការតវ៉ារបស់កម្មករ កម្មការិនី ការតវ៉ារបស់គណបក្សនយោបាយជាដើម។ លោកបានថ្លែងឲ្យដឹងថា៖ «រាល់ការតវ៉ា តែងតែមានកំលាំងប៉ូលីសនោះ គឺដោយសារប៉ូលីសត្រូវតែការសន្តិសុខសណ្តាប់ធ្នាប់សង្គម ដូច្នេះប៉ូលីសត្រូវតែទៅមុនមួយជំហាន ប្រសិនបើមិនមានរឿងអីកើតឡើងទេ គឺវាមិនបញ្ហាទេ ប៉ុន្តែបើមានរឿងអីកើតឡើង ដែលបង្ករឲ្យមានមនុស្សស្លាប់ និងមហន្តរាយដល់សង្គម យើងទប់ស្កាត់មិនបាននោះ គឺជាកំហុសដ៏ធ្ងន់របស់ប៉ូលីសយើង»។
បើយោងតាមរបាយការណ៍ របស់អង្គការសិទ្ធិមនុស្សលីកាដូ បានឲ្យដឹងថា មកទល់ពេលនេះ មានមនុស្សរបួសប្រមាណ ១០០នាក់ ស្លាប់ ៦នាក់ បាត់ខ្លួនម្នាក់ និងជាប់ពន្ធនាគារជាង ២០នាក់ ដែលតុលាការកំពុងតែដំណើរការនីតិវិធីកាត់ក្ដីនៅឡើយ អំពើហិង្សាទាំងនោះបានកើតមានជាហូរហែ ដែលកើតចេញពីការជាប់គាំងនយោបាយ ក្រោយការបោះឆ្នោតសភានីតិកាលទី៥ បណ្តាលឲ្យប្រជាពលរដ្ឋ និងក្រុមសមត្ថកិច្ចបានប្រឈមដាក់គ្នា។
លោក អំ សំអាត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់ របស់អង្គការការពារសិទ្ធិមនុស្សលីកាដូ បានថ្លែងឲ្យដឹងថា កន្លងមកនេះការតវ៉ាបានកើតមានឡើងច្រើនមែន ដូច្នេះរដ្ឋាភិបាលត្រូវរកពីមូលហេតុ ដែលបណ្តាលឲ្យកម្មករ និងពលរដ្ឋចេញមុខមកតវ៉ា មិនមែនដើរទៅចោទក្រុមអង្គការសង្គមស៊ីវិល សហជីពនោះទេ សួរថាតើប្រាក់ខែ ៧៣ដុល្លារគាត់អាចរស់បានទេ ជាមួយតំលៃទំនិញធម្មតា ហើយបើមិនយកដីពួកគាត់ទេ ថាតើគាត់តវ៉ាទេ នេះគឺជាការទទួលខុសត្រូវរបស់រដ្ឋាភិបាល។ លោកបានថ្លែងឲ្យដឹងទៀតថា ៖ «ហឹង្សាដែលកើតឡើ នៅពេលតវ៉ា គឺដោយសារតែកំលាំងសមត្ថកិច្ចជាអ្នកបង្ករ។ រដ្ឋាភិបាលគួរតែធ្វើការស៊ើបអង្កេត រកជនដែលបង្ករហេតុទាំងនោះ មកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ដើម្បីផ្តល់យុត្តធិម៌ដល់ជនរងគ្រោះ ជៀសជាងដើរចោទប្រកាន់អង្គការក្រៅរដ្ឋាភិបាល។ យើងគឺជាដៃគូរ ធ្វើការជាមួយរដ្ឋាភិបាល ដែលធ្វើការចន្លោះប្រហោង។»
បើយោងទៅតាម ការចេញផ្សាយសេចក្តីសម្រង់ របកគំហើញរបស់គណៈកម្មការវាយតម្លៃការខូតខាត ដែលបង្កឡើងដោយបាតុកម្ម របស់ក្រសួងមហាផ្ទៃ ដែលបានចេញផ្សាយកាលពីថ្ងៃទី២៦ ខែ មិនា ឲ្យដឹងថា ចាប់តាំងថ្ងៃធ្វើបាតុកម្ម ក្រោយការបោះឆ្នោត ថ្ងៃទី២៨កក្កដា ឆ្នាំ២០១៣ មានមនុស្សចំនួន៤នាក់បានស្លាប់ ប្រជាពលរដ្ឋនិងកំលាំងសមត្ថកិច្ចចំនួន ៦៤នាក់បានរងរបួសនិង មនុស្ស ២៣នាក់បានឃាត់ខ្លួន ព្រមទាំងខូខាតទ្រព្យសម្បតិ្ត សាធារណៈរបស់រដ្ឋ និងទ្រព្យសម្បត្តិរបស់ឯកជន នៅរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្តចំនួន ជិត១០០លានដុល្លារ៕